34 C
Phnom Penh

ប្រមុខរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ បង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដើម្បីគ្រប់គ្រងសន្តិសុខជាតិឲ្យមានប្រសិទ្ធិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្រេចបង្កើត ច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិតក្នុងប្រទេសឲ្យកាន់តែមានប្រសិទ្ធិភាព។

ការអះអាងនេះធ្វើឡើងតាមរយៈអនុក្រឹត្យមួយ ស្តីពីការបើកទ្វារ អ៊ីនធឺណិតជាតិ សមា្រប់កម្ពុជាដើម្បីគ្រប់គ្រងបណ្តាញទំនាក់ទំនងឲ្យកាន់តែងាយស្រួល និងមានប្រសិទ្ធិភាពកាន់តែខ្លាំងបន្ថែមទៀត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលមាន ១៩មាត្រា និង១១ជំពូក ដែលចែងអំពីគោលបំណងដើម្បីពង្រឹងប្រសិទ្ធិភាព និងសក្កិសិទ្ធភាពនៃការគៀងគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណិជាតិផងដែរ។

ប្រភពដដែល បានអះអាងថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញប្រតិបត្តិការ   សេវាអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងអាចធានាបាននូវសន្តិសុខជាតិទៀតផង។

កាលពីចុងខែតុលា ឆ្នាំ២០២០ កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ចេញសារសំលេងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក ហូ វ៉ាន់ ដោយលោក ហ៊ុន សែន អះអាងថា ក្រុមរបស់លោកជាអ្នកយកចេញតាមបណ្តាញប្រើប្រាស់ អ៊ីនធឺណិត ដែលជាផែនការក្នុងការប្រមូលផ្តុំអ្នកគាំទ្របក្សប្រឆាំងនៅក្នុងស្រុកដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក។

បញ្ហានេះ លោក ហ៊ុន សែន បានព្រមានថា បើចង់ឲ្យក្រុមគ្រួសាររបស់ពួកគេបានសេចក្តីសុខ សូមកុំធ្វើអ្វីដែលហូសហេតុពេក ត្បិតក្រុមគ្រួសារបស់ពួកគេកំពុងរស់នៅរាជធានីភ្នំពេញនៅឡើយ ដូច្នេះបើពួកគេនៅតែប្រព្រឹត្តអំពើក្បត់ក្នុងបំណងដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកបន្តទៀត តុលាការនឹងចាត់ការតាមនីតិវិធីច្បាប់ទៅលើក្រុមគ្រួសាររបស់ពួកគេជាក់ជាមិនខាន។

ទិន្នន័យអង្គការសង្គមស៊ីវិល បង្ហាញថា ចាប់តាំងពីឆ្នាំ២០១៩ មក អតីតសកម្មជន និងចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សប្រឆាំងជាង ១០០នាក់ នៅតាមបណ្តាខេត្តមួយចំនួន ត្រូវបាន តុលាការ និងនគរបាលហៅទៅសាកសួរពាក់ព័ន្ធទៅនឹងការផ្ញើសារលើបណ្តាញសង្គម ដែលបានចោទថាបានបំពានទៅនឹងបំរាមរបស់តុលាការ ។

ក្រុមអ្នកសង្កេតការណ៍ បានរិះគន់លើចំណាត់ការរបស់អាជ្ញាធរនេះថា ជាការរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋ ផ្ទុយទៅច្បាប់រដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ខណៈសេរីភាពនៃការបញ្ចេញមតិលើបណ្តាញសង្គមត្រូវបានរឹតត្បិតទៅលើមនុស្សមួយចំនួន ដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល ស្របពេលជម្លោះនយោបាយមិនមានការថមថយនៅឡើយ។

មាត្រា៣៤ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកមានការព្រួយបារម្ភពីការបង្កើតអនុក្រឹត្យនេះយ៉ាងខ្លាំង ព្រោះខ្លឹមសាររបស់អនុក្រឹត្យដែលបានចែងហាក់គាំទ្រទៅនឹងសកម្មភាពរបស់រដ្ឋាភិបាលដែលតែង ទំលាយសារសំលេងក្រុមប្រឆាំង តាមដាន និងបង្ក្រាបលើសកម្មជនបក្សជំទាស់តាមរយៈសាររបស់ពួកគេលើបណ្តាញអ៊ីនធឺណិតកន្លងមក ដោយចោទពីបទមានបំណងផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន ជាដើម។

លោក អះអាងថា ការចេញអនុក្រឹត្យបន្ថែមលើខ្លឹមសាច្បាប់ដើម្បីគ្រប់គ្រងលើបណ្តាញ អ៊ីនធឺណិត គឺជារឿងត្រឹមត្រូវដើម្បីការពារសន្តិសុខជាតិ និងគ្រប់គ្រង អ្នកប្រើប្រាស់បណ្តាញសង្គម ឲ្យមានសណ្តាប់ធ្នាប់ល្អ ដោយជៀសការផ្សព្វផ្សាយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ប៉ុន្តែការសម្រេចដោយរដ្ឋាភិបាលឯកបក្ស ដែលមានឥទ្ធិពលគ្រប់គ្រងលើអំណាចធំៗទាំង៣របស់ប្រទេសបែបនេះ គឺមិនមានតម្លាភាពនោះទេ។

លោក បន្តថា អនុក្រឹត្យនេះមានខ្លឹមសារបង្កប់ន័យយោបាយដើម្បីតាមដានបណ្តាញក្រុមប្រឆាំង ជាជាងការ ការពាររៀបចំសណ្តាប់ធ្នាប់សង្គមដោយត្រឹមត្រូវដែលមានចែងក្នុងអនុក្រឹត្យនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស