អ្នកវិភាគនយោបាយ និងសង្គមស៊ីវិលលើកឡើងថា កម្ពុជាបច្ចុប្បន្នបានក្លាយជាឋានសួគ៌របស់ឈ្មួញគ្រឿងញៀនធំៗ ខណៈការប្រើប្រាស់និងចរាចរណ៍គ្រឿងញៀនបានកើនឡើងនៅទូទាំងប្រទេស។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បង្ហាញការព្រួយបារម្ភចំពោះការចរាចរណ៍គ្រឿងញៀននៅកម្ពុជា បច្ចុច្បន្ន។ លោកថា បើមិនស្រុះគ្នាធ្វើទេ ថ្ងៃណាមួយគ្រឿងញៀននឹងត្រួតត្រាកម្ពុជាទាំងមូលតែម្តង។
ការបង្ហាញក្ដីបារម្ភនេះ ដោយលោក ស ខេង អះអាងថា ក្នុងមួយថ្ងៃមានខេត្តចំនួន៦ ទៅ១០ខេត្ត បានរកឃើញនូវករណីបទល្មើសគ្រឿងញៀនចន្លោះពីមួយទៅពីរករណី។
ប៉ុន្តែប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ លើកឡើងថា ការកើនឡើងនៃប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀននៅកម្ពុជា បង្ហាញឱ្យឃើញថា រដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន។
លោកបន្តថា ការបរាជ័យនេះ ដោយសារ អាជ្ញាធរដែលអនុវត្តការងារខ្លះអសកម្ម និងយឺតយ៉ាវក្នុងការចុះទប់ស្កាត់ ហើយខ្លះទៀតអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាមួយនឹងបទល្មើសផងដែរ។
លោក សន ជ័យ បន្តថា កម្ពុជាអាចដោះស្រាយបញ្ហាគ្រឿងញៀនបានលុះត្រាតែកម្លាំងសមត្ថកិច្ចសហការជាមួយពលរដ្ឋ និងត្រូវមានកិច្ចសហការចូលរួមពីស្ថាប័នតុលាការ ហើយត្រូវមានប្រព័ន្ធឆ្លើយតបក្នុងការចុះបង្រ្កាប ឬចាត់វិធានការឱ្យបានទាន់ពេលទើបមានប្រសិទ្ធ ភាព។ លើសពីនេះ ការលុបបំបាត់នូវអំពើពុករលួយ ក្នុងការអនុវត្តច្បាប់លើបញ្ហាដ៏គួរឱ្យបារម្ភមួយនេះ គឺរឹតតែសំខាន់ថែមទៀត ព្រោះជាវាដើមចមដែលនាំឱ្យមានភាពអសកម្ម និងប្រព័ន្ធការងារយឺតយ៉ាវ។
ចំណែកប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង ក៏បានលើកឡើងដែរថា រដ្ឋាភិបាលអាចទប់ស្កាត់ការនាំចូល ឬចរាចរណ៍លក់គ្រឿងញៀនបាន ទាល់តែពង្រឹងការអនុវត្តច្បាប់ អាជ្ញាធរត្រូវការពារសុវត្ថិភាពពលរដ្ឋ និងលើកទឹកចិត្តដល់ពួកគេ ដែលហ៊ានរាយការណ៍អំពីបទល្មើសគ្រឿងញៀន។
ក្រៅពង្រឹងការអនុវត្តច្បាប់ហើយលោក យង់ គឹមអេង ថា រដ្ឋាភិបាលត្រូវហ៊ានដាក់ទោសចំពោះមន្ត្រីរបស់ខ្លួន ដែលខកខានមិនបានអនុវត្តតាមផែនការ និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការចរាចរណ៍គ្រឿងញៀន នៅក្នុងតំបន់នីមួយៗ។
យ៉ាងនេះក្តី លោកមើលឃើញថា រដ្ឋាភិបាលមានការប្រឹងប្រែងលើការងារនេះ ប៉ុន្តែវិធានការរបស់រដ្ឋាភិបាលធ្វើបានតែមួយឆាវៗ ប៉ុណ្ណោះ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយអំពីលទ្ធផលនៃការបង្កា្របបទល្មើសគ្រឿងញៀនរាល់ថ្ងៃ បង្ហាញថា សមត្ថកិច្ចឃាត់បានខ្លួនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនចន្លោះពី៥ ទៅជាង ១០នាក់ ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ដែលភាគច្រើនសុទ្ធសឹងតែជាយុវជន។
របាយការណ៍អគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា នៅខែមករា ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ចទូទាំងប្រទេសកម្ពុជា បានបង្ក្រាបករណីគ្រឿងញៀនចំនួន ៦៩៨ករណី និងឃាត់ខ្លួនមនុស្សចំនួនជិត២ពាន់នាក់(១ ៧២២) រួមទាំងមានការដកហូតថ្នាំញៀនជិត ៧០គីឡូក្រាម រួមនឹងកញ្ឆាជាង៦ពាន់ ដើម(៦ ៤២៧) ។
នៅដើមខែកុម្ភៈ កម្លាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិ ចិនចំនួន ០២នាក់ ហើយរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម នៅរាជធានីភ្នំពេញ។ នៅថ្ងៃទី៦ ខែកុម្ភៈ អាជ្ញាធរខេត្តព្រះសីហនុ រកឃើញគ្រឿងញៀនជាង ៤រយគីឡូក្រាម ទម្លាក់ចោលលើឆ្នេរកោះពូលូវ៉ៃ ក្នុងខេត្តនេះ ដែលជាមូលដ្ឋានរបស់ទាហានជើងទឹកកម្ពុជា។
អ្នកវិភាគនយោបាយលោក គឹម សុខ មើលឃើញថា ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា គ្រាន់តែយុទ្ធនាការសិល្បៈរបស់ពួកមន្ត្រីទទួលបន្ទុកកិច្ចការគ្រឿងញៀន ក្នុងការរកប្រយោជន៍ពីគ្រឿងញៀនតែប៉ុណ្ណោះ។ លោកបន្តថា តំណែងរបស់មន្ត្រីទាំងនោះ កាន់តែធំក្នុងតួនាទីបង្ក្រាបគ្រឿងញៀន ពួកគេកាន់តែមានទ្រព្យស្ដុកស្ដម្ភ ដោយសារតែ អ្នកចែកចាយគ្រឿងញៀន គឺជាភ្នាក់ងាររកលុយឲ្យពួកគេ មិនមែនជាជនល្មើសដែលពួកគេត្រូវបង្ក្រាបនោះទេ។
លោកបន្តថា នៅកម្ពុជាឈ្មួញគ្រឿងញៀនកាន់តែធំ គឺកាន់តែមានអំណាច ក្នុងការរកស៊ីចែកប្រយោជន៍ជាមួយមន្ត្រី ហើយពួកឈ្មួញគ្រឿងញៀនមិនដែលខ្លាចគុកទេ ពួកគេចាត់ទុកមេគុក និងមន្ត្រីគុក គ្រាន់តែជាអ្នកចាំសុំលុយរបស់ពួកគេចាយតែប៉ុណ្ណោះ ។
លោកបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នបានក្លាយជាឋានសួគ៌របស់ឈ្មួញគ្រឿងញៀនធំៗ ទៅហើយ ហើយមិនមែនមនុស្សអត់ខ្សែទេ ដែលជាមេឈ្មួញគ្រឿងញៀននោះ។
បើតាមរបាយការណ៍នគរបាលបង្ហាញថា នៅឆ្នាំ២០២០ កម្លាំងនគរបាលបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង១ម៉ឺនករណី( ១០,១៩៣) និងចាប់ខ្លួនមនុស្សបានជាង ២ម៉ឺននាក់ ។ ការចាប់ខ្លួននេះ បានកើនឡើង២០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ខណៈការរឹបអូសគ្រឿងញៀនក៏បានកើនឡើង ១៧%ដែរ។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងការបង្រ្កាបនោះ នគរបាលបានរឹបអូសថ្នាំញៀនចំនួនជាង៣តោន(៣,២៥១ គីឡូក្រាម) រួមមាន ថ្នាំញៀនមេតំហ្វេតាមីន ថ្នាំពង្វក់ស្មារតីប្រភេទអំហ្វេតាមីន កូកាអ៊ីន ខេតាមីន និងហេរ៉ូអ៊ីន កញ្ឆាជិត៣រយគីឡូ (២៨៩) និងអាភៀនជាង ២សែនដើម( ២៨៧, ៧៣៥)។
របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីខែឧសភា ឆ្នាំ២០២០ បង្ហាញថា កម្ពុជាឋិតក្នុងចំណោមប្រទេសអាស៊ានចំនួន៤ ដែលរកឃើញករណីជួញដូរថ្នាំញៀនខុសច្បាប់ច្រើនជាងគេបំផុតក្នុងតំបន់ ៕