38 C
Phnom Penh

មន្ត្រីបក្ស GDP ថា រដ្ឋាភិបាលគ្មានគោលនយោបាច្បាស់លាស់ក្នុងការលើកស្ទួយផលិតផលក្នុងស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP ប្រតិកម្មទៅនឹងការធ្លាក់ចុះនូវតម្លៃត្រីក្នុងស្រុកដែលមានការត្អូញត្អែរពីកសិករប្រកបមុខបរស្ទើរតែគ្រប់កន្លែងថា រដ្ឋាភិបាលគ្មានគោលនយោបាយច្បាស់លាស់ក្នុងការលើកស្ទួយផលិតផលក្នុងស្រុកដែលចាំតែនាំចូលពីប្រទេសជិតខាង។

ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ខែកុម្ភៈនេះថា ការធ្លាក់ចុះនូវតម្លៃត្រីក្នុងស្រុកគឺដោយសារកានាំចូលពីប្រទេសជិតខាងច្រើនហួសកំណត់តម្រូវការរបស់កម្ពុជា។ ជាងនេះទៀត បញ្ហានេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាកសិករដែលប្រកបរបរនេះយ៉ាងធ្ងន់ធ្ងរ។

លោក អះអាងថា កសិករដែលប្រកបរបរចិញ្ចឹមត្រីនឹងប្រឈមវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ព្រោះថា ការលំបាករបស់ពួកគេមិនត្រឹមតែកើតឡើងដោយសារលក់ត្រីមិនបានតម្លៃខ្ពស់ដែលអាចឲ្យពួកគេចំនេញបានប៉ុណ្ណោះទេ ប៉ុន្តែក៏គ្មានឈ្មួញមកទិញត្រីទាំងនោះថែមទៀត។

ជាងនេះទៀត ពួកគេត្រូវចំណាយលើថ្លៃដើមផលិត ដូចជា ចំណីការថែទាំ និងវត្ថុធាតុដើមនាំចូលផ្សេងៗទៀតដែលមានតម្លៃថ្លៃជាប្រចាំ ខណៈកសិករវៀតណាមប្រើវត្ថុធាតុដើមដែលមានតម្លៃថោក ហើយអាចរកប្រាក់ចំណេញពីការនាំចេញមកកម្ពុជាថែមទៀត។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលកម្ពុជាគួររៀបចំគោលនយោបាយជុំរុញសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ក្នុងនោះ ត្រូវកំណត់បរិមាណនៃការនាំចូលគ្រប់ប្រភេទឲ្យបានច្បាស់លាស់ស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា ដើម្បីបញ្ជៀសការនាំចូលច្រើនលើលលប់ដែលបណ្តាលឲ្យតម្លៃត្រីក្នុងស្រុកធ្លាក់ថ្លៃ។

លោកថា ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ជាដើម ត្រូវសហការជាមួយអាជីវករ ឬ កសិករខ្មែរ ដើម្បីកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់ ថាតើត្រីណាជាប្រភេទត្រីនាំចូល និងត្រីណាជាប្រភេទត្រីក្នុងស្រុក។ លើលពីនេះក្រសួងអាចមានកម្មវិធីលើកទឹកចិត្តពលរដ្ឋខ្មែរទិញត្រីក្នុងជាជាងត្រីនាំចូលពីប្រទេសជិតខាង។

មន្ត្រីជាន់ខ្ពស់គណបក្ស GDP រូបនេះ បញ្ជាក់ថា ក្រសួងពាក់ព័ន្ធទាំងនោះក៏ត្រូវជួយកសិករដែលប្រកបរបរចិញ្ចឹមត្រីនេះឲ្យពួកគាត់អាចរកវត្ថុធាតុដើមដែលមានតម្លៃទាបក្នុងការផលិតជាចំណី និងជួយផ្តល់បច្ចេកទេសក្នុងការថែទាំផ្សេងដើម្បីកាត់បន្ថយការចំណាយឲ្យបានកាន់តែច្រើន និងប្តូរមកវិញនូវបា្រក់ចំណេញកាន់តែខ្ពស់។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសមាគនវារីវប្បករបានចេញសេចក្តីប្រកាសព័ត៌មានដែលបង្ហាញពីកង្វល់របស់ខ្លួនគ្មានឈ្មួញមកទិញត្រីសមាជិករបស់ដែលបានចិញ្ចឹមតាមបណ្តាខេត្តមួយចំនួន។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ សមាគមនវារីវប្បករនៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយអំពាវនាវឲ្យអាជីវករ ជួយទិញត្រីសមាជិកវារីវប្បករទាំងអស់ដែលលក់មិនចេញដោយសារគ្មានឈ្មួញមកទិញទាល់តែសោះចាប់តាំងពីដើមខែមករា ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ សមាគមវារីវប្បករនៅកម្ពុជា បានអំពាវនាវ ឲ្យអាជីវករប្រមូលទិញត្រីជួយទិញត្រីពីសមាជិកវារីវប្បករផង ដែលមាននៅតាមបណ្តាខេត្តនានាដូចជា ខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង ជាដើម សរុបមានចំនួន ១៥សាខា ក្នុងនោះមានប្រភេទត្រីដូចជាត្រីប្រា ត្រីពោ និងត្រីឆ្ពោ ដែលគ្រប់គីឡូនឹងដល់ពេលលក់។

 ចំនួនត្រីដែលសមាជិកវារីវប្បករចិញ្ចឹមចាប់ពី ២តោន រហូត ដល់ ៥០តោន តាមកន្លែងចិញ្ចឹមនីមួយៗ។ ជាងនេះទៀត សមាគម ជំរុញឲ្យស្ថាប័នពាក់ព័ន្ធពិចារណាលើបរិមាណការនាំចូលត្រីគ្រប់ប្រភេទពីប្រទេសជិតខាងលើសដែនកំណត់ចូលមកកម្ពុជាផងដែរ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មួយដែលបានយល់ព្រមតាមសំណើរសមាគមនវារីវប្បករកម្ពុជាដោយផ្អាកការនាំចូលប្រភេទត្រីមួយចំនួនពីប្រទេសវៀតណាម ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង ត្រីឆ្តោរ និងប្រភេទត្រីមួយចំនួនទៀត។

យ៉ាងនេះក្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានសម្រេចបន្តអនុញាតិឲ្យនាំចូលផលិតផលជលផលជាពិសេសត្រីចំនួន៤ប្រភេទដែលបានផ្អាក កាលពីខែមករា ឡើងវិញ ដូចជាត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោរ ដោយអះអាង ការបើកឡើងវិញនេះគឺស្របទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ។ ប៉ុន្តែសំណើរនេះ គឺធ្វើឡើងតាមការចង់បានរបស់វៀតណាមតែប៉ុណ្ណោះ បន្ទាប់ពីវៀតណាមប្រាប់ឱ្យកម្ពុជាដកបម្រាមនេះវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រតិកម្មលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៨ កុម្ភៈ កន្លងទៅថា ការបើកឲ្យវៀតណាមនាំត្រីចូលមកកម្ពុជាវិញ បង្ហាញថាក្រសួងកសិកម្មមិនមានគោលនយោបាយ និងគោលជំហរមិនច្បាស់លាស់ក្នុងការការពារ គាំទ្រនិងលើកស្ទួយផលិតកម្មក្នុងស្រុកទេ។

GDP អះអាងថា រដ្ឋាភិបាលមានកាតព្វកិច្ច កាត់បន្ថយការនាំចូលនូវផលិតផលទាំងឡាយណាដែលខ្មែរអាចផលិតបាននៅក្នុងស្រុក ដែលអាចជួយដល់សេដ្ឋកិច្ចជាតិ និងការងារប្រជាជន ជាពិសេសក្នុងពេលវិបត្តិកូវីដ១៩នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស