34 C
Phnom Penh

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាហៅ ការរិះគន់រដ្ឋាភិបាលរឿងរឹតត្បិតសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតថាធ្វើឡើងដោយ គ្មានមូលដ្ឋាន និងមានចរិតយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា បានបញ្ចេញប្រតិកម្មចំពោះ ស្ថាប័នសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ដែលលើកឡើងថា រាជរដ្ឋាភិបាលមានគោលបំណងចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ គឺជាការអនុវត្តដោយយកតាមគំរូរបស់ប្រទេសចិន ថា ជាការរិះគន់ដែល គ្មានមូលដ្ឋាន និងមានចរិតនយោបាយ។

ការប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយស្តីពីការ បង្កើតចក្រទ្វារអ៊ីនធឺណិតជាតិ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងរក្សាសន្តិសុខជាតិ កាលពីថ្ងៃទី១៧ កុម្ភៈ នេះ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថា ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានបង្កើតឡើងស្ទើរគ្រប់ប្រទេសទាំងអស់ មិនមែនមានតែការគ្រោងរៀបចំបង្កើត នៅកម្ពុជានោះទេ។

ដូច្នេះការចោទប្រកាន់ អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ មានចរិតនយោបាយ ផ្ទុយនឹងការពិត គ្មានមូលដ្ឋាន និងខុសពីគោលបំណង ដែលបានចែងក្នុងអនុក្រឹត្យនោះផងដែរ។

ប្រភពដដែល អះអាងថា ការរៀបចំអនុក្រឹត្យ ស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើឡើងដោយបើកចំហ និងមានការពិគ្រោះយោបល់ជាមួយ អ្នកជំនាញក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើក ដែលមានគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិ ដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករ។

ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា មិនមានបទប្បញ្ញត្តិណាមួយ ក្នុងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ។ ប៉ុន្តែជាការជួយទប់ស្កាត់នូវការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាដើម។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយស្តីពីការ បង្កើតច្រកទា្វរអ៊ីនធឺណិតជាតិ ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធិភាព និងសក្កិសិទ្ធភាពនៃការគៀងគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណិជាតិផងដែរ។

ទោះបីជាយ៉ាងនេះក្តី អង្គការ សមាគមន៍ និងសម្ព័ន្ធអ្នកសារព័ត៌មានប្រមាណជិត ១០០ ស្ថានប័ន បានចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជានិរាករណ៍អនុក្រឹត្យស្តីពីការបង្កើតច្រកទា្វរអ៊ីនធឺណិតជាតិនេះ ព្រោះថាការធ្វើបែបនេះ គឺកំពុងរឹតត្បិតលើសេរីភាពក្នុងការបញ្ចេញមតិ និងទទួលបានព័ត៌មាន ដែលជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។

អង្គការ សមាគមនទាំងនោះ អះអាងថា ច្រកទ្វារអ៊ីនធឺណិតនេះជាវិធីសម្របសម្រួលឲ្យមានការឃ្លាំមើល និងតាមដានសកម្មភាពតាមអ៊ីនធឺណិត និងការត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធឌីជីថល ដែលជាមូលដ្ឋាននាំដល់ការគម្រាមកំហែងដល់សិទ្ធិឯកជនភាព និងបានបំពានកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

គណៈកម្មាធិការនាយករបស់គណបក្សប្រជាធិបតេយ្យ GDP បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកមានការព្រួបារម្ភយ៉ាងខ្លាំងពី អនុក្រឹត្យ ស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ ដែលមានលក្ខណៈរឹតបន្តឹងលើសេរីភាពមូលដ្ឋានរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ និងទទួលបានព័ត៌មានដោយឯករាជ្យ។

បណ្ឌិត សាម អ៊ីន អះអាងថា អនុក្រឹត្យនេះមានវិសាលភាពប៉ះពាល់ដល់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះសិទ្ធិសេរីក្នុងការជួបជុំរបស់ពលរដ្ឋ និងសិទ្ធិសំដែងមតិ សុទ្ធតែមានចែងក្នុងធម្មនុញ្ញទាំងអស់។ ជាងនេះទៀត អនុក្រឹត្យនេះក៏មានការគម្រាមកំហែងដល់ទំនាក់ទំនងបុគ្គលឯកជនតាមប្រព័ន្ធអ៊ីនធឺណែតផងដែរ។

ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា អនុក្រឹត្យ បង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ នេះមានខ្លឹមសារបង្កប់ន័យនយោបាយដើម្បីតាមដានបណ្តាញអ្នកជំទាស់រដ្ឋាភិបាល ជាជាងការ ការពាររៀបចំដើម្បីសណ្តាប់ធ្នាប់សង្គមដោយត្រឹមត្រូវដែលខ្លួនបានចែងក្នុងអនុក្រឹត្យនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស