29 C
Phnom Penh

សហគមន៍នៅខេត្តកំពង់ស្ពឺ និងព្រះសីហនុ ធ្វើយុទ្ធនាការជម្រុញឲ្យដោះលែង និងទំលាក់ចោលការចោទប្រកាន់លើសកម្មជនដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាសហគមន៍រងគ្រោះដីធ្លីនៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បាននាំគ្នាធ្វើយុទ្ធនាការជំរុញឱ្យមានការដោះលែង និងទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើសកម្មជនដីធ្លីចំនួន៦រូប។

ទំព័រហ្វេសប៊ុកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ពលរដ្ឋរងគ្រោះដីធ្លីនៅតាមសហគមន៍ រួមមានពលរដ្ឋសហគមន៍អមលាំង  ស្រុកថ្ពង  សហគមន៍ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងពលរដ្ឋសហគមន៍ក្នុងស្រុកព្រៃនប់ ស្ទឹងហាវ ខេត្តព្រះសីហនុ បានជួបជុំគ្នាជាក្រុមៗ ដោយមួយក្រុមៗ មានចំនួនជាង១០នាក់ បានចូលរួមយុទ្ធនាការជម្រុញឲ្យដោះលែង និងទំលាក់ចោលការចោទប្រកាន់សកម្មជនដីធ្លី។

លើសពីនេះ  យុទ្ធនាការលើកជាបដាថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនេះរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើការទាមទារឲ្យមានការដោះលែង និងទម្លាក់ចោលបទចោទទៅលើពលរដ្ឋរងគ្រោះដីធ្លីទាំង៦រូប រួមមាន លោកសែម សាង លោក ហឿន ស៊ីនាថ លោក ផុន សុផល អ្នកស្រី អេង វ៉ាន់ លោក សែម ចំណាន និងលោក កៅ ហួ ដែលអជ្ញាធរបានចាប់ខ្លួនពួកគាត់ជាបន្តបន្ទាប់កាលពីឆ្នាំ២០១៩ និង២០២០កន្លងទៅ។

បន្ថែមពីនេះ  ស្វែងរកកិច្ចអន្តរាគមន៍ពីអជ្ញាធរមូលដ្ឋាននិងអភិបាលខេត្តក៏ដូចជាអ្នកទទួលខុសត្រូវក្នុងការទទួលខុសត្រូវចំពោះរាល់ការរំលោភបំពានដីធ្លីរបស់ពួកគេ និងបញ្ឈប់ការប្រើប្រាស់កម្លាំងអាវុធហត្ថមានសមត្ថភាពគំរាមកំហែងបំភិតបំភ័យឬចាប់ខ្លួនប្រជាពលរដ្ឋសាមញ្ញដែលរងគ្រោះ។

យុទ្ធនាការដដែលនេះ ក៏មានគោលបំណង ដើម្បីកសាងការគោរពខ្លួនឯង សហគមន៍ទាំងមូលក្នុងការបង្រួបបង្រួមបណ្តាញខេត្ត បណ្តាញថ្នាក់ជាតិ គំនិតផ្តួចផ្តើមតស៊ូមតិបែបនេះមានប្រសិទ្ធភាពសម្រាប់ការដោះស្រាយសិទ្ធិដីធ្លីរបស់ពួកគេ ព្រមទាំងលើកកម្ពស់ការចិញ្ចឹមជីវិតជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពថែមទៀតផង។

តំណាងសហគមន៍ជាំក្រវៀន លោក ផុន សុផល ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីគាត់បានចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំងសកម្មភាពការងារប្រចាំឆ្នាំ២០២០ ជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលរៀបចំនៅ ខេត្តព្រះសីហនុ។

លោក ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ ចោទពីបទ«សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្ត បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តតាមបណ្តាញសង្គមនៅខេត្តត្បូងឃ្មុំ» អាចប្រឈមនឹងផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែក ប្រជាសហគមន៍ស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរខេត្តត្បូងឃ្មុំ លោក សែម ចំណាន ត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំ ចាប់ឃុំខ្លួនកាលពីថ្ងៃទី១៥ ខែមករាឆ្នាំ២០២១កន្លងទៅ ពាក់ព័ន្ធនឹងសកម្មភាពការពារដីព្រៃសហគមន៍ និងការបញ្ចេញមតិតាមបណ្ដាញសង្គមហ្វេសប៊ុក។

មកទល់ពេលនេះ ប្រជាសហគមន៍រងគ្រោះដីធ្លីនៅឃុំត្រពាំងព្រីង ចំនួន៣នាក់ហើយ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមលោក សែម សាង លោក ហឿន ស៊ីនាត និងលោក សែម ចំណាន ។ ក្រៅពីនេះ សមាជិកសហគមន៍ស្រែប្រាំងជាង ៣០នាក់ផ្សេងទៀត ត្រូវបានរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើនតាមបណ្ដឹងរបស់ក្រុមហ៊ុនចិនមួយឈ្មោះ ហាមីនីវេនអ៊ិនវេសមេន និងអាជ្ញាធរ។

កន្លងមក ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សច្ចាហើយថា នឹងមិនឱ្យពលរដ្ឋមានជម្លោះដីធ្លីណាម្នាក់ត្រូវជាប់ពន្ធនាគារនោះទេ ប៉ុន្តែមកទល់ពេលនេះសមត្ថកិច្ចរបស់លោកក៏បានចាប់ខ្លួនប្រជាសហគមន៍រងគ្រោះដីធ្លីដាក់ពន្ធនាគារឥតស្រាកស្រាន្ត បើទោះបីជាពួកគេទាំងនោះគ្រាន់តែប្រើប្រាស់សិទ្ធិការពារដីធ្លី ដែលជាអាយុជីវិតរបស់ពួកគេក៏ដោយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស