31.8 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គមថា សហគមន៍អន្តរជាតិអាចនឹងដាក់ទណ្ឌកម្មលើមន្ត្រីមានអំណាចរបស់កម្ពុជារឹតតែខ្លាំងជាងមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម លើកឡើងថា សហគមន៍អន្តរជាតិអាចនឹងពង្រីកការដាក់ទណ្ឌកម្មទៅលើមន្ត្រីមានអំណាចសំខាន់ៗរបស់លោក ហ៊ុន សែនបន្តទៀត។ ទណ្ឌកម្មទាំងនោះ នឹងធ្វើឱ្យបុគ្គលមានអំណាចទាំងឡាយមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ហ៊ុន សែន កាន់តែខ្លាំង ហើយធ្វើឲ្យលោក ហ៊ុន សែន កាន់តែឯកោរ។

ការអះអាងនេះធ្វើឡើងស្របពេលដែលមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិរបស់បក្សកាន់អំណាចដែលដឹកនាំដោយលោក ហ៊ុន សែន ត្រូវបានប្រទេសមហាអំណាចធំៗ ដូចជា សហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការលើមន្ត្រីទាំងនោះអស់ជាច្រើនរូបកន្លងមកនេះ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៨ កុម្ភៈ នេះថា សហគមន៍អន្តរជាតិអាចនឹងពង្រីកការដាក់ទណ្ឌកម្មទៅលើការនាំចេញពីកម្ពុជាថែមមួយកម្រឹតទៀតដែលនឹងធ្វើឲ្យប៉ះទង្គិចកាន់តែធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល ខណៈសេដ្ឋកិច្ចដែលកំពុងស្រុតចុះស្រាប់ បានធ្លាក់ចុះដល់ទៅ ៨% ទៅហើយនោះក្នុងពេលបច្ចុប្បន្ននេះ។

លោក អះអាងថា ការពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍ អន្តរជាតិលើកម្ពុជាធ្វើឱ្យមុខមាត់កម្ពុជាកាន់តែអាក្រក់នៅលើឆាកអន្តរជាតិស្ទើរតែដល់បាត ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ផែនការជាយុទ្ធសាស្ត្រក្នុងការពង្រីកឥទ្ធិពលរបស់ប្រទេសចិននៅកម្ពុជា ព្រមទាំងបង្ករផលប៉ះពាល់ដល់អ្នកវិនិយោគចិននៅកម្ពុជាយ៉ាងធ្ងន់ធ្ងរផងដែរ ដូច្នេះសេដ្ឋកិច្ចកម្ពុជាអាចនឹងជាប់គាំងទាំស្រុង។

លោក ទូច វិបុល បញ្ជាក់ថា លោក ហ៊ុន សែន ពិតជាបារម្ភខ្លាំងណាស់អំពីរឿងនេះ ដែលវាពិតជាវិបត្តិដ៏ធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលរបស់លោក ក្នុងការគ្រប់គ្រងបៀរវត្តន៍របស់មន្ត្រីរាជការ។ លោកបន្តថា ប្រសិនបើមន្ត្រីរាជការងើបឡើងតវ៉ាជាទ្រង់ទ្រាយធំ នោះអំណាចរបស់លោក ហ៊ុន សែន ប្រាកដជារបូតមិនខាន ពេលនោះ គ្រោះដ៏កាចនេះមិនមែនត្រឹមតែធ្លាក់លើគាត់មា្នក់ឯងប៉ុណ្ណោះទេ តែវានឹងធា្លក់ដល់កូនចៅលោក ហ៊ុន សែន តជំនាន់ទៀតផង។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សមាជិកសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំនួន៨ រូប រួមមានលោក អាឡែន ឡូវ៉ិនស្សល លោក ថិត យ៉ូហូ និងតំណាងរាស្ត្រ ៦រូបផ្សេងទៀត បានជុំរុញទៅលោក ម៉ៃ ផុមផេអូ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកឲ្យអន្តរាគមន៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក ប្រើច្បាប់ Magnet Ski Act ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្ត្រីយោធា និងមន្ត្រីកងរាជអាវុធហត្ថដែលបានចូលរួមយ៉ាងសកម្មក្នុងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកន្លងមក។

សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩  ដែលមានឈ្មោះថា Cambodia Democracy Act ឬ H.R. 526។ ខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះគឺនឹងត្រូវដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៅកម្ពុជាដែលស្និទនឹងលោក ហ៊ុន សែន ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

កាលពីឆ្នាំ២០១៨ សភាសហរដ្ឋអាមេរិកបានសម្រេចអនុម័តច្បាប់ដាក់ទណ្ឌកម្ពុជាលើមន្ត្រីជាន់ខ្ពស់កម្ពុជា ១៧ រូប ដោយហាមមិនឲ្យចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិផងដែរ រួមមាន លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោកស ខេង លោក ទៀ បាញ់ និងលោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចផងដែរ។

លើសពីនេះ មានលោក ឱម យិ នទៀង  ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ប៉ុ ល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក គន់ គីម មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីគ្រាក់ៗដែលជាដៃជើងបក្ខពួករបស់លោក ហ៊ុន សែន ៧នាក់ ផ្សេងទៀត។

កាលពីដើម ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ដោយព្យួរប្រព័ន្ធអនុគ្រោះពន្ធ  EBA ២០%  ដោយគេមើលឃើញថា រដ្ឋាភិបាលកម្ពុជា បានរំលោភបំពាន ប្រព័ន្ធគោលការណ៍សិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស