32 C
Phnom Penh

មន្ត្រីបក្សសង្គ្រោះជាតិថា អតីតមន្ត្រីបក្សប្រឆាំងដែលចេញទៅបើកបក្សថ្មី គឺបន្ថែមបញ្ហាឲ្យអតីតបក្សដែលគេធ្លាប់គាំទ្រប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ការបែកបាក់ផ្ទៃក្នុងរបស់គណបក្ស គឺជាភាពស្មុគ្រស្មាញមួយទៅហើយ ប៉ុន្តែការដើរចេញរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សជំទាស់ទៅកសាងបក្សថ្មីគឺជាបញ្ហាមួយទៀត ដែលរឹតតែធ្វើឲ្យគណបក្សជំទាស់បាត់បង់ការសាមគ្គីសម្រាប់ការតស៊ូក្នុងសមរភូមិនយោបាយនៅកម្ពុជា។

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសេរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះថា ការលាបពណ៌ និងការវាយប្រហារគ្នាទៅវិញទៅមករវាងអ្នកស៊ូរបស់អតីតគណបក្សសង្គ្រោះជាតិ និងអ្នកដើរចេញពីបក្សបានបន្សាបថាមពលរបស់បក្សប្រឆាំងដ៏ធំមួយនេះយ៉ាងធ្ងន់ធ្ងរ។

លោក អះអាងថា ស្ថានភាពនយោបាយបច្ចុប្បន្ននេះ មិនមែនជាវេលាល្អសម្រាប់មេបក្សប្រឆាំងលោក កឹម សុខា ឆ្លើយឆ្លង ដើម្បីបន្ធូរភាពតានតឹងនៃជម្លោះផ្ទៃក្នុងដែលហ៊ុមព័ទ្ធដោយបម្រាមរបស់តុលាការលើរូបលោកនោះទេ។ ប៉ុន្តែ បញ្ហានេះ បានជុំរុញឲ្យអ្នកដែលមានភក្តីភាពជាមួយគគណបក្សសង្គ្រោះជាតិ ផ្ទុះកំហឹងរបស់ខ្លួនប្រឹងរកមធ្យោបាយដើម្បីជួយមេដឹកនាំរបស់ពួកគេទៅវិញ។

លោក អះអាងថា អ្វីៗនៅមិនទាន់ហួសពេលនោះទេ ប្រសិនបើគិតពីប្រយោជន៍ជាតិ និងប្រជាជន ជាជាងគិតខ្លួនឯងនោះ ព្រោះសកម្មជន និងពលរដ្ឋនៅតាមមូលដ្ឋាន នៅតែរក្សាគោលជំហរមិនបោះបង់អតីតគណបក្ស និងមេបក្សរបស់ពួកគេនៅឡើយ។ ជាងនេះទៀត សកម្មជនទាំងនោះ តែងនាំគ្នាគិតថា តើនឹងត្រូវជួយមេដឹកនំារបស់ពួកគេដោយរបៀបណា ឬក៏នៅស្ងៀមស្ងាត់ ដើម្បរង់ចាំពេលវេលាណាមួយសមស្របដើម្បីធ្វើការតស៊ូរសារជាថ្មីទៀត។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនបានសម្រេចចិត្តបែកចេញទៅបង្កើតគណបក្សថ្មីដោយខ្លួនឯងជាបន្តបន្ទាប់ដោយឈប់រំពឹងការរស់ឡើងវិញ ឬបន្តស្មារតីគណបក្សសង្គ្រោះជាតិ តទៅទៀត។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ នេះ អតីតមន្ត្រីបក្សប្រឆាំង បាននាំគ្នាចេញទៅបង្កើតគណបក្សដោយខ្លួនឯង ចំនួន៤ ហើយ ដូចជា ការ គណបក្ស ខ្មែរអភិរក្សនិយម របស់លោក រៀល ខេមរិន្ទ គណបក្ស ខ្មែរស្រលាញ់ជាតិ របស់លោក ជីកត្តា និងលោក កង គឹម ហាក់ គណបក្សឆន្ទៈខ្មែរ របស់លោក គង់ គាំ និងលោក គង់ ម៉ូនីកា និងចុងក្រោយនេះ គណបក្ស ដែលទើបនឹងដាក់ឯកសារផ្លូវច្បាប់ទៅក្រសួងមហាផ្ទៃ គឺគណបក្ស កំណែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្នរ័ត្ន។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ចន្ទរ័ត្ន បានសេរសេរលើគណនីហ្វេសប៊ុករបស់ ដែលទំនងសំដៅដល់អ្នក រិះគន់ លើការបើកបក្សថ្មីរបស់លោកថា មិនធ្វើអ្វីសោះ ក៏ដំណើរផែនដីវិលដែរ ពេលវេលាមិននៅស្ងៀមជាមួយនរណាម្នាក់ឡើយ។

ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងតស៊ូរដើម្បីរក្សាជំហរ និងស្មារតីគណបក្សប្រឆាំង បានរិះគន់ថា មានតែលោក អ៊ូ ចន្ទរ័ត្ន ប៉ុណ្ណោះដែលនៅស្ងៀមហើយព្យាយាមអូសទាញមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងឲ្យទៅតាមខ្លួនដោយមិនខ្វល់ពីការតស៊ូរដើម្បីស្មារតីរួមរបស់គណក្ស និងពលរដ្ឋនោះ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងហាមមន្រ្តីរបស់បក្សនេះចំនួន១១៨ រូបមិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។  ប៉ុន្តែរហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានមន្ត្រីបក្សនេះ ចំនួន ១៤នាក់ហើយ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីលោក ហ៊ុន សែន។ អ្នកទាំងនោះរួមមាន លោក អ៊ូ ច័ន្ទរ័ត្ន លោកគង់ គាំ លោក គង់ ម៉ូនីកា លោក កង គឹម ហាក់ និង លោក ជីវ កត្តា លោក សុន ឆៃ លោក វ៉ា សាមុន លោក តាវ គឹមឈន និងមនុស្សមួយចំនួនទៀត។

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា នៅពេលមិនទាន់សុំសិទ្ធិធ្វើនយោបាយ ពួកគេនិយាយថា ធ្វើអ្វីមិនកើតទេ ព្រោះមិនទាន់មានសិទ្ធិស្របច្បាប់ ប៉ុន្តែ ពេលទទួលបានសិទ្ធិធ្វើនយោបាយវិញហើយនោះ ពួកគេមិនបាននាំគ្នាទាមទាឲ្យដោះលែងប្រធានបក្ស និងស្តាលទ្ធិប្រជាធិបតេយ្យឡើងវិញទេ បែរជានាំគ្នាបង្កើតបក្សថ្មី               ទៅវិញ។

ក្រុមអ្នមឃ្លាំមើលសង្គម រិះគន់ថា ការនាំគ្នាទៅបង្កើតគណបក្សថ្មីៗ ធ្វើឲ្យមហាជនមើលឃើញថា ជាការបោះបង់ជំហរសកម្មភាពរួបរួមកម្លាំងគណបក្សរបស់ខ្លួន ដែលគេកម្ទេចយ៉ាងអយុត្តិធម៌ និងជាការបោះបង់មេដឹកនាំ ដែលកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះ គឺជានយោបាយខ្វះគុណធម៌ បាត់បង់គោលការណ៍តស៊ូ និងបំផ្លាញស្មារតីអ្នកគាំទ្រតែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស