ក្រសួងសុខាភិបា បានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១បង្ហាញថា ក្រសួងរកឃើញជនជាតិចិនចំនួន ០៦នាក់ផ្សេងទៀត ដែលចូលមកស្នាក់នៅខេត្តព្រះសីហនុ បាន ឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេបានមកធ្វើតេស្ត ដើម្បីយកវិញ្ញាប័នបត្របញ្ជាក់សុខភាព មុននឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសរបស់ខ្លួនវិញ។
ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា ជនជាតិចិនទាំង០៦នាក់នេះ មិនមែនជាអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងឆ្លងរីករាលដាលខ្លាំង នៅរាជធានីភ្នំពេញ រយៈពេល ០៥ថ្ងៃចុងក្រោយនេះទេ។ ប៉ុន្តែក្រសួងសុខាភិបាល ក៏មិនបានបញ្ជាក់ឲ្យបានច្បាស់ថា ជនជាតិចិនទាំង ០៦នាក់នោះ បានមកស្នាក់នៅខេត្តព្រះសីហនុ តាំងពីពេលណា និងជាអ្នកទេសចរ ចូលមកកម្ពុជា តាំងពីពេលណានោះដែរ។
យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំការបញ្ជាក់ពី មន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាល គឺអ្នកស្រី ឱ វណ្ណឌីន បានទេនៅថ្ងៃទី២៥ ខែកុម្ភៈនេះ។
ប៉ុន្តែកាលពីថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងពីករណីអ្នកឆ្លងកូវីដ-១៩ លើជាជនជាតិចិន ០២នាក់ ដែលបានធ្វើដំណើរពីរាជធានីភ្នំពេញ ចូលមកខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយរកឃើញវិជ្ជមានមេរោគកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានផ្អាកដំណើរការសណ្ឋាគារ កាស៊ីណូ និងកន្លែងស្នាក់នៅរួម របស់ក្រុមហ៊ុនកាស៊ីណូ ដែលអ្នកជំងឺទាំង០២នាក់ ស្នាក់នៅ និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តនេះ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងឥតលាក់លៀម ឱ្យទាន់ពេល។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុទាំងអស់ សរុបមានចំនួន ៤៨នាក់ ដោយជាសះស្បើយ ៤០នាក់ និងកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន ០៨នាក់។
ចំណែកតួលេខ អ្នកឆ្លងសរុបទូទាំងប្រទេស មានចំនួន ៦៩៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ៤៧៧នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ២១៧នាក់។
ទាក់ទិនការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសេចក្តីជូនដំណឹងសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ដើម្បីទប់ជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលក្នុងសាលារៀន។
លិខិតជូនដំណឹងបន្ទាន់នោះ បានបញ្ជាក់ពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន ក្នុងរយៈពេល០២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រយោជន៍ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល នៃការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ។
លិខិតជូនដំណឹង របស់ក្រសួងអប់រំ មានចុះហត្ថលេខា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញនេះ មានខ្លឹមសារថា ដោយសារស្ថានភាព នៃការចម្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ។
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ហើយថា គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិចជំនួសវិញ។
លោក ហង់ជួន ណារ៉ុន ក៏បានជម្រាបជូនទៅ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងខាងលើនេះ ឲ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងស្នើឲ្យចូលរួមសហការអនុវត្ត តាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំនេះ ឲ្យបានទាំងអស់គ្នា និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕