34 C
Phnom Penh

ក្រសួងសុខាភិបាល រកឃើញជនជាតិចិន៥នាក់ទៀតរស់នៅក្រុងព្រះសីហនុ ឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន៣៥នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ បានបន្តចុះបិទទីតាំងធ្វើពាណិជ្ជកម្ម ក៏ដូចជាគ្រឹះស្ថានសិក្សាអប់រំ រាប់សិបកន្លែងក្នុងមូលដ្ឋានខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ខណៈក្រសួងសុខាភិបាល បានបន្តរកឃើញជនជាតិចិន ដែលចូលមកធ្វើការ និងរស់នៅក្នុងក្រុងព្រះសីហនុ បានបន្តឆ្លងជំងឺកូវីដ-១៩ ស្ទើរជារៀងរាល់ថ្ងៃ។

ជាក់ស្តែងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៥នាក់បន្ថែមទៀត ហើយនៅក្នុងចំណោមអ្នកវិជ្ជមានមេរោគកូវីដថ្មីនេះ គឺមានជនជាតិចិន ចំនួន០៥នាក់ ចូលមកធ្វើការ និងរស់នៅក្នុងក្រុងព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបន្តចុះបិទទីតាំងប្រកបអាជីវកម្មធំៗជាបន្តបន្ទាប់ រួមមាន៖ សណ្ឋាគារ, កាស៊ីណូ, អាគារស្នាក់នៅរួម, ផ្សារទំនើប និងមន្ទីរព្យាបាលឯកជនជាដើម ដើម្បី ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ឲ្យស្របតាមបទបញ្ជា របស់ ហ៊ុន សែន និងក្រសួងសុខាភិបាល។

រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបន្តចុះបិទទីតាំងចំនួន ០៨កន្លែងទៀតមានដូចជា៖ សណ្ឋាគារ និងអាគារស្នាក់នៅរួមជាដើម មានទីតាំងក្នុងក្រុងព្រះសីហនុ ផ្អាកមិនឲ្យដំណើរការ ឬមិនឲ្យបើកធ្វើអាជីវកម្មជាបណ្តោះអាសន្ន បន្ទាប់់់ពីមន្ត្រីសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រាប់សិបនាក់ នៅទីតាំងខាងលើនេះ ដើម្បីឲ្យក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះយកសំណាក របស់អ្នកជាប់ពាក់ព័ន្ធ យកទៅពិនិត្យ និងនាំយកទៅធ្វើចត្តាឡីស័ក រកអ្នកឆ្លងមេរោគកូវីដ-១៩ ឲ្យបានហ្មត់ចត់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មកត្រឹមព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ មន្ត្រីជំនាញសុខាភិបាល រកឃើញជនជាតិចិន ជាង៣០នាក់ ដែលចូលមកធ្វើការ និងរស់នៅក្នុងក្រុងព្រះសីហនុ បានឆ្លងជំងឺកូវីដ-១៩។ ហើយបច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន ៣៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

គិតត្រឹមព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២១នេះ អ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា មានចំនួន៨២០នាក់ (ស្រី៣៤០នាក់ និងបុរស ៤៨០នាក់)។

រីឯអ្នកជំងឺជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣៤៣នាក់ (ស្រី១៧១នាក់ និងបុរស ១៧២នាក់)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស