33 C
Phnom Penh

អង្គការអន្ដរជាតិជិត១៤០ អំពាវនាវរួមគ្នាឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហ៊ុមព័ទ្ធការជួញដូរអាវុធទៅអោយពួកយោធាភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិតមកដល់ថ្ងៃទី២៥ ខែកុម្ភៈនេះ គឺមានរយៈពេល ២២ថ្ងៃហើយ ដែលប្រទេសភូមាធ្លាក់ក្រោមរបបយោធា ហើយដែលពលរដ្ឋភូមាបានធ្វើបាតុកម្មឥតស្រាកស្រាន្ដ ប្រឆាំងរបបរដ្ឋប្រហារនេះ។ បាតុករភូមាបានអំពាវនាវទៅកាន់គ្រប់ប្រទេសជាមហាអំណាចឱ្យជួយអន្ដរាគមន៍ជាបន្ទាន់ដើម្បីបញ្ចប់របបសឹកមួយនេះ។

ជាការឆ្លើយតបមានប្រទេសមួយចំនួនដូចជា អាមេរិក កាណាដា អង់គ្លេស និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ភូមាមួយចំនួនដែលដឹកនាំការធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធជាតិ ប្រជាធិបតេយ្យ ដឹកនាំដោយ អ្នកស្រីអ៊ុងសានស៊ូជី។

សិង្ហបុរី និង ចិនជាប្រទេសលំដាប់លេខ១ និងលេខ២ដែលមានការវិនិយោគច្រើនបំផុតនៅក្នុងប្រទេសភូមា។ ប៉ុន្តែសម្រាប់ចិន គឺជាប្រភពមួយដែលភូមាធ្លាក់ក្នុងរបបសឹកកាលពី ៥ទសវត្សមុន គឺជាផ្លូវនាំអាវុធមកអោយពួកយោធា។ ប្រទេសដ៏ធំនេះ ក៏ជាប្រភពសេដ្ឋកិច្ច សម្រាប់ទ្រទ្រង់របបសឹកភូមាផងដែរ។

ដោយឡែកប្រទេសសិង្ហបុរីបើទោះជា ប្រទេសនេះ ពុំមានអាវុធសម្រាប់លក់ទៅអោយពួកយោធា ក៏ដោយ តែប្រទេសនេះ មានទំហំសេដ្ឋកិច្ច ដ៏ធំជាមួយ នឹងរបបសឹកកាលពីជាង៥០ឆ្នាំមុន។

បែបណាក៏ដោយ សម្រាប់ ចិនមិនត្រឹមសង្ស័យថាជាប្រភពទាញអាវុធចូល ភូមាទេ គឺចិនត្រូវបានបាតុករដាក់ការសង្ស័យ ថាជាអ្នកនៅពីក្រោយរដ្ឋប្រហារថ្ងៃទី១កុម្ភៈ ទៀតផង។

ប៉ុន្តែចិនបានច្រានចោលជុំវិញការលើកឡើងរបស់បាតុករហើយក៏បានអំពាវនាវឱ្យមានការបន្ធូរបន្ថយស្ថានការណ៍ រហូតដល់សន្យាថានឹងនិយាយជាមួយអាស៊ានដើម្បីរកដំណោះស្រាយឱ្យភូមា។ ដោយបារម្ភអំពីការទាញទម្លាក់ក្នុងសង្រ្គាមស៊ីវិល  ក្រុមសង្គមស៊ីវិល ជិត ១៤០ បានបញ្ជូនលិខិតរួមមួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដោយសុំមានការសម្រេចមួយ ដាក់ការហំព័ន្ធ លើការជួញដូរអាវុធ ទៅអោយពួកយោធាភូមា ។

ទីភ្នាក់ងារសារព័ត៌មាន FNA- បានដឹងថា ក្រុមអង្គការអន្តរជាតិទាំងអស់នោះ មកពី៣១ប្រទេស បានបញ្ជូន លិខិតចំហទៅ ក្រុមប្រឹក្សាសន្តិសុខ អង្កការសហប្រជាជាតិកាលពីថ្ងៃទី ២៤កុម្ភៈ។

ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ របស់អង្គការអន្តរជាតិ បានសរសេរថា មិនត្រឹមតែ ដាក់ទណ្ឌកម្ម លើពួកយោធា ដោយការបង្កកទ្រព្យសម្បតិ្ត នោះទេ គឺ គួរតែមានវិធានការមួយទៀត គឺការហំព័ន្ធការជួញដូរអាវុធ ទៅលើ របបរបស់ពួកយោធាទៀតផង។ 

នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក Kenneth Roth បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ពួកយោធាភូមានេះហើយ ជាក្រុមឧក្រិដ្ឋជនដែលបានប្រើប្រាស់អាវុធ វាយប្រហារជនស៊ីវិល នៃសហគមន៍រ៉ូហីងយ៉ា ហើយ អាវុធទាំងនោះ គឺពួកយោធា នឹងប្រើប្រាស់ បង្ក្រាបលើបាតុករ ។

គិតមកដល់ថ្ងៃនេះ បាតុករ ៧២៨នាក់ត្រូវបានចាប់ខ្លួន ដោយ អាជ្ញាធរ ពួកយោធា ហើយការចាប់ខ្លួន ច្រើនតែធ្វើឡើងនៅពេលយប់។

រដ្ឋប្រហារនេះ គឺជាឧបសគ្គដ៏ធំមួយចំពោះអន្តរកាលរបស់ប្រទេសភូមា ឈានទៅរកលទ្ធិប្រជាធិបតេយ្យ ក្រោយពីយោធាគ្រប់គ្រងរយៈពេលជាង ៥០ ឆ្នាំ ដែលបានចាប់ផ្តើមដោយរដ្ឋប្រហារឆ្នាំ ១៩៦២។

អ្នកស្រី អ៊ុងសាន ស៊ូជី បានឡើងកាន់អំណាច ក្រោយពីគណបក្សរបស់លោកស្រីបានឈ្នះការបោះឆ្នោតឆ្នាំ ២០១៥ ប៉ុន្តែក្រុមឧត្តមសេនីយ៍បានរក្សាអំណាចយ៉ាង នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តនៅក្រោមរបបយោធាកាលពីឆ្នាំ២០០៨។ ក្រសួងសន្តិសុខជាតិ និង ក្រសួងការពារជាតិ ដែលជាស្ថាប័ន ងាយផ្ដួលរំលំរដ្ឋាភិបាលស៊ីវិល គឺពួកយោធាបានកាន់កាប់យ៉ាងណែនក្នុងដៃ។ ទីបំផុតពួកយោធា ប្លន់អំណាចបាន ពីរដ្ឋាភិបាលប្រជាធិបតេយ្យកាលពីថ្ងៃទី១កុម្ភៈ។

ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍មួយទៀត បាន អោយដឹងថា ពួកយោធា បានចេញសេចក្ដីថ្លែងការណ៍ ព្រមានក្រុមអង្គការសង្គម ស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ កុំអោយ ហៅរបបរបស់ខ្លួនថាជា របបសឹកឬរបបរដ្ឋប្រហារ។

ក្រសួងព័ត៌មានថ្មីរបស់ពួកយោធា  បានផ្ញើសេចក្តីបង្គាប់ ទៅស្ថាប័នសារព័ត៌មាននិង ក្រុមអង្គការសង្គម ស៊ីវិលក្នុងស្រុកដែលថា មិនអនុញ្ញាតឱ្យប្រើប្រាស់ពាក្យ ថារដ្ឋាភិបាលយោធា ឬ របបសឹកឬ របបរដ្ឋប្រហារនោះទេ  ។

និពន្ធនាយកម្នាក់របស់សារព័ត៌មាន Myanmar Times បានប្រាប់សារព័ត៌មានក្នុងស្រុកមួយ គឺសារព័ត៌មាន  Irrawaddy News ថា ការព្រមានរបស់ក្រុមយោធា គឺជាការប៉ុនប៉ងបំបិទព័ត៌មានពិតនិង ក្រុមព័ត៌មាន ឯករាជ្យ នៅក្នុងប្រទេស ហើយងថាវានឹងធ្វើឱ្យស្ថានភាពនៅភូមា កាន់តែអាក្រក់ថែមទៀត។ ចំណែកសារព័ត៌មាន Mizzima បានអះអាងថា នៅតែបន្តប្រើពាក្យរដ្ឋាភិបាលយោធា ឬរបបសឹកឬរបបរដ្ឋប្រហារ  ទោះមានការព្រមានយ៉ាងណាក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស