38 C
Phnom Penh

អ្នកវិភាគថា ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ គឺបណ្តាលមកពីលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកតស៊ូមតិ ប្រតិកម្មថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ គឺបណ្តាលមកពីលោក ហ៊ុន សែន ទាំងស្រុង ពីព្រោះ នាយករដ្ឋមន្ត្រីកម្ពុជាចង់បានលុយរបស់បរទេជាជាង គិតសុខទុក្ខ និងអាយុជីវិតរបស់ពលរដ្ឋខ្លួន។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៥ កុម្ភៈ នេះថា វិធានការបឋមនានា ដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជា ពិតជាមិនខុសនោះទេ ប៉ុន្តែដើម្បីឲ្យមានប្រសិទ្ធភាពទប់ស្កាត់កូវីដ១៩ គឺទាល់លោក ហ៊ុន សែន ខ្លួនឯង មានវិន័យប្រតិបត្តិមុនគេ។

លោក រិះគន់ថា ដោយសារឥទ្ធិពលលុយនាយករដ្ឋមន្ត្រីខ្លួនឯង បំពានវិន័យប្រតិបត្តិ យ៉ាងធ្ងន់ធ្ងរ ដូចជា បើកដៃឲ្យកូនក្មួយ និងឧកញ៉ាក្បែរខ្លួន បើកក្លឹបកម្សាន្តរាត្រីឈូឆរ នៅពេលដែលកូវីដកំពុងតែរាតត្បាតខ្លាំង ក្នុងទម្រង់បម្លែងថ្មី ដែលអាចឆ្លងសម្លាប់មនុស្សយ៉ាងលឿន។ លោកថា ការបើកក្លឹបកម្សាន្តធំៗទាំងនេះ មានគោលដៅ ចាំត្រងលុយចៅកែចិន ដែលហូរចូលកម្ពុជា ដូចទឹកបាក់ទំនប់ដែលនាំគ្នាស្វែងរកការសប្បាយ។

លោក អះអាងថា ដើម្បីលុយរបស់ថៅកែចិនទាំងនោះ រដ្ឋាភិបាលកម្ពុជាមិនហ៊ានដាក់ចេញ នូវវិធានការវេជ្ជសាស្ត្រតឹងរ៉ឹងលើជនជាតិចិនដែលចូលទៅកម្ពុជា ទោះបីជាការឆ្លងនៅចិនធ្លាក់ចុះខ្លាំងក៏ដោយ ក៏គួរគិតថា ចិនជាប្រភពដើមនៃការចម្លង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយចរន្តនៃការផ្ទុះនៅកម្ពុជាម្ដងនេះ កើតឡើងក្រោយបុណ្យចូលឆ្នាំចិនថែមទៀត។

លោក គឹម សុខ បញ្ជាក់ថា ពេលខ្លះ រឿងកូវីដត្រូវលោក ហ៊ុន សែន លេងដើម្បីយកមុខជាមួយចិន ដូចជាករណីវ៉ាក់សាំងចិនជាដើម រហូតដល់លេចឮថា លោក ហ៊ុន សែន បានបង្ខំឲ្យមន្ត្រីរាជការរបស់ខ្លួនត្រូវតែចាក់វ៉ាក់សាំងចិន បើមិនព្រមចាក់ទេ នឹងរងការព្រមានដល់បញ្ហាការងារជាមិនខាន។

លោក អះអាងថា លោក ហ៊ុន សែន ធ្លាប់តែយកកូវីដ១៩ជាល្បែងនយោបាយដើម្បីប្រមូលលុយពីអ្នកមាន ឧកញ៉ា និងមន្ត្រីពុករលួយធំៗ ព្រមទាំងជាល្បែងកាត់ប្រាក់ខែមន្ត្រីរាជការ ជាដើម ប៉ុន្តែនៅពេលពលរដ្ឋមិនជឿ មិនខ្លាច នាំឲ្យគ្មានការប្រុងប្រយ័ត្ន ក៏កើតជាវិបត្តិខ្វះវិន័យប្រតិបត្តិមួយនគរដែលនាំឲ្យមានការឆ្លងក្នុងសហគមន៍បែបនេះ។

លោក សង្កត់ធ្ងន់ថា ទាល់តែកែប្រែចំណុចទាំងនេះ ឲ្យក្លាយជាវិន័យប្រតិបត្តិបច្ចេកទេសពេញលេញ ទើបអាចបញ្ឈប់ការរីករាលដាលកូវីដ១៩ បាន ព្រោះថា ចំណុចសំខាន់នៃវិន័យប្រតិបត្តិ គឺកុំឲ្យបុព្វហេតុលុយ និងខ្សែអំណាចបក្ស ក្លាយជាបណ្ដាញពង្រាយកូវីដ១៩ ទោះបីជាដោយមោហៈ ឬអចេតនាក៏ដោយ។

ការអះអាងនេះធ្វើ ដើម្បីរិះគន់ថាប្រមុខរដ្ឋាភិបាលកម្ពុជាដែលបណ្តាលឲ្យផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងសហគមន៍សារជាថ្មីកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ

ការផ្ទុះព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ គឺជាការផ្ទុះលើកទី៣ហើយសម្រាប់កម្ពុជា ខណៈលើកទី១បានផ្ទុះឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរដ្ឋាភិបាលហៅថា ព្រឹត្តការណ៍សហគមន៍ ៣វិច្ឆិកា និងលើកទី២ បានផ្ទុះឡើងកាលពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ដដែល ដែលមានឈ្មោះថា ព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆិកា ប៉ុន្តែព្រឹត្តការណ៍ទាំងនោះត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសបិទបញ្ចប់កាលពីចុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

ទាក់ទិននឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន  បានបញ្ជា ឲ្យបិទទីតាំងកំសាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ អាគារជួលសម្រាប់ការស្នាក់នៅ Apartment  ជាដើម សរុបទាំងអស់មានចំនួន ២៣កន្លែង ដែលស្ថិតក្នុង ខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលមានហានិភ័យក្នុងការចម្លងវីរុសកូវីដ១៩ និង វីរុសកូវីដ១៩បែបបម្លែងថ្មី។

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានអំពីចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ក្នុងនោះ ក្រសួងបានបញ្ជាក់ថា អ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីដែលពាក់ព័ន្ធនឹងព្រឹត្តការសហគមន៍ ២០កុម្ភៈ ដែលមានចំនួន៤០នាក់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ លើសពីនេះ ក្នុងសេចក្តីប្រកាសព័ត៌មាននេះបង្ហាញថា អ្នកវិជ្ជមានកូវីដ១៩ទាំងនោះ សុទ្ធសឹងតែជាជនជាតិចិន ក្នុងនោះមានជនជាតិវៀតណាមមានចំនួន ៦នាក់ ប៉ុណ្ណោះ។

ក្រសួងបញ្ជាក់ថា អ្នកវិជ្ជមានវីរុសកូវីដ១៩ទាំងនោះកំពុងសម្រាកព្យាលនៅមណ្ឌលចត្តាឡីស័កក្នុងរាជធានីភ្នំពេញដើម្បីទទួលការព្យាបាល និងតាមដានសុខភាពបន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស