34.8 C
Phnom Penh

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៤នាក់ ដោយក្នុងនោះមានជនជាតិចិន៧នាក់ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខេត្តព្រះសីហនុ សម្តែងកង្វល់ និងផ្អើលឆោរឡោពេញ ក្រុងទេសចរណ៍មួយនេះនៅគ្រាពួកគាត់ បានទទួលបានព័ត៌មានថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៤នាក់ទៀត ដោយក្នុងចំណោមនោះ មានជនជាតិចិនចំនួន០៧ បានចូលមករស់នៅ និងប្រកបការងារក្នុងក្រុងព្រះសីហនុ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានបុរសស្ត្រីជនជាតិចិន ចំនួន១៥នាក់ហើយ ដែលចូលមកធ្វើការងារ ក៏ដូចជារស់នៅខេត្តព្រះសីហនុ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩។ 

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៤នាក់នេះ គឺករណីឆ្លងក្នុងសហគមន៍មានចំនួន ៤០នាក់ និងអ្នកដំណើរវិលពីបរទេស ឬប្រទេសក្រៅមានចំនួន០៤នាក់។ ហើយថា នៅថ្ងៃនេះ មិនមានអ្នកជំងឺកូវីដ-១៩ ណាម្នាក់ជាសះស្បើយទេ។

 រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទទីតាំងសណ្ឋាគារ និងកាស៊ីណូធំៗចំនួន ០៦កន្លែង នៅក្រុងព្រះសីហនុ ផ្អាកមិនឲ្យបើកធ្វើអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ។

ជាងនេះទៀត ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចបិទផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុរយៈពេល ០២សប្តាហ៍ ប្រយោជន៍ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលដល់ក្នុងថ្នាក់រៀន ឬសាលារៀន។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក៏បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ អំពាវនាវឲ្យ ពលរដ្ឋ ឬអ្នករស់នៅក្នុងខេត្តព្រះសីហនុ ផ្អាកការធ្វើដំណើរចល័តចេញពីខេត្តនេះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬចេញទៅតាមបណ្តាខេត្តផ្សេងៗ បើពុំមានការងារចាំបាច់ទេ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នេះ ឲ្យស្របតាមការណែនាំ របស់ ក្រសួងសុខាភិបាល។

គិតត្រឹមល្ងាចថ្ងៃទី២៥ ខែកុម្ភៈម្សិលមិញនេះ អាជ្ញាធរទីក្រុងភ្នំពេញបានប្រកាសបិទទីតាំងចំនួន ៧៥កន្លែង ក្នុងក្រុងភ្នំពេញ ដែលជាប់ពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស