31 C
Phnom Penh

ជនជាតិចិនម្នាក់ដែលជាមេក្លោងគ្រៀងញៀនដ៏ធំនៅកម្ពុជា បានរត់គេចខ្លួនដោយសុវត្ថិភាពពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរុស្សី ហើយករណីនេះ មន្ត្រីសង្គមស៊ីវិលសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងសំណូកពុករលួយ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្តព្រះសីហនុ៖ ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានរិះគន់ទៅលើសកម្មភាព របស់សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ដែលបណ្តែតបណ្តោយឲ្យ ជនជាតិចិនម្នាក់ ដែលជាមេក្លោងគ្រឿងញៀនដ៏ធំនៅកម្ពុជា ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនពាក់ព័ន្ធការកែឆ្នៃ និងផលិតគ្រឿងញៀនរាប់តោននៅកម្ពុជា អាចរត់គេចខ្លួនដោយសុវត្ថិភាព ក្នុងអំឡុងពេលមន្ត្រីអនុរក្សពន្ធនាគារ(ម១) នៃគុកព្រៃស បានបញ្ជូនជនល្មើសរូបនេះ មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យរុស្សី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។


មន្ត្រីសង្គមស៊ីវិល ពោលចំអកថា ចំពោះការបណ្តែតបណ្តោយ ឲ្យមេក្លោងគ្រឿងញៀនដ៏ធំនៅកម្ពុជា អាចរត់គេចខ្លួនដោយសុវត្ថិភាពនេះ គឺជួនគ្នា នឹងសកម្មភាព នៃការនាំចូលគ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ជាង ៤០០គីឡូក្រាម ចូលមកកម្ពុជា តាមច្រកលម្ហសមុទ្រខេត្តព្រះសីហនុហើយដែលត្រូវកម្លាំងប្រចាំការការពារនៅកោះពូលូវ៉ៃ ចាប់បានពេលជនល្មើសនាំយកមកផ្លុងទុក នៅខាងលិចកោះពូលូវ៉ៃ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ថ្មីៗនេះ។ 


ករណីនេះ សាធារណជន មានមន្ទឹលថា ទំនងជាអ្នកជាប់ពាក់ព័ន្ធការនាំចូលគ្រឿងញៀនខាងលើនេះ អាចជាប់ពាក់ព័ន្ធ នឹងមន្ត្រីមានអំណាច និងឧកញ៉ាមានទ្រព្យមួយចំនួន ដែលកន្លងមកធ្លាប់ជាប់ពាក់ព័ន្ធ ឬប្រកបមុខរបរគ្រឿងញៀន។ 


ទាក់ទិនបញ្ហានេះ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានចំអកដល់សមត្ថកិច្ចក្រសួងមហាផ្ទៃ ជាពិសេសអ្នកទទួលខុសត្រូវពន្ធនាគារព្រៃស ថា នៅពេលសកម្មជនគណបក្សប្រឆាំង, មន្ត្រីសង្គមស៊ីវិល និងក្រុមអ្នកការពារបរិស្ថានជាដើម ដែលត្រូវបានរដ្ឋាភិបាល ឬតុលាការចាប់ដាក់គុកដោយអយុត្តិធ៌ម ហើយនៅពេលពួកគាត់មានជំងឺ និងស្នើសុំមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ គឺមិនត្រូវបានមន្ត្រីក្រសួងមហាផ្ទៃ ឬថ្នាក់ដឹកនាំពន្ធនាគារព្រៃស អនុញ្ញាតឲ្យចេញមកពិនិត្យព្យាបាលនោះទេ ប៉ុន្តែផ្ទុយទៅវិញ បើសម្រាប់មេក្លោងគ្រឿងញៀន ឬជនក្រិដ្ឋវិញ គឺត្រូវបានប្រធានពន្ធនាគារព្រៃស ឬពន្ធនាគារផ្សេងៗ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យកចិត្តយកថ្លើម បញ្ជូនមេក្លោងគ្រឿងញៀនទាំងនោះ មកពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ មានដូចជា៖ អតីតឧកញ៉ា គិត ធាង ថៅកែមជ្ឈមណ្ឌលកម្សាន្តុករ៉ុក ដែលត្រូវជាបងប្រុសបង្កើត របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមេក្លោងជនជាតិចិន ដែលមន្ទីរប្រឆាំងគ្រឿងញៀន (ក១ និងក១០) បង្ក្រាបនិងចាប់បានជាមួយវត្ថុតាងវត្ថុធាតុដើមសម្រាប់កែឆ្នៃ និងផលិតគ្រឿងញៀនរាប់តោន បែរជាត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងប្រធានពន្ធនាគារ មានការយកចិត្តទុកដាក់បំផុត។


ត្រង់ចំណុចនេះ ទាំងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម មានមន្ទឹលថា ការអនុញ្ញាត ឲ្យមេក្លោងគ្រឿងញៀន ចេញមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យជាបន្តបន្ទាប់មកនេះ ទំនងជាមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអ្នកទទួលខុសត្រូវការគ្រប់គ្រងពន្ធនាគារ និងប្រធានពន្ធនាគារមួយចំនួននោះ អាចមានជាប់ពាក់ព័ន្ធនឹងលុយសំណូកពុករលួយរាប់ម៉ឺន ឬរាប់លានដុល្លារអាមេរិក ពីមេក្លោងគ្រឿងញៀនទាំងនោះ ជាថ្នូរអនុញ្ញាតឲ្យមេក្លោងគ្រឿងញៀន មានដូចជា៖ មេក្លោងគ្រឿងញៀនជនជាតិចិន ដែលរត់គេចខ្លួនពីមន្ទីរពេទ្យរុស្សី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏ដូចជាករណី លោក គិត ធាង ថៅកែមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលត្រូវជាបងប្រុស អ្នកឧកញ៉ា គិត ម៉េង ជាដើម គឺរហូតមកដល់ពេលនេះ មិនដឹងថា មេក្លោងគ្រឿងញៀនទាំងនោះ នៅទីកន្លែងណាឲ្យពិតប្រាកដនោះទេ?


ផ្តើមពីបញ្ហានេះ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម កំពុងរង់ចាំមើលចំណាត់ការ របស់សមត្ថកិច្ចពាក់ព័ន្ធ អាចមានសមត្ថភាព តាមចាប់មេខ្លោងគ្រឿងញៀនជនជាតិចិន ដែលបានរត់ចេញពីមន្ទីរពេទ្យរុស្សីកាលពីប៉ុន្មានថ្ងៃមុនេះ ក៏ដូចជាមេក្លោងនាំចូលគ្រឿងញៀន ប្រភេទ កេតាមីន (Ketamine) ជាង ៤០០គីឡូក្រាម ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកលម្ហសមុទ្រខេត្តព្រះសីហនុ ថាតើសមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជាសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ អាចតាមចាប់ជនល្មើស ឬមេក្លោងនាំចូលគ្រឿងញៀន ដ៏ធំចូលមកកម្ពុជា ខាងលើនេះមានលទ្ធផលវិជ្ជមានដែរឬទេ? ឬមួយក៏ដូចពាក្យមួយឃ្លាដែលគេនិយមនិយាយតៗគ្នាថា «ដេកដួលរមួលផ្សំគ្រេច ឬទន្សោងគោព្រៃ តូចស៊ីដោយតូច ធំស៊ីដោយធំ រកស៊ីតាមជើងភ្នំ ផឹកទឹកតាមដងអូរជាមួយគ្នា»។


ប្រភពពីមន្ត្រីពន្ធនាគារព្រៃស បានឲ្យសារព័ត៌មាន The Cambodia Daily ដឹងតាមបណ្តាញសង្គម Messenger Face Book ថា មេក្លោងគ្រឿងញៀន ជនជាតិចិន ដែលត្រូវកម្លាំងជំនាញមន្ទីរបង្ក្រាបគ្រឿងញៀន ក១ និងក១០ បានបង្ក្រាបចាប់ខ្លួន និងដកហូតគ្រឿងញៀនរាប់តោនកន្លងមក  បានរត់គេចខ្លួនដោយសុវត្ថិភាព ពេលមន្ត្រីអនុរក្សពន្ធនាគារ (ម១) នៃពន្ធនាគារព្រៃស បាននាំមកពិនិត្យព្យាបាលសុខភាពនៅមន្ទីរពេទ្យរុស្សី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។ 


ដោយឡែក ទាក់ទិនបទល្មើសនាំចូលគ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកលម្ហសមុទ្រខេត្តព្រះសីហនុ នៅម្តុំខាងលិចកោះពូលូវ៉ៃ ជាង ៤០០គីឡូក្រាមវិញ គិតរហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ ក៏មិនទាន់ប្រកាសលទ្ធផល នៃការចុះស្រាវជ្រាវពីមេក្លោង ឬប្រភពមេក្លោងគ្រឿងញៀនខាងលើនេះ ដើម្បីប្រកាសឲ្យសាធារណជនបានដឹងនៅឡើយទេ។


ចំពោះបទល្មើសគ្រឿងញៀន ដែលនាំចូល និងកំពុងធ្វើចរាចរណ៍នៅកម្ពុជារាល់ថ្ងៃនេះ ហើយសមត្ថកិច្ចបង្ក្រាបមិនចេះអស់ ត្រូវបានសាធារណជន បង្ហាញការសង្ស័យថា ទំនងជា មេក្លោងគ្រឿងញៀន ឬអ្នកជាប់ពាក់ព័ន្ធ នឹងការនាំចូលគ្រឿងញៀនទាំងនោះ អាចជាប់ពាក់ព័ន្ធ ជាមួយឧកញ៉ាមានទ្រព្យ និងមន្ត្រីសមត្ថកិច្ចជាន់ខ្ពស់ កំពុងបំរើការងារក្នុងស្ថាប័នខ្លះ ដែលកន្លងមកធ្លាប់ជាប់ពាក់ព័ន្ធ ឬប្រកបមុខរបរគ្រឿងញៀនទាំងនេះ។ 


ចំពោះបញ្ហានេះ ទាំងអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងសាធារណជន បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ចេញកណ្តាប់ដៃដែក ដូចករណីដាក់បទបញ្ជាដល់កម្លាំងចម្រុះ ឲ្យចុះវែករកមុខមេក្លោងគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលមានឈ្មោះ គិត ធាង ជាថៅកែ ហើយត្រូវសមត្ថកិច្ចរកឃើញថា លោក គិត ធាង មានជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង ៥០គីឡូក្រាម ហើយត្រូវតុលាការផ្តន្ទាទោសឲ្យជាប់គុក០៤ឆ្នាំ។ ប៉ុន្តែរាល់ថ្ងៃនេះ ប្រភពបញ្ជាក់ថា គេឃើញអតីតឧកញ៉ា គិត ធាង កំពុងរស់នៅក្រៅពន្ធនាគារ ក្រោមហេតុផលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សី តែតាមការពិត លោក គិត ធាង ដែលត្រូវជាបងប្រុសបង្កើត លោក គិត ម៉េង កំពុងរស់នៅមានសេរីភាពដើរហើយ និងផឹកស៊ីសប្បាយហ៊ឺហារ ដោយមានមន្ត្រីមានអំណាច និងឧកញ៉ាៗដ៏មានឥទ្ធិពលមួយចំនួន ជាអ្នកជួយកាងការពារ ហើយពួកគេតែងបានធ្វើកម្មវិធីជួបជុំសប្បាយផឹកស៊ី ស្រីញីអូនបងជាមួយគ្នា យ៉ាងសប្បាយកប់ថ្លើម ស្ទើរជារៀងរាល់យប់ថ្ងៃ ថែមទៀតផង។


លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងតាមបណ្តាញសង្គមថា ប្រភេទគ្រឿងញៀនកេតាមីន ដែលឈ្មួញគ្រឿងញៀននាំចូលតាមច្រកសមុទ្រខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ២៣កេស ឬស្មើនឹង ៤៦១កញ្ចប់ មានទម្ងន់សរុប ៤៦៤គីទ្បូក្រាម និង៥៥៧,៥ក្រាម។ ហើយបច្ចុប្បន្នវត្ថុតាងទាំងអស់នេះ ត្រូវបានប្រគល់ជូនទៅឲ្យ សាលាដំបូងខេត្តព្រះសីហនុ យកទៅរក្សាទុក ដើម្បីបន្តនីតិវិធី៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស