32.9 C
Phnom Penh

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកទីតាំង៥កន្លែង មិនឲ្យបើកធ្វើអាជីវកម្ម ក្រោយរកឃើញស្ត្រីជនជាតិចិន២នាក់ ឆ្លងជំងឺកូវីដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាក ឬបិទទីតាំងចំនួន០៥ កន្លែង មិនឲ្យបើកធ្វើអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ការសម្រេចផ្អាកនេះ ធ្វើឡើងក្រោយពេលក្រសួងសុខាភិបាល បានយកសំណាក របស់ស្ត្រីជនជាតិចិនចំនួន ០២នាក់ ទៅធ្វើតេស្ត កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ហើយត្រូវបានរកឃើញថា ស្ត្រីទាំង ០២នាក់នេះ មានវិជ្ជមានជំងឺកូវីដ-១៩។

អាជ្ញាធរខេត្តព្រះសីហនុឲ្យដឹងថា ស្ត្រីទី១ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានមកស្នាក់នៅក្នុងសណ្ឋាគារ ជីនប៉ី ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ស្ត្រីទី២ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានមកស្នាក់នៅសណ្ឋាគារ ហង័ហ្គន័ជាយី ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

 កាលពីម្សិលម៉ិញ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាក មិនឲ្យសណ្ឋាគារ ហង័ហ្គន័ជាយី និងសណ្ឋាគារ ជីនប៉ី ទាំង០៣សាខា ព្រមទាំងអគារស្នាក់នៅរួម របស់បុគ្គលិក ក្នុងក្រុងព្រះសីហនុ មិនឲ្យបើកធ្វើអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ពីការឆ្លងចូលក្នុងសហគមន៍។

ទីតាំងទាំង ០៥កន្លែង ដែលរដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកមិនឲ្យបើកធ្វើអាជីវកម្មខាងលើនេះ រួមមាន៖ Jin Bei Casino & Hotel Jin Bei Palace Hotel Jin Bei Artisan Hotel អគារស្នាក់នៅរួម របស់បុគ្គលិកក្រុមហ៊ុន ជីនប៉ី និង Crowne Plaza Hotel (សណ្ឋាគារហ័ងហ្គ័នជាយី)។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក៏បានអំពាវនាវដល់ ពលរដ្ឋ ដែលធ្លាប់ចេញចូលសណ្ឋាគារជីនប៉ី ទាំង០៣សាខា និងអគារស្នាក់នៅរួម របស់បុគ្គលិកក្រុមហ៊ុនជីនប៉ី ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងធ្លាប់ចេញចូលសណ្ឋាគារ ហ័ងហ្គ័នជាយី ក្នុងក្រុងព្រះសីហនុ ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងខ្លួនថា បានប៉ះពាល់ជាមួយស្ត្រីជនជាតិចិន ទាំង០២នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ-១៩ សូមប្រញាប់ទៅពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យ ទាំងអស់គ្នាជាបន្ទាន់។

រដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រះហនុ បានដាក់មន្ត្រីជំនាញសុខាភិបាល ឲ្យនៅប្រចាំការក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ តេជោសែន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង ០១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដើម្បីឲ្យក្រុមការងារ ចុះយកសំណាកដើម្បីពិនិត្យធ្វើតេស្ត និងធ្វើចត្តាឡីស័ក ចំពោះអ្នកជាប់ពាក់ព័ន្ធទាំងអស់ចំនួន ១៤ថ្ងៃ ដើម្បីតាមដានសុខភាពពួកគេ។

បច្ចុប្បន្ននេះ ស្ត្រីជនជាតិចិនទាំង ០២នាក់ ដែលបានរកឃើញឆ្លងជំងឺកូវីដ-១៩ ត្រូវបានមន្ត្រីសុខាភិបាល ដាក់ឲ្យរស់នៅដាច់ដោយឡែកពីគ្នា និងផ្តល់ការពិនិត្យព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស