ក្រុមអ្នកឃ្លាំមើល អះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាលទ្ធផលដែលលេចចេញពីដំណើរការស្វែងរកសន្តិភាពដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។
អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកដែលជុំរុញឲ្យមានការសរសេររបាយការណ៍ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទី្រក្រុងប៉ារីស ឆ្នាំ១៩៩១ គួរតែធ្វើឡើងក្នុងបរិបទផ្សេងប៉ុន្តែក្នុងខ្លឹមសារតែមួយ។
លោក បញ្ជាក់ថា ជំនួយឧបត្ថម្ភទាំងនេះគួរជួយដល់ការប្រមូល និងការបកប្រែឯកសារប្រវត្តិសាស្ត្រខ្មែរអំពីដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ដែលមានជាកំណត់ត្រារបស់អង្គសហប្រជាជាតិ និងរបស់ប្រទេសនានាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំស្តីពីកម្ពុជា ទើបជាឯកសារដែលអាចបញ្ជាក់ពីកិច្ចសន្យានានារវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសជិតខាងពិតប្រាកដ។
អ្នកវិភាគរូបនេះ លើកឡើងថា ការស្រាវជ្រាវនេះ គឺត្រូវចាប់ផ្តើមពិនិត្យខ្លឹមសារ និងបកប្រែ កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១១-១៥ ខែមករា ឆ្នាំ១៩៧៩ ដែលមានរយៈពេល ១៦ថ្ងៃ បន្ទាប់ពីកងទ័ពវៀតណាមបានចូលឈ្លានពានកម្ពុជា ដើម្បីរំលំរបបខ្មែរក្រហមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៧៩៧៨ ។
បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ដំណើរការនេះក៏ត្រូវពិនិត្យឡើងវិញនូវបណ្តឹងរបស់កម្ពុជាប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសវៀតណាមមកលើកម្ពុជា ដែលសម្តេច ព្រះនរោត្តម សីហនុ បានលើកឡើងចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៩ផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ស្ថានទូតសហរដ្ឋអាមេរិកជុំរុញឲ្យអង្គការសង្គមស៊ីវិលធ្វើការស្រាវជ្រាវ និងបង្កើតជារបាយការណ៍ ឬវីដេអូឯកសារទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយថា ស្ថានទូតចង់ឲ្យអង្គការសង្គមស៊ីវិលធ្វើការស្រាវជ្រាវ និងបង្កើតជារបាយការ ឬវីដេអូឯកសារទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
ក្នុងការស្រាវជ្រាវនេះ មានគោលបំណងរំលឹកឡើងវិញនៅខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឆ្នាំ២០២១ នេះ។
ស្ថានទូត លើកឡើងថា វីដេអូឯកសាស្រាវជ្រាវនេះត្រូវតែមានលក្ខណៈទូលំទូលាយដោយផ្អែកលើគោលការណ៍ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងត្រូវវិភាគ វាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជា ថាតើ បានអនុវត្តស្របទៅតាមកិច្ចសន្យាដែលមានក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ នេះដែរឬក៏អត់។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងមួយ ស្តីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ គោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដែលមានការចូលរួមពីប្រទេសចំនួន ១៩ លើសកលលោក ។
ក្នុងកិច្ចប្រជុំនោះរកដំណោះស្រាយនោះ រួមទាំងកម្ពុជាខ្លួនឯងផង បានចុះហត្ថលេខាទទួលស្គាល់បទបញ្ញត្តិនានាដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ មកម្លេះ។
កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ អង្គការសមាគមជាង ២០ ស្ថាប័ន បានដាក់ញ្ញត្តិចំនួនពីរលើកទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសុំជួបជុំគ្នាក្នុងបំណងដើម្បីរៀបចំរំឭកខួប ២៩ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅបរិវេណទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទ ២៣តុលា នាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ប៉ុន្តែមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបដិសេធទទួលលិខិតរបស់ពួកគេទាំងស្រុង។
បញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានព្រមាន ចាប់ខ្លួនក្រុមអ្នកតវ៉ាដែលបានគម្រោងនាំគ្នាមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញនៅថ្ងៃគម្រប់ខួបលើកទី ២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ផងដែរ។
កន្លងមក រដ្ឋាភិបាលក៏បានសម្រេចលុបចោលថ្ងៃទី២៣តុលា ដែលជាថ្ងៃឈប់សម្រាករបស់ជាតិកន្លង ចេញពីប្រក្រតិទិនថ្ងៃឈប់សម្រាករបស់ជាតិថែមទៀតផង។
សង្គមស៊ីវិល បានស្នើឱ្យរដ្ឋាភិបាលដាក់បញ្ចូលថ្ងៃឈប់សម្រាកទិវាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលានេះឡើងវិញ ដោយថាការបោះបង់ចោលកិច្ចព្រមព្រៀងសន្តិភាពពីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាការបោះបង់ចោលនូវការធានាជាលក្ខណៈអន្តរជាតិចំពោះ អធិបតេយ្យភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងភាពមិនអាចរំលោភបានរបស់កម្ពុជាទាំងស្រុង៕