30 C
Phnom Penh

អង្គការយូណេស្កូអះអាងថា អ្នកជំនាញអភិរក្សមិនគាំទ្រចំពោះគម្រោងសាងសង់រមណីយដ្ឋានសិប្បនិមិត្តរបស់ក្រុមហ៊ុន ណាហ្គាខបឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការយូណេស្កូ (UNESCO) អះអាងថា អ្នកជំនាញក្នុងវិស័យអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបង្ហាញក្តីបារម្ភ និង ជំទាស់ចំពោះឡើយចំពោះគម្រោងសាងសង់រមណីយដ្ឋានសិប្បនិមិត្តរបស់ក្រុមហ៊ុន ណាហ្គាខប(NagaCorp Ltd) ដែលមានទំហំ៧៥ហិកតាមានទីតាំងស្ថិតនៅជិតតំបន់អង្គរ ក្នុងខេត្តសៀមរាប។


សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ កាលពីថ្ងៃពុធ បានឱ្យដឹងថា អង្គការអន្តរជាតិមួយនេះ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការអនុវត្តលើគម្រោងសាងសង់រមណីយដ្ឋានមួយរបស់ក្រុមហ៊ុនល្បែងណាហ្គាខបដែលមានទីតាំងជិតតំបន់អង្គរ។


យូណេស្កូ បន្តថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC) ដែលធ្វើឡើងកាលពីថ្ងៃទី២៦ និង២៧ ខែមករាកន្លងទៅ ក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើគម្រោងនេះផងដែរ។ ក្នុងនោះ អ្នកជំនាញក្នុងវិស័យអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏បានជំទាស់ចំពោះគម្រោងសាងសង់នេះទៀតផង។


ប្រភពដដែលបន្ថែមថា គម្រោងសាងសង់រមណីយដ្ឋានសប្បនិមិត្តនេះ គឺវាកៀកគ្នាទៅនឹងតំបន់ការពារ ហើយអាចប៉ះពាល់ជាក់ស្តែងដល់គុណតម្លៃជាសកល របស់ប្រាសាទអង្គរវត្ត ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូកាលពីខែឆ្នូ ឆ្នាំ១៩៩២រួចទៅហើយនោះ។


កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន ណាហ្គាខប ដែលជាម្ចាស់និងប្រតិបត្តិករ ណាហ្គាវើល ក្នុងរាជធានីភ្នំពេញ បានបង្ហាញផែនការអភិវឌ្ឍន៍រមណីយដ្ឋានដែលមិនមានល្បែង លើដីទំហំ៧៥ហិកតា ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន៣៥០លានដុល្លារ នៅខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ ខាងត្បូងតំបន់២នៃឧទ្យានបុរាណអង្គរ ។


ក្រុមហ៊ុន ណាហ្គាខប ធ្លាប់បញ្ជាក់ថា គោលបំណងគម្រោងសាងសង់រមណីយដ្ឋានសិប្បនិមិត្តនោះ ធ្វើឡើងដើម្បីលើកកម្ពស់តំបន់ប្រាសាទអង្គរវត្ត និងជួយបង្កើនចំនួនភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាបតែប៉ុណ្ណោះ។


ទោះបីជាយ៉ាងនេះក្តី អង្គការយូណេស្កូ ជឿជាក់ថា កម្ពុជានឹងនៅតែប្តេជ្ញាចិត្តពេញលេញក្នុងការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោក ហើយនឹងធានាថា កិច្ចការពារតម្លៃជាសកលដ៏លេចធ្លោរបស់អង្គរ នៅតែជាចំណុចស្នូលនៃដំណើរការធ្វើសេចក្តីសម្រេចចិត្តនានាទាក់ទងនឹងទ្រព្យសម្បត្តិនិងតំបន់ជុំវិញអង្គរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស