31 C
Phnom Penh

កូនប្រុសលោក ហ៊ុន សែន ថា កម្ពុជាបានដើរតួរជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអន្តរជាតិ គឺសក្តានុពលរបស់កម្ពុជាលើឆាកអន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុសរបស់លោក ហ៊ុន សែន មួយរូប បានសម្តែងមោទនភាពថា កម្ពុជា បានបង្ហាញយ៉ាងច្បាស់នូវសក្តានុពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ភាពកក់ក្តៅ និងទំនុកចិត្ត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិល្បីៗ គឺ។

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានសេរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា កម្ពុជា ជាប្រទេសមួយញ៉ាំញីដោយភ្លើងសង្គ្រាម រួមទាំងរបបប្រល័យពូជសាសន៍ អស់ជាច្រើនឆ្នាំ ប៉ុន្តែនៅអាច ប្រែក្លាយជាប្រទេសមួយ ដែលមានសុខសន្តិភាពពេញលេញសម្រាប់ប្រជាជនរបស់ខ្លួន។

លោក អះអាងថា ក្នុងស្ថានភាពនេះមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ កំពុងទទួលបាននូវជំនឿទុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជាតិ និងអន្តរជាតិធំៗជាបន្តបន្ទាប់ ព្រោះកម្ពុជាអាចផ្តល់ទំនុកចិត្តដល់បណ្តាថ្នាក់ដឹកនាំនៃប្រទេសអន្តរជាតិធំៗ ជាពិសេសក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបស្ថានភាពវិបត្តិកូវីដ ១៩។

លោក ហ៊ុន ម៉ានី បញ្ជាក់ថា កន្លងមក កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗជាច្រើន រួមមាន កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៣៧ (WHC) វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ខណៈពេលខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ថែមទៀត។

លើសពីនេះ នៅមានកិច្ចប្រជុំ ASEP លើកទី១១ ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសភា មកពីបណ្តា ៥៣ប្រទេស ដែលជាសមាជិកក្នុងកិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុប ផងដែរ។

ការអះអាងនេះធ្វើឡើង ក្នុងគោលបំណងបង្អួតពីសា្នដៃនៃការដឹកនាំឪពុករបស់លោក គឺលោក ហ៊ុន សែន ដែលបានកាន់កាប់អំណាច ជាង ៣០ឆ្នាំ កន្លងមកនេះ ដែលអាចផ្លាស់ប្តូរមុខមាត់របស់កម្ពុជាយ៉ាងខ្លាំងក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់លោក។

កាលពីដើមខែមករា ឆ្នាំ២០២១ លោក ហ៊ុន សែន អះអាងថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាពបរិបូណ៍។

ជាងនេះទៀត លោក ហ៊ុន សែន ក៏បាន បង្ហាញមោទនៈភាពថា ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់លោក ដែលពោពេញទៅដោយបទពិសោធន៍ បានដឹកនាំកម្ពុជាឲ្យមានការកសាងអភិវឌ្ឍន៍ មានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់នឹងសព្វថ្ងៃនេះ។

ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា ការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន មិនមែនដើម្បីសុភមង្គលរបស់ពលរដ្ឋ ឬដើម្បីអធិបតេយ្យជាតិនោះទេ ប៉ុន្តែដើម្បី អំណាចបក្ខពួក និងផលប្រយោជន៍ក្រុមគ្រួសារនិយមប៉ុណ្ណោះ ខណៈលោកបានយកប្រទេសកម្ពុជាជាឈ្នាន់ និងយកពលរដ្ឋខ្មែរជាធ្នាក់ក្នុងការទាក់យកជំនួយបរទេសដើម្បីចិញ្ចឹមកងទ័ពសម្រាប់បង្ក្រាបអ្នកតស៊ូរដើម្បីសេរីភាពប៉ុណ្ណោះ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការប្រឹងអួតអំពីការបង្ហាញមុខរដ្ឋាភិបាលខុសច្បាប់របស់លោក ហ៊ុន សែន ក្នុងវេទិកាអន្តរជាតិបច្ចុប្បន្ន វាគ្រាន់តែជារបៀបស៊ីកេរដំណែលចាស់ តាមរយៈការប្រើឈ្មោះកម្ពុជាតែប៉ុណ្ណោះ មិនមែនជាកិត្តិយសនៃសមិទ្ធផលការទូតផ្លែផ្ការបស់របស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះទេ។

លោក អះអាងថា លោក ហ៊ុន សែន ប្រឹងតោងឈ្មោះអង្គការតំបន់ និងអន្តរជាតិ ដើម្បីបង្ហាញមុខរបស់គាត់ ដោយប្រើឈ្មោះប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ ទៅបាំងមុខដែលប្រឡាក់ដោយល្បែងសម្លាប់ប្រជាធិបតេយ្យរបស់ខ្លួន ប៉ុន្តែ នោះគឺជាមធ្យោបាយតែមួយគត់ដែលអាចឲ្យលោក ហ៊ុន សែន បង្ហាញមុខលើវេទិកាអន្តរជាតិបាន។

លោក គឹម សុខ បញ្ជាក់ថា មុខរបស់លោក ហ៊ុន សែន បច្ចុប្បន្ននេះ កុំថាឡើយប្រទេសលោកសេរីប្រជាធិបតេយ្យ មិនចង់ជួបជាទ្វេភាគីសូម្បីតែមេដឹកនាំវៀតណាម និងចិន ដែលជាមិត្តយុទ្ធសាស្ត្ររបស់គាត់ក៏ មិនចង់ជួបលោក ហ៊ុន សែន ដែរ ប្រសិនបើពួកគេមិនមានការចាំបាច់ត្រូវបង្គាប់លោក ហ៊ុន សែន ធ្វើកិច្ចការធំអ្វីមួយដែលជាប្រយោជន៍របស់ពួកគេទេនោះ។

នៅដើមឆ្នាំ ២០២១ នេះ គេហទំព័រ List of current longest-ruling Leaders បានចេញផ្សាយ ថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំផ្តាច់ការទាំង៥ដែលកាន់កាប់អំណាចយូរជាងគេក្នុងពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស