30 C
Phnom Penh

តុលាការគ្រោងនឹងប្រកាសសាលក្រមសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ របស់អតីតមន្ត្រីបក្សប្រឆាំង ២នាក់ នៅដើមខែមីនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការគ្រោងនឹងប្រកាសសាលក្រម សំណុំរឿងអតីតសមាជិកសកម្មរបស់គណបក្សសង្រ្គោះជាតិខេត្តបាត់ដំបងចំនួន២នាក់ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រនៅដើមខែមីនា ខាងមុខនេះ។

ក្នុងសវនាការជំនុំជម្រះលើជនជាប់ចោទទាំង២នាក់ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យដឹងថា សំណុំរឿងអតីតមន្ត្រីមូលដ្ឋានគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង ពីរនាក់ គឺលោក គង់ ប៊ុនហ៊ាង និងលោក ហង្ស សេង ដែលពាក់ព័ន្ធនឹងការជេរប្រមាថចំពោះអង្គព្រះមហាក្សត្រ នឹងត្រូវប្រកាសនៅថ្ងៃទី២ខែមិនា ឆ្នាំ២០២១ខាងមុខនេះ។

អតីតសមាជិកប្រតិបត្តិនៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង លោកគង់ ប៊ុនហ៊ាង អាយុ ៦៦ឆ្នាំ ត្រូវបានកម្លាំងនគរបាល ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

ចំណែកអតីតសមាជិកប្រតិបត្តិ នៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបងលោក ហង្ស សេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

ការឃាត់ពួកគេទាំង ២នាក់ ក្រោយពេលសកម្មកិច្ចរកឃើញថាពួកគេបានប្រមាថចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ក្រោយមកនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០  ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក កេត សុជាតិ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ គង់ ប៊ុនហ៊ាង និង ហង្ស សេង ទៅដាក់ឃុំនៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំវិនិច្ឆ័យទោសតាមកំណត់របស់នីតិវិធី ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រនេះ។

រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ព្រះរាជអាជ្ញារងក្រុងភ្នំពេញលោក សេង ហៀង បានសម្រេចចោទប្រកាន់ពួកគេពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ យោងតាមមាត្រា ៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលពី១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ទៅ ១០ លានរៀល។ មិនត្រឹមតែអតីតមន្ត្រីមូលដ្ឋានពីខាងបក្សប្រឆាំងដែលរងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនោះទេ សូម្បីតែអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ក៏រងបណ្តឹងប្រមាថព្រះមហាក្សត្រក្សត្រខ្មែរម្តងជាពីរដងផងដែរ។

លោក សម រង្ស៊ី មិនត្រឹមតែព្រមាថព្រះអង្គនោះទេ ប៉ុន្តែលោកក៏សូមយាងឱ្យព្រះមហាក្សត្រខ្មែរដាក់រាជ្យសម្បត្តិតែម្តង ព្រោះព្រះអង្គមិនបានបំពេញព្រះរាជតួនាទីស្របតាមរដ្ឋធម្មនុញ្ញ និងមិនបានបម្រើនូវឧត្តមប្រយោជន៍ជាតិនិងរាស្ត្រនោះឡើយ។

ករណីប្រមាថអង្គព្រះមហាក្សត្រខ្មែរនេះ លោក ហ៊ុន សែន ក៏ធ្លាប់ប្រមាថ និងគំរាមព្រះអង្គ ដោយថានឹងប្តូររបបរាជានិយមទៅជាសាធារណៈរដ្ឋប្រសិនបើព្រះអង្គមិនព្រមចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមរឿងព្រំដែនជាមួយវៀតណាមកាលពីឆ្នាំ២០០៥ជាដើម។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់លើកឡើងថាអង្គព្រះមហាក្សត្រមិនគួររងការជេរប្រមាថនោះទេ ប៉ុន្តែអ្នកនយោបាយខ្មែរគួរតែនាំគ្នាជំរុញឱ្យមានការប្រគល់ព្រះរាជតួនាទី និងសិទ្ធិពេញលេញថ្វាយព្រះអង្គវិញទើបជារឿងប្រសើរ និងត្រឹមត្រូវ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស