29 C
Phnom Penh

ចលនានិស្សិតថា មនោគមន៍វិជ្ជាកុម្មុយនិស្តកំពុងពង្រីកឥទ្ធិពលក្នុងតំបន់អាស៊ីជាបន្តបន្ទាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD អះអាងថា នយោបាយរដ្ឋប្រហារអចិន្ត្រៃយ៍របស់លោក ហ៊ុន សែន នៅកម្ពុជា និងអំណាចក្បត់ឆន្ទៈរាស្ត្រនៅថៃ នៃលោក ប្រាយុត ចាន់អូចា ព្រមទាំងរដ្ឋប្រហារយោធានៅប្រទេសភូមា បានស្ដែងចេញអំពីទំនោរ និងចរន្តរ៍នៃការពង្រីកកម្លាំងកុម្មុយនិស្ដ នៅតំបន់អាស៊ានយ៉ាងខ្លាំងក្លា។

ក្រុមអ្នកតស៊ូមតិទាំងនេះ ក៏បានដាក់លិខិតជូនរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក លោក អែនតូនី ប្លីងខិន កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ថា SMD មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅក្នុងតំបន់អាស៊ាន។ ជាក់ស្តែង ចរន្តរ៍នៃងើបឡើងវិញនូវអំណាចក្រុមយោធានិយមនៅ កម្ពុជា ថៃ និងនៅប្រទេសភូមា នាពេលចុងក្រោយនេះ ។

ប្រភពដដែល អះអាងថា អំណាចយោធានៃប្រទេសទាំងនេះ បានបំពានឆន្ទៈពលរដ្ឋ រំលោភលើលក្ខន្តិកៈនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។

លើសពីនេះ គឺជាការរំលោភទៅលើ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។ រំលោភលើ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍នីតិរដ្ឋ ហើយដើរបញ្ច្រាសពីបំណងប្រាថ្នារបស់ពលរដ្ឋនៃប្រទេសនីមួយៗ ដែលកំពុងបង្ហាញការតវ៉ាប្រឆាំងយ៉ាងប្ដូរផ្ដាច់ ដើម្បីផ្លាស់ប្ដូរទៅកាន់របបប្រជាធិបតេយ្យពិតប្រាកដ។

លិខិតដដែលបញ្ជាក់ថា ការរំលាយគណបក្សសង្គ្រោះជាតិ ការរំលោភរដ្ឋធម្មនុញ្ញ និងក្បត់ឆន្ទៈពលរដ្ឋខ្មែរ ដែលមាន លោក ហ៊ុន សែន ជាមេក្លោង គឺជាមេរៀនដ៏អាក្រក់ដែលបានបង្រៀនពួកយោធាថៃឲ្យហ៊ាន រំលាយគណបក្សប្រឆាំងនៅប្រទេសថៃ។

បន្ថែមពីនេះ វា ក្លាយជាគំរូលើក ទឹកចិត្តពួកផ្ដាច់ការនៅប្រទេស ផ្សេងៗទៀត ដូចជាយោធាភូមា ជាដើម ឲ្យហ៊ានពង្រីកឥទ្ធិពលអំណាចយោធារបស់ខ្លួន ដែលកំពុងរុញតំបន់អាស៊ានឲ្យធ្លាក់ទៅក្នុងគន្លងកម្មុយនិស្ត។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិកបន្ធូរដៃឲ្យពួកយោធាមួយឆ្នាំ ពួកគេអាចសម្លឹងឃើញក្រឡា បន្តប្លន់អំណាចបានយូរឆ្នាំ។

ប៉ុន្តែបើបន្ធូរឲ្យពួកយោធាដល់ច្រើនឆ្នាំ មេដឹកនាំយោធាអាចរកឃើញផ្លូវក្ដោបក្ដាប់ ប្រទេសនោះជាច្រើនអាណត្តិ ឬដល់ទៅមួយជីវិតឯណោះ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋប្រហារយោធានៅប្រទេសភូមាបានកើតឡើងនៅដើមខែកុម្ភៈ ឆ្នាំ២០២១នេះ ស្របពេល មេយោធារដ្ឋប្រហារនៅប្រទេសថៃបានកាន់អំណាចដល់សព្វថ្ងៃដោយសាររដ្ឋប្រហារដ្ឋាភិបាលស៊ីវិល កាលពីឆ្នាំ២០១៤ ដែរនោះ។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍យោធានៃប្រទេសភូមាលោក មីន អួងហ្លាំង បានដឹកនាំកងកម្លាំងយោភូមាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ  ដែលដឹកនាំដោយ លោកស្រី អ៊ុង សានស៊ូជី ដែលបានឈ្នះការបោះឆ្នោតដោយស្របច្បាប់កាលពីចុង ឆ្នាំ២០២០ កន្លងទៅ។

យ៉ាងណាក៏ដោយ ហ្វូងបាតុករដែលបានប្រឆាំងចំពោះរដ្ឋប្រហារនេះ ត្រូវយោធាភូមាបង្ក្រាបបណ្តាលឲ្យមានពលរដ្ឋស្លាប់ និងរងរបួសរាប់រយនាក់ទៀតផង។

រដ្ឋប្រហារដណ្តើមអំណាចស្រដៀងគ្នានេះបានកើតឡើងកាលពី ឆ្នាំ២០១៤ នៅប្រទេសថៃផងដែរ ដោយមេបញ្ជាការយោធាជាន់ខ្ពស់គឺ លោក ប្រាយុទ្ធ ចាន់អូចារ បានធ្វើរដ្ឋប្រហារយោធា ដណ្តើមអំណាចពីអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា។ ប៉ុន្តែ នៅចុងឆ្នាំ២០២០ នេះ ប្រជាជនថៃបាននាំគ្នាសំដែងមតិដោយការធ្វើបាតុកម្មទាមទារឲ្យមេរដ្ឋប្រហាររូបនេះចុះចេញពីតំណែង ខណៈការបង្ក្រាបបានកើតមានទៅលើបាតុករយ៉ាងធ្ងន់ធ្ងរ។

ដោយឡែកនៅកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេចាត់ទុកថាជាមេក្លោងក្នុងការធ្វើរដ្ឋប្រហារអចិន្ត្រៃយ៍ ដូចជា ការធ្វើរដ្ឋប្រហារដណ្តើមអំណាចកាល ពីថ្ងៃ ទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ពីគណបក្ស ហ៊ិន ស៊ិនប៉ិច ដែលឈ្នះឆ្នោតឆ្នាំ១៩៩៣ដែលរៀបចំឡើងដោយអ៊ុនតាក់ ហើយវាជាការរំលោភរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិនានាផងដែរ។ ជាងនេះទៅទៀត កាលពីឆ្នាំ២០១៧ លោក ហ៊ុន សែន បានចាប់មេបក្សប្រឆាំងលោក កឹម សុខា ដាក់ពន្ធនាគារ និងបានកែច្បាប់ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលមានការគាំទ្រពីពលរដ្ឋជាងកន្លះនគរ ដោយអយុត្តិធម៌ ។

យ៉ាងណាក៏ដោយ លោកហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនតែងច្រានចោលការចោទប្រកាន់ទាំងនេះ ដោយថាអ្វីដែលរដ្ឋាភិបាលលោកធ្វើនោះ គឺជាការអនុវត្តច្បាប់សុតសាធ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ទោះជាឥទ្ធិពលកុម្មុយនិស្ត ព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែពលរដ្ឋខ្មែរត្រូវតែបង្ហាញជំហររបស់ខ្លួនទាមទារ និងនៅតែប្រកាន់យករបបប្រជាធិតេយ្យជានិច្ចទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោក អំពាវនាវ ឲ្យពលរដ្ឋខ្មែរបន្តគាំទ្រមេបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាពដោយអយុត្តិធម៌ ដើម្បីបង្ហាញទៅកាន់អន្តរជាតិថា ពលរដ្ឋខ្មែរនៅតែរក្សាជំហរទាមទាមសិទ្ធិសេរីភាព និងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញឥតងាករេ ទោះរងការគាបសង្កត់ពីរដ្ឋាភិបាលផ្តាច់ការបច្ចុប្បន្ននេះយ៉ាងណាក៏ដោយ។

លោក ទូច វិបុល ជំរុញឲ្យពលរដ្ឋខ្មែរត្រូវមានការប្រុងប្រយ័ត្នចំពោះអ្នកនយោបាយដែលប្រើរូបភាពប្រជាធិបតេយ្យដើម្បីបន្លំភ្នែកពលរដ្ឋ ហើយជួយជ្រោមជ្រែងអំណាចរបស់ជនផ្តាច់ការទៅវិញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស