សកម្មជនការពារបរិស្ថានជនជាតិអេសស្បាញ អះអាងថា លោកកំពុងព្យាយាមរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីបានចូលរួមការពារខ្លួនក្នុងសវនាការ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ របស់តុលាការកម្ពុជា ដើម្បីបង្ហាញឱ្យមតិជនជាតិ និងអន្តរជាតិឃើញកាន់តែច្បាស់ថា តុលាការកម្ពុជាគឺជារោងល្ខោនរបស់អ្នកនយោបាយ និងអ្នកមានអំណាចតែប៉ុណ្ណោះ។
ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson)បានសេរសេលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា លោកបានស្នើសុំទិដ្ឋការ វិលត្រឡប់ទៅកម្ពុជាវិញដើម្បីចូលរួមក្នុងសវនាការរបស់ក្នុងសាលាដំបូងរាជធានីភ្នំពេញ តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មកម្លេះ ។
លោកថា លោកបានបង់លុយដើម្បីទទួលបានទិដ្ឋការរួចរាល់អស់ហើយ ប៉ុន្តែរហូតដល់ពេលនេះ លោកមិនទាន់ទទួលបានចម្លើយណាមួយនៅឡើយទេពីអាជ្ញាធរកម្ពុជា។
លោក អះអាងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មេធាវីរបស់របស់លោក បានស្នើរសុំចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក លិ សុខា ចេញដីការកោះហៅរូបលោកឲ្យមកចូលរួមចំពោះមុខក្នុងសវនាការនេះ ប៉ុន្តែចៅក្រមរូបនះនៅមិនទាន់បានឆ្លើយ ទៅកាន់មេធាវីរបស់លោកនៅឡើយទេ។
លោក អាឡិច ហ្គន់សាឡេស ដេវិតសុន រិះគន់ថា គេមិនចាំបាច់រៀនដល់បណ្ឌិតច្បាប់នោះទេ ដើម្បីគ្រាន់តែឲ្យដឹងថា រាល់ជនជាប់ចោទត្រូវមានសិទ្ធិ និងមានវត្តមាននៅក្នុងសវនាការដើម្បីការពារខ្លួនពីការចោទប្រកាន់។
យ៉ាងណាក៏ដោយ លោកថា ការចោទប្រកាន់មកលើរូបលោក និងសកម្មជនបរិស្ថានផ្សេងទៀត គឺមិនត្រឹមតែមានលក្ខណៈនយោបាយទេ ថែមទាំងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង។
ការអះអាងនេះធ្វើឡើង មួយថ្ងៃមុននឹងការបើកសវនាការរបស់តុលាការក្រុងភ្នំពេញ លើស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ដែលបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីចុងឆ្នាំ២០២០ កន្លងទៅ។
កាលពីចុងខែកញ្ញា ឆ្នាំ២០២០ ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ ញុះញង់បង្ក ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលនឹងគ្រោងបើកសវនាការនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
ការចោទប្រកាន់នេះធ្វើឡើង បន្ទាប់ពីសកម្មជនបរិស្ថាន៣រូបរួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង កញ្ញា ភួង កែវរស្មី ត្រូវអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីដើមខែកញ្ញា ឆ្នាំ២០២០ អំឡុងពេល សកម្មជនបរិស្ថានទាំងនោះ គ្រោងធ្វើដំណើរដោយថ្មើជើងពីរមណីយដ្ឋានវត្តភ្នំទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្បែរវត្តភ្នំ ដើម្បីទាមទារឲ្យប្រមុខរដ្ឋាភិបាលអន្តរាគមន៍បញ្ឈប់ការលុបបឹងតាមោកនៅក្នុងរាជធានីភ្នំពេញ។
លោក អាឡិច ហ្គន់សាឡេស ដេវិតសិន ត្រូវបានអាជ្ញាធរកម្ពុជាដាក់ក្នុងបញ្ជីខ្មៅនិងត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីតំបន់អារ៉ែង និងការបូមខ្សាច់ពីសំណាក់ឈ្មួញទុច្ចរិតមួយចំនួននៅក្នុងខេត្តកោះកុង។
យ៉ាងណាក៏ដោយ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងថា សាលាដំបូងងរាជធានីភ្នំពេញ បានសម្រេច លើកសវនាការដែលបានគ្រោងទុក ចន្លោះពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ទៅពេលក្រោយវិញ ក្រោយប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រួចមក។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា មេធាវីដែលបានដាក់ពាក្យស្នើសុំទៅតុលាការដើម្បីកោះហៅ លោកអាឡិច ឲ្យចូលមកការពារខ្លួនក្នុងសវនាការរបស់លោកគឺពិតរឿងជាត្រឹមត្រូវតាមច្បាប់ ដើម្បីឲ្យរូបលោកអាចការពារខ្លួនពីការចោទប្រកាន់របស់តុលាការ។
លោក អះអាងថា ប្រសិនបើមិនមានការឆ្លើយតបជាវិជ្ជមានតាមសំណូមពររបស់មេធាវីទេ នោះគឺបញ្ជាក់ថា សវនាការនេះគឺធ្វើឲ្យប៉ះពាល់ និងរំលោភទៅលើសិទ្ធិជនជាប់ចោទក្នុងការទទួលបានការជុំនុំជម្រះក្តីដោយយុត្តិធម៌ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
លោក សឹង សែនករុណា អំពាវនាវ ឲ្យតុលាការកម្ពុជាជំរុញទៅអាជ្ញាធរពាក់ព័ន្ធឲ្យបើកផ្លូវដល់ជនជាប់ចោទអាចចូលមកក្នុងប្រទេសកម្ពុជាវិញដើម្បីឲ្យពួកគេទទួលបានសិទ្ធិពេញលេញក្នុងការ ការពារក្តីរបស់ពួកគេ ជាជាងការរារាំងដូចជាការបិទទិដ្ឋាការជាដើម ដែលបង្ហាញឲ្យឃើញថា ការសម្រេចក្តីលើសវនាការរបស់ពួកគេជាការសម្រេចដោយអយុត្តិធម៌។
គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មានរយៈពេល ៦ឆ្នាំហើយ ដែលសកម្មជនបរិស្ថាន ជនជាតិ អេស្បាញរូបនេះ ត្រូវបានរដ្ឋាភិបាលខ្មែរបណ្តេញចេញពីប្រទេសកម្ពុជា ក្រោមលេសថាហួសសុពភាពលិខិតឆ្លងដែន ខណៈសកម្មជនបរិស្ថានផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងពន្ធនាគារ ព្រៃស អស់រយៈពេល ១៧៤ថ្ងៃរួចទៅហើយ ទោះបីជាមតិជាតិនិងអន្តរជាតិចាត់ទុកថាជារឿងអយុត្តិធម៌ និងរំលោភសិទ្ធិមនុស្សយ៉ាងណាក្តី៕