27 C
Phnom Penh

អ្នកវិភាគថា នាយករដ្ឋមន្ត្រីកម្ពុជាចាត់ទុកអនុក្រឹត្យមានតម្លៃ ជាងច្បាប់កំពូលរបស់ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម លើកឡើងថា ផ្អែកលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យគ្រប់គ្រងដឹកនាំដោយនីតិរដ្ឋ មិនមែនដោយក្រឹត្យ និងអនុក្រឹត្យនោះទេ។ ពួកគេថា អំណាចផ្តាច់ការពង្រីកឥទ្ធិពលនៅទីណា អំណាចរបស់ច្បាប់ នឹងថមថយប្រសិទ្ធិភាពការអនុវត្តនៅទីនោះជាមិនខាន។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះថា របបណាដែលប្រើប្រាស់អំណាចរដ្ឋដើម្បីបង្ក្រាប និងដាក់ទណ្ឌកម្មលើ ពលរដ្ឋមិនឲ្យប្រើប្រាស់សិទ្ធិសេរីភាពដោយសន្តិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ របបនោះគឺធ្វើសង្គ្រាមប្រឆាំងនឹងប្រជាពលរដ្ឋខ្លួនឯង។

លោក អះអាងថា អនុក្រឹត្យដែលចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជាស្តីពីការកំណត់អំពើល្មើសទៅនឹងវិធានការចត្តាឡីស័កដែលមិនបានយោងទៅលើច្បាប់ណាមួយដែលបានចែងអំពីបទ ល្មើសនៃវិធានការចត្តាឡីស័ក គឺមិនត្រូវបានចាត់ទុកថាជាការល្មើសទៅនឹងច្បាប់នោះទេ តែជាការល្មើសនឹងបទបញ្ជាតែប៉ុណ្ណោះ។

លោកថា ការកំណត់បែបនេះគឺជាការកំណត់ដោយខ្លួនប៉ុណ្ណោះ ហើយថាបញ្ហានេះ គឺជាការបំពានទៅនឹងគោលការណ៍ នីត្យានុកូលភាពនៃទោសព្រហ្មទណ្ឌ និងខុសច្បាប់របស់កម្ពុជាទាំងស្រុង ចំពោះទោសបញ្ញត្តិដែលបានចែងក្នុងអនុក្រឹត្យ ស្តីពីវិធានការចត្តាឡីស័កដែលបានចុះហត្ថលេខដោយនាយករដ្ឋមន្ត្រីកម្ពុជាជាផ្លូវការកាលពីពេលថ្មីៗនេះ។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា មាត្រា៣នៃក្រមព្រហ្មទណ្ឌ ចែងថា មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទប្បញ្តត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះទេ ទើបត្រូវផ្តន្ទាទោសជាបទព្រហ្មទណ្ឌបាន។ ដូច្នេះមានន័យថា មានតែទោសដែលមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន នៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តតែប៉ុណ្ណោះ ទើបអាចត្រូវប្រកាសបាន ។

អ្នកវិភាគរូបនេះ បញ្ជាក់ថា តាមពិត ការដាក់ចេញវិធានការចត្តាឡីស័កដើម្បីសុខភាពសាធារណ:បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ និង អំពើដោយចេតនាមិនគោរពវិធានការ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ឬពិន័យជាទឹកប្រាក់ មានចែងក្នុង មាត្រា៥ និងមាត្រា៨ នៃច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដែលបានព្រៀងឡើងកាលពី ឆ្នាំ២០២០ កន្លងទៅ។

លោកបញ្ជាក់ថា អនុក្រឹត្យនេះនឹងមិនបំពានគោលការណ៍នីត្យានុកូលភាព និងមិនខុសច្បាប់រដ្ឋទេ ប្រសិនបើ រដ្ឋាភិបាលបានប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្នដើម្បី ការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ហើយអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះវិញ។ ដូច្នេះអនុក្រឹត្យនេះប្រាកដជាសមស្របទៅនឹងស្ថានភាពនៃការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ និងវិធានការតឹងរឹងនានារបស់រដ្ឋភិបាលក្នុងពេលនេះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យដែលមានចែងអំពីទោសបញ្ញត្តិមួយចំនួនចំពោះអ្នកដែលបានល្មើសនឹងវិធានការចត្តាឡីស័ករបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩កាលពីដើមខែកុម្ភៈកន្លងទៅនេះ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលមាន ៧ជំពូក និង ២៣មាត្រា។

ក្នុងនោះបានចែងពីការពិន័យធ្ងន់ធ្ងរលើបុគ្គលដែលមិនសហការជាមួយអាជ្ញាធរ ដូចជាការលួចរត់ពីកន្លែងធ្វើចត្តាឡីស័ក ត្រូវពិន័យជាប្រាក់ ចាប់ពី ១លានរៀល ដល់ ៥លានរៀល និងអ្នកដែលជួយសម្រួលឲ្យមានការរត់ចេញត្រូវពិន័យចាប់ ១០លានរៀល រហូតដល់ ៥០លានរៀលជាដើម។

អនុក្រឹត្យនេះធ្វើឡើងបន្ទាប់ពីមានការស្នើសុំការរឹតបន្តឹងការអនុវត្តវិធានការចត្តាឡីស័កបន្ថែមទៀតរបស់គណកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩លើអ្នកដែលមិនសហការ ឬល្មើសទៅនឹងសេចក្តីណែនាំនានារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសទប់ស្កាត់ការរីករាលដាល ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។

ក្នុងលិខិតនោះស្នើសុំឲ្យរឹតបន្តឹងធ្ងន់ធ្ងរ ដូចជា ជនបរទេសនឹងត្រូវបណ្តេញចេញពីកម្ពុជា និងមិនអនុញាតិឲ្យវិលចូលទៅកម្ពុជាវិញជារៀងរហូត។ ដោយឡែក ចំពោះប្រជាពលរដ្ឋខ្មែរនឹងត្រូវទទួលទោសតាមច្បាប់ដែលបានចែង។ លើសពីនេះ ទីតាំងប្រកអាជីវកម្មផ្សេងៗ នឹងត្រូវដកហូតអាជ្ញាប័ណ្ណ ព្រមទាំងបិទមិនឲ្យដំណើរបន្តទៀតផងដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស