27 C
Phnom Penh

Human Rights Watch ថារដ្ឋាភិបាលលោកហ៊ុន សែន បានធ្វើសកម្មភាព ប្រឆាំងនឹងសេរីភាពអ៊ីនធឺណិតកាន់តែធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស( Human Rights Watch ) ព្រមានថារដ្ឋាភិបាលលោកហ៊ុន សែន ចាប់ផ្តើមធ្វើសកម្មភាពប្រឆាំងសេរីភាពបញ្ចេញមតិលើប្រព័ន្ធ អ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងឯកជនភាពរបស់ពលរដ្ឋ។

ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២១នេះ លើកឡើងថាការបង្កើត “ច្រកទ្វារអ៊ីនធឺណិតជាតិ” របស់រដ្ឋាភិបាលកម្ពុជា គឺជាការអនុញ្ញាតឲ្យរដ្ឋាភិបាលបង្កើនការឃ្លាំមើល ឬការត្រួតពិនិត្យតាម អ៊ីនធឺណិត ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជីវិតឯកជនរបស់ពលរដ្ឋ។

ការលើកឡើងនេះ ក្រោយពេលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ិនធរណេតជាតិ កាលពីថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២១ ។

អនុក្រឹត្យនេះ តម្រូវអោយចរាចរអ៊ីនធឺណែតទាំងអស់នៅក្នុងប្រទេសកម្ពុជាឆ្លងកាត់តាមរយៈស្ថាប័នត្រួតពិនិត្យដែលត្រូវបានចោទប្រកាន់ក្នុងការត្រួតពិនិត្យសកម្មភាពតាមអ៊ិនធរណេតមុនពេលឈានដល់អ្នកប្រើប្រាស់។

លើសពីនេះ អនុក្រឹត្យនេះនឹងអនុញ្ញាតឱ្យ “រារាំងនិងផ្តាច់ការភ្ជាប់បណ្តាញទាំងអស់ដែលប៉ះពាល់ដល់សុវត្ថិភាពប្រាក់ចំណូលជាតិ សណ្តាប់ធ្នាប់សង្គម សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់” ។

ក្នុងសេចក្តីថ្លែងការណ៍ដដែល នាយករងប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលោក ហ៊្វីល រ៉ូបឺតសុន បានលើកឡើងថា លោក ហ៊ុន សែន បានចាប់ផ្តើមសកម្មភាព ប្រឆាំងនឹងសេរីភាពអ៊ីនធឺណិត និងពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត នៅកម្ពុជាតាមរយៈការពង្រីកការគ្រប់គ្រងរបស់រដ្ឋាភិបាលលើអ៊ីនធឺណិតក្នុងប្រទេស។

លោក ក៏បានអំពាវនាវឲ្យ រដ្ឋាភិបាលបរទេស ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងវិស័យឯកជនដទៃទៀត ចូលរួមជំរុញឲ្យ រដ្ឋាភិបាលលោក ហ៊ុន សែន កែសម្រួល ឬលុបចោល អនុក្រឹត្យនេះតែម្តង។

អនុក្រឹត្យដដែលនេះ តម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (ISP) ក្នុងប្រទេសកម្ពុជាបង្វែរបណ្តាញរបស់ខ្លួនឲ្យចូលតាម ច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងរយៈពេល១២ ខែ ពោលគឺនៅមុនខែកុម្ភៈឆ្នាំ២០២២។

លោក ហ៊្វីល រ៉ូបឺតសុន នាយករងប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបញ្ជាក់ថា ច្រកទ្វារអ៊ីនធឺណិតជាតិនេះ នឹងពង្រីកសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការរារាំងខ្លឹមសារ និងសំលេងឯករាជ្យតាមអ៊ីនធឺណិត ដើម្បីរឹតត្បិតសេរីភាពផ្នែកនយោបាយថែមទៀតផង។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្នើអនុក្រឹត្យមួយនេះ កាលពីថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២០កន្លងទៅ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីសុំការអនុម័ត។ ការស្នើអនុក្រឹត្យនាពេលនោះ ក៏ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ក្រុមហ៊ុនបច្ចេកវិទ្យា បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសលើបញ្ហារំលោភសិទ្ធិមនុស្សតែម្តង។

អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែល មើលឃើញថាអនុក្រឹត្យនេះបង្កហានិភ័យដល់ការការពារទិន្នន័យនិងការសម្ងាត់ទិន្នន័យដែលតម្រូវឱ្យប្រតិបត្តិករប្រើប្រាស់ច្រកទ្វារអ៊ីនធឺណិត ដែលត្រូវបានជ្រើសរើសរក្សាទុកនិងចែករំលែកទិន្នន័យផ្ទាល់ខ្លួន។

លោក រ៉ូបឺតសុន អះអាងថា អ៊ិនធឺណិតជាតិ គឺជាឧបករណ៍ក្នុងដៃរបស់ រដ្ឋាភិបាលដើម្បីបង្ក្រាបសំឡេងរិះគន់តាមអ៊ិនធឺណិត។ លោកថា វាមិនមែនជារឿងចៃដន្យទេ បន្ទាប់ពីរដ្ឋាភិបាលបានបិទប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅទូទាំងប្រទេស រដ្ឋាភិបាលលោកហ៊ុន សែន ឥឡូវនេះបានផ្តោតការចាប់អារម្មណ៍ទៅលើអ្នករិះគន់តាមអ៊ិនធឺណិត ដែលជាពេលវេលាសម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែលនឹងរៀបចំឡើងនៅឆ្នាំ ២០២២ និងបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស