កម្ពុជា កំពុងធ្លាក់ក្នុងការគ្រប់គ្រងបែបផ្ដាច់ការហើយ។ នៅពេលនេះ សេរីភាពបញ្ចេញមតិនៅកម្ពុជា ប្រៀបបាននឹងក្រុមកីឡាបាល់ទាត់គឺត្រូវតែគោរពវិន័យក្នុងការប្រកួត បើក្រុមណាមួយ បំពានគឺត្រូវផាកពិន័យឬមានទោស។
យ៉ាងណាមិញ សេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កំពុងត្រូវបានរៀបចំអោយស្ថិតនៅក្នុង ប្រព័ន្ធត្រួតពិនិត្យតែមួយ ដែលគេហៅថា Internet gate way។ Internet gate way គឺជាការវាយប្រហារប្រព័ន្ធអ៊ិនធឺណេតនៃប្រទេសមួយដែលមានលទិ្ធប្រជាធិបតេយ្យដើរជិតដល់សេចក្ដីស្លាប់ទៅហើយ។ នេះជាការ វាចារណកថា របស់ សារព័ត៌មានអាមេរិក The Washington post ។
The Washington post អះអាងថាលោក ហ៊ុនសែន បានចំណាយពេលច្រើនឆ្នាំមកហើយ ក្នុងការព្យាយាម ច្បាមយកអំណាច ដោយគាបសង្កត់បក្សប្រឆាំង អោយចុះទន់ខ្សោយ មកដល់ពេលនេះ បាននាំឲ្យសហគមន៍អន្តរជាតិហៅថា ជារបប ផ្ដាច់ការ ព្រោះតែបក្សប្រឆាំងជាកម្លាំងប៉ូលនយោបាយ ដ៏ធំត្រូវបាន រំលាយអស់ទៅហើយ។
បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ ២០១៣ របបមួយនេះ ទទួលរងការរិះគន់ជាខ្លាំង ព្រោះបក្សប្រឆាំងដ៏ធំមួយ ត្រូវបានរំលាយ ហើយមេដឹកនាំបក្សនេះ រងការចោទប្រកាន់តាមផ្លូវច្បាប់។ ទាំងលោកសមរង្ស៊ី និងលោក កឹមសុខា សុទ្ធតែជាជនជាប់ចោទ ។ លោកសមរង្ស៊ី បង្ខំចិត្តនីរទេសខ្លួន ហើយលោក កឹមសុខា ស្ថិតនៅក្នុងការឃុំខ្លួនក្នុងផ្ទះដែលមានសេរីភាព ម្ដងម្កាលប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានបញ្ជាអោយបិទ ប្រព័ន្ធផ្សព្វផ្សាយបរទេស ពុំអាចមានវត្តមាននៅក្នុងប្រទេសលើកលែងប្រព័ន្ធផ្សព្វផ្សាយណា ដែលលំអៀងទៅរដ្ឋាភិបាល ទើបអោយដំណើរការ ប៉ុន្តែត្រូវស្ថិតនៅក្រោមការឃ្លាំមើល និងត្រួតពិនិត្យ។
ក្នុងន័យនេះ សម្រាប់ ប្រព័ន្ធអ៊ីធើណែត កំពុងជួបការលំបាក ដោយរងទុកបុកម្នេញ ខ្លះៗទៅហើយ។ បណ្ដាញសង្គមFacebook និង Google និងប្រព័ន្ធព័ត៌មានកំពុង រងគ្រោះនឹងច្បាប់ថ្មី cyber law និង អនុក្រឹត្យ ថ្មីមួយ ដែលគេហៅថា ច្រកទ្វារអ៊ិនធឺណេតជាតិ។ លោកហ៊ុនសែនបានបញ្ជាឲ្យមានការធ្វើ ចរាចរណ៍អ៊ិនធឺណេត ត្រូវឆ្លងកាត់ក្នុងរូងផ្លូវតែមួយ ដែលស្ថិតក្នុងការឃ្លាំមើលយ៉ាងសកម្ម។
The Washington Post និយាយថាការធ្វើដូច្នេះ គឺជាការធ្វើទុក្ខបុកម្នេញ និងងាយរងគ្រោះ ហើយការចូលមើលរបស់ប្រភពខាងក្រៅ នឹងអាចត្រូវបិទបាំង ហើយករណីសង្គមផ្ទុះភាពចលាចលអ្វីមួយក៏ត្រូវបិទបាំងដែរ។
ច្រកទ្វារអ៊ិនធឺណេតជាតិ មានលទ្ធភាព ចូលទៅរំខាន ដល់ទិន្នន័យ ឬប្លុកទីតាំង Website ឬទីតាំងអ៊ីនធើណែត ពីខាងក្រៅបាន។ នេះមានន័យថា គឺជាការបង្ក្រាបយ៉ាងពិតប្រាកដ ទៅលើ សេរីភាពនៃកាប្រើបណ្ដាញសង្គម។
និយាយឲ្យចំទៅ ច្បាប់អ៊ិនធឺណែត របស់លោក ហ៊ុន សែន ថ្មីនេះ គឺជាការវាយប្រហារទៅលើឯកជនភាព របស់មនុស្ស ឬស្ថាប័ននានា។
បើ និយាយអំពីការដណ្ដើមភូមិសាស្ត្រនយោបាយវិញ គឺកម្ពុជា កំពុង ចម្លង ក្បួនច្បាប់ពីប្រទេសចិន ដែលគេហៅថា China Great Firewall។ ប្រព័ន្ធនេះមិនត្រឹមតែគំរាមប្រទេសតូវមួយប៉ុណ្ណោះទេ តែជាការគំរាមពិភពលោកទាំងមូល។
ចិនកំពុងដាក់ចេញនូវផែនការឲ្យប្រទេស ដែលជាសម្ព័ន្ធភាពក្រោមឥទ្ធិពលរបស់ខ្លួនទទួលយកប្រព័ន្ធ China Great Firewall ទៅប្រើប្រាស់ ដើម្បីពង្រីងប្រព័ន្ធច្បាប់បែបកុម្មុយនិស របស់ខ្លួន ដែលនាំឲ្យសិទ្ធសេរីភាព របស់ប្រជាជនត្រូវបានរឹតបន្តឹង។
សម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តវិញ ពិតណាស់បានចេញមុខ ទប់ស្កាត់ និងប្រឆាំងបញ្ហាដ៏គ្រោះថ្នាក់នេះរួចទៅហើយ។ សម្រាប់កម្ពុជា បើមានប្រព័ន្ធ China Great Firewall គឺក្រុមហ៊ុនវិនិយោគទុនបរទេស ពិតណាស់នឹងជួបហានិភ័យ គឺអាចនឹងវិច បង្វិចចាកចេញពីកម្ពុជា។ ហើយបើប្រព័ន្ធអ៊ិនធឺណេតសេរីស្លាប់ គឺប្រជាធិបតេយ្យ ក៏នឹងស្លាប់ដូចគ្នាដែរ។
តែបើ តាមលោក Michael Caste ជានាយកគ្រប់គ្រង កម្មវិធី Digital អាស៊ី នៃក្រុមអង្គការអន្តរជាតិ មាត្រា១៩ ប្រទេសដែល អនុវត្តនិងកំពុងមានផែនការអនុវត្តមានប្រព័ន្ធ China Great Firewall គឺមានតែប្រទេសកុម្មុយនិស្ត និងបណ្តាប្រទេសទាំងឡាយណា ដែលមានមេដឹកនាំ ផ្ដាច់ការ ឬរបបសឹកតែប៉ុណ្ណោះ ៕