33.3 C
Phnom Penh

លោក ហ៊ុន សែន បញ្ជាឱ្យលោក ស ខេង ដកបម្រាមដែលហាមមិនឱ្យពលរដ្ឋដឹកទំនិញចេញ-ចូល ទៅកាន់ប្រទេសជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានបញ្ជាទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យលុបចោលបម្រាមដែលហាមមិនឱ្យពលរដ្ឋដឹកទំនិញចេញ-ចូល ពីកម្ពុជាទៅកាន់ប្រទេសជិតខាងជាបន្ទាន់។

ក្នុងសារជាសំឡេងរបស់លោក ហ៊ុន សែន នៅថ្ងៃទី ២៤ ខែកម្ភៈ ឆ្នាំ២០២១ នេះ ដោយបញ្ជាទៅលោក ស ខេង ពិសេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យដកចេញនូវបទបម្រាមនេះចេញវិញ។

លោកបញ្ជាក់ថា ការលុបចោលបម្រាមមិនឱ្យពលរដ្ឋកម្ពុជាដឹកទំនិញចេញចូលទៅប្រទេសជិតខាងនោះ គឺដើម្បីសម្រួលឱ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា ហើយមិនត្រឹមតែរកស៊ីធម្មតាទេ ព្រោះពេលនេះជារដូវកាលប្រមូលផលកសិកម្ម ដូច្នេះត្រូវជំរុញឱ្យការនាំចេញទំនិញកាន់តែច្រើន ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករថែម ទៀត។

បទបញ្ជានេះ ក្រោយពេលពលរដ្ឋកម្ពុជានៅជាប់ព្រំដែនប្រទេសថៃបានសម្តែងក្តីបារម្ភ ដោយថាពួកគេនឹងជួបបញ្ហាប្រឈម ដោយសារមិនអាចដឹកទំនិញចេញចូលទៅកាន់ប្រទេសថៃបាន។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានដាក់បទបញ្ជានៅតាមខេត្តដែលនៅជាប់ព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសនៅច្រកខេត្តប៉ៃលិន ថាមិនឱ្យបងប្អូនខ្មែរយើងដឹកកសិផលទៅព្រំដែនថៃដូចពីមុនទៀតនោះទេ។ វិធានការនេះ ចាប់អនុវត្តន៍ពីថ្ងៃស្អែក ហើយរថយន្តរបស់ថៃអាចចូលមកក្នុងប្រទេសកម្ពុជាបាន។

លោកហ៊ុន សែន បញ្ជាក់ថា គោលបំណងតែមួយគត់ គឺការគ្រប់គ្រងពលរដ្ឋដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែអាចធ្វើឡើងជាធម្មតា។ ដូច្នេះលោកស្នើឱ្យបណ្ដាខេត្តនៅតាមព្រំដែនទាំងអស់យកការទទួលខុសត្រូវ ដើម្បីនឹងចាត់វិធានការ ធ្វើយ៉ាងណាឱ្យពលរដ្ឋនៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការជួយសម្រួលពីអាជ្ញាធរខ្មែរ។

លោកអះអាងថា ទីផ្សាររបស់កម្ពុជា គឺពឹងពាក់ជាមួយប្រទេសជិតខាង ដោយប្រទេសជាមិត្តនាំចូលមកកម្ពុជាក៏ច្រើន ហើយកម្ពុជាក៏នាំចេញទៅប្រទេសជិតខាងក៏ច្រើនដែរ។

មិនតែប៉ុណ្ណោះ ក្រសួងមហាផ្ទៃត្រូវដោះស្រាយបញ្ហានេះឱ្យបានច្បាស់លាស់ ចៀសវាងការភាន់ច្រឡំ ហើយការចេញបទបញ្ជាណាមួយទាក់ទងនឹងព្រំដែន ត្រូវតែប្រាប់លោកឱ្យបានដឹងផង ដោយថាលោកទទួលខុសត្រូវទៅលើបញ្ហា កិច្ចការនយោបាយនៅក្នុងប្រទេស និងក្រៅប្រទេស។ 

ចាប់តាំងពីកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩កាលពីដើមឆ្នាំ២០២០ ហើយជំងឺនេះបានផ្ទុះឡើងនៅប្រទេសជិតខាងរួចមក ប្រទេសវៀតណាម បានសម្រេចបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគី និងមិនបានជូនដំណឹងទៅកម្ពុជាឱ្យបានដឹងអំពីបញ្ហានេះនោះឡើយ។

ជាការឆ្លើយតបកម្ពុជា ក៏បានសម្រេចបិទព្រំដែនចេញចូលជាមួយវៀតណាមផងដែរ ប៉ុន្តែក្រោយមានការសម្របសម្រួលគ្នា ភាគីទាំងពីរក៏អនុញ្ញាតឱ្យមានការចរាចរណ៍ទំនិញទៅវិញទៅមកបាន។

ដោយឡែកកាលពីខែមីនា ឆ្នាំ២០២០ ភាគីថៃ បានជូនដំណឹងដល់កម្ពុជាអំពីការបិទច្រកព្រំដែន ក្រោមហេតុផលដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ ស្របពេលប្រទេសថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរហូតមក។

មកទល់ពេលបច្ចុប្បន្ន ការចេញចូលប្រទេសជិតខាងរបស់ពលរដ្ឋនៅតែស្ថិតក្នុងភាពរឹតត្បិត ដោយតម្រូវឱ្យមានការធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាលក្នុងប្រទេសនីមួយៗ ប៉ុន្តែភាគីទាំងអស់បានសម្រួលដល់ការចរាចរណ៍ទំនិញ និងការធ្វើពាណិជ្ជកម្មទៅវិញទៅមកបាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស