34 C
Phnom Penh

រដ្ឋាភិបាលសម្រេចបង្កើនប្រាក់ផាកពិន័យជនណាដែលគេសវេះមិនធ្វើចត្តាឡីស័ក ពីមួយលានរៀល ដល់ប្រាំលានរៀល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលលោកហ៊ុន សែន បានសម្រេចបង្កើនប្រាក់ផាកពិន័យចំពោះជនទាំងឡាយណាដែលគេចវេះមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំរបស់រដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាលអះអាងថា ការសម្រេចនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងកិច្ចការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

នេះបើយោងតាមអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការ ឆ្លងរីករាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល ដែលចុះហត្ថលេខា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន។

អនុក្រឹត្យនេះ  បានបង្កើនការផាកពិន័យលើអ្នកដែលមិនធ្វើចត្តាឡីស័ក និងអ្នកដែលនាំរត់គេចវេះ មិនធ្វើចត្តាឡីស័ក ពីមួយលានរៀល ដល់ប្រាំលានរៀល និងតម្រូវឱ្យអនុវត្តន៍វិធានការសុខាភិបាល។

ដោយឡែកជនណាដែលផ្តើមគំនិតដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នក ដំណើរ ឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេសពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ពី ១០លានរៀល(១០ ០០០ ០០០) ទៅ ៥០លានរៀល(៥០ ០០០ ០០០) ហើយ ការពិន័យអន្តរការណ៍នេះជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។

ការកែសម្រួលអនុក្រឹត្យដដែលបញ្ជាក់ថា ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃទទួលបាន សេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ មន្ត្រីក្រសួងសុខាភិបាលដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់តែម្តង។

កាលពីថ្ងៃទី១៥ខែកុម្ភៈ ប្រមុខរដ្ឋាភិបាលលោកបានថ្លែងសារពិសេសមួយ ដោយបានបង្ហើបពីបំណងកែសម្រួលអនុក្រឹត្យផាកពិន័យនេះ ព្រោះលោកថាប្រាក់ពិន័យចំពោះជនដែលគេសវេះពីការធ្វើចត្តាឡីស័កនៅមានចំនួនតិចតួចពេក ដែលធ្វើឱ្យអ្នកមានប្រាក់មួយចំនួនចេះតែគេសវេះពីការធ្វើចត្តាឡីស័ក។

បញ្ហានេះលោក ថាធ្វើឡើងដើម្បីបង្ការហានិភ័យពីការចម្លងជំងឺកូវីដ១៩ទៅកាន់ពលរដ្ឋក្នុងសហគមន៍ ខណៈកម្ពុជាមានចំនួនពលរដ្ឋដែលឆ្លងចូលពីក្រៅប្រទេស ពិសេសប្រទេសថៃកាន់តែច្រើន ហើយក៏រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៨៣នាក់។ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន៤៧០នាក់ និងអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១៣នាក់ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស