34.8 C
Phnom Penh

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថា អង្គការសមាគមមួយចំនួនកំពុងជ្រៀតជ្រែកកិច្ចការតុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ប្រតិកម្មថា ការទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង ឬតុលាការទម្លាក់ចោលបទចោទប្រកាន់លើជនជាប់ចោទដែលជាអតីតអ្នកសារព័ត៌មាន របស់សារព័ត៌មាន The Cambodia Daily គឺជាទម្រង់មួយនៃការប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យរបស់ខ្មែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ជនត្រូវចោទ ឬជនជាប់ចោទ មានសិទ្ធិដឹងអំពីបទចោទប្រកាន់មកលើខ្លួន និងមានសិទ្ធិពឹងពាក់មេធាវីការពារខ្លួនផងដែរ។ ចំណែកមេធាវីមានសិទ្ធិដឹងអំពីសំណុំរឿង និងកិច្ចដំណើរការនៃសំណុំរឿងនេះ។

លោកចោទជាសំណួរថា តើនៅស្រុកណា ដែលព្រះរាជអាជ្ញា ត្រូវយកភស្តុតាងនៃសំណុំរឿងមកបង្ហាញអង្គការ-សមាគមទាំងនោះ មុននឹងដំណើរការចោទប្រកាន់ ឬត្រូវទៅរាយការណ៍ជូនមុននឹងដំណើរការនីតិវិធី?

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអង្គការអ្នកសារព័ត៌មានបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដើម្បីទាមទារឲ្យតុលាការទម្លាក់បទចោទលើអតីតអ្នកយកព័ត៌មានរបស់ សារព័ត៌មាន The Cambodia Daily ដែលរងការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ អង្គការ-សមាគមអ្នកសារព័ត៌មានចំនួន៣ រួមមាន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា Camboja និងក្លឹបអ្នកការសែតបរទេសនៃកម្ពុជា Opcc បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ជុំរុញឲ្យតុលាការពន្លឿនដំណើរការក្ដីលើករណីអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី លោក អូន ភាព និង លោក Zsombor Peter។

អង្គការ-សមាគមអ្នកសារព័ត៌មានទាំងនេះ ទាមទារឲ្យព្រះរាជ្ញាបង្ហាញភស្តុតាង ដែលអាចបញ្ជាក់ថាអ្នកកាសែតទាំង២នាក់មានពិរុទ្ធក្នុងបទចោទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ បើមិនដូច្នោះទេ សូមទម្លាក់ចោលពាក្យបណ្តឹងឧទ្ធរណ៍ដែលស្នើឲ្យបន្តរឿងក្តីនេះ។

ជាងនេះទៀត តុលាការមិនត្រូវអូសបន្លាយពេលបន្តទៀតនោះទេ ដែលនាំឲ្យប៉ះពាល់ដល់ការងារ ការរស់នៅរបស់អតីតអ្នកកាសែតទាំង២រូបនេះ។

ប្រភពដដែល អះអាងថា អ្នកសារព័ត៌មានគឺមិនមានទោសជាដាច់ខាត រហូតទាល់តែមានភស្តុតាងបង្ហាញយ៉ាងច្បាស់ថាពួកគេពិតជាមានពិរុទ្ធ ដូចដែលមានចែងក្នុងច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិ។ យ៉ាងណាក៏ដោយ រយៈពេល៣ឆ្នាំកន្លងមកនេះ តុលាការកម្ពុជាបរាជ័យក្នុងការបង្ហាញភស្តុតាងបញ្ជាក់ពីពិរុទ្ធភាបរបស់អតីតអ្នកការសែទទាំង២រូបនេះទាំងស្រុង។

កាលពីខែសីហា ឆ្នាំ២០១៧ អតីតអ្នកសារព័ត៌មាន The Cambodia Daily គឺលោក អូន ភាព ជនជាតិខ្មែរ និងលោក រ ហ្សមប៊័រ ភីតធ័ Zsombor Peter ជាជនជាតិកាណាដា ត្រូវបានតុលាការខេត្តរតនគិរីចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីពួកគេចុះសម្ភាសពលរដ្ឋ ខេត្តរតនគិរី ទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ អង្គការ-សមាគមជិត ៦០ស្ថាប័ន បានចេញសេចក្តីថ្លែងកាណ៍រួម បង្ហាញពីការព្រួយបារម្ភពីការយាយីពីសំណាក់រដ្ឋាភិបាលកម្ពុជាលើប្រព័ន្ធផ្សព្វផ្សាយឯករាជ និងអ្នកសារព័ត៌មាន។

ពួកគេចាត់ទុកសកម្មភាពទាំងនោះថា ជាការគាប សង្កត់ រារាំងសេរីភាព និងរំលោភទៅលើសេរីភាពក្នុងការបញ្ចេញមតិយ៉ាងធ្ងន់ធ្ងរ។

មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សរបស់សមាគមន៍អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកជំទាស់ទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ទាំងស្រុង។ លោកបន្តថា អង្គការសមាគម និងសម័្ពន្ធអ្នកសារព័ត៌មានទាំងនោះ គ្រាន់តែដាក់ពាក្យស្នើសុំប៉ុណ្ណោះ មិនមែនជាការបង្គាប់បញ្ជានោះទេ។ ដូច្នេះការស្នើសុំរបស់អង្គការ-សមាគមទាំងនោះគឺជាពិតជាត្រឹមត្រូវ មិនផ្ទុយពីស្មារតីនៃផ្លូវច្បាប់នោះឡើយ។

លោក អះអាងថា រឿងក្តីរបស់អតីតអ្នកសារព័ត៌មានទាំងពីររូបនេះត្រូវតុលាការខេត្តមណ្ឌលគិរីទម្លាក់បទចោទរួចហើយ ចំណែកដើមបណ្តឹងក៏បានដកពាក្យបណ្តឹងវិញហើយដែរ។

លោក ចោទសួរថាតើ ហេតុអ្វីព្រះរាជអាជ្ញានៅតែបន្តបទចោទលើពួកគេទៀត? ដូច្នេះ ការស្នើរសុំបង្ហាញភស្តុតាងលើបទចោទនោះ ពីសំណាក់សមាគមអ្នកសារព័ត៌មាន គឺពិតជាសមហេតុផល និងមានមូលដា្ឋនពិចារណាច្បាស់លាស់ពិតប្រាកដ។

លោកអំពាវនាវ ឲ្យក្រសួងយុត្តិធម៌ទទួលយកនូវការស្នើសុំរបស់អង្គ-សមាគម ទាំងនោះដើម្បីពិនិត្យមើលឡើងវិញនូវដំណើរនៃសុំណុំរឿងនេះថាតើ វាមានភាពមិនប្រក្រតីត្រង់ចំនុចណាខ្លះដែលនៅតែបន្តប្តឹងទៅកាន់សាលាឧទ្ធរណ៍លើអ្នកកាសែតទាំងនោះ? លើសពីនេះ ក៏អាចនឹងរកបានភស្តុតាងដើម្បីបញ្ជាក់ជូនជាប់ចោទ និងសមាគមន៍ទាំងនោះផងដែរ។

ទិន្នន័យសង្គមស៊ីវិលបង្ហាញថា សេរីភាពសារព័ត៌មានសម្រាប់កម្ពុជារងការគម្រាមកំហែងធ្ងន់ធ្ងរជាប់ៗគ្នាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ក្នុងនោះពាក់ព័ន្ធនឹងការបិទស្ថានីយ៍វិទ្យុចំនួន ៣២ កាលពីចុងឆ្នាំ២០១៧  ការបង្ខំឱ្យបិទទ្វារកាសែត ឌឹខេមបូឌាដេលី និងការផ្លាស់ប្តូរម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ រួមទាំងការបិទគេហទំព័រចំនួន ១៧ ក្នុងពេលបោះឆ្នោតកាលពីខែកក្កដាឆ្នាំ ២០១៨ កន្លងទៅផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស