27 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលថា មានអំណាចធំៗទាំង៤ ទើបអាចដឹកនាំសង្គមបានល្អ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសិទ្ធិការងារនៅក្នុងសុ្រកព្រមានថា ដើម្បីឲ្យសង្គមមួយមានប្រជាធិតេយ្យពេញលេញ គឺត្រូវដឹកនាំដោយអំណាច៤ធំៗ ទី១គឺ អំណាចនីតិបញ្ញត្តិ ទី២ អំណាចនីតិប្រតិបត្តិ ទី៣ អំណាចតុលាការ ហើយទី៤ គឺអំណាចសារព័ត៌មាន។

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា អំណាចសារព័ត៌មាននៅក្នុងសង្គមដែលមានសេរីភាពពេញលេញ ពួកគេបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ និងពលរដ្ឋដើម្បីឆ្លុះបញ្ជាំងពីទង្វើរបស់រដ្ឋាភិបាលដែលកំពុងអនុវត្តក្នុងតួនាទីរបស់ខ្លួន ដើម្បីឲ្យម្ចាស់ឆ្នោតបានដឹងកាន់តែច្បាស់ពីសកម្មភាពរបស់ពួកគេដែលមានភាពងាយស្រួលសម្រាប់ម្ចាស់ប្រទេសជ្រើសរើសអ្នកដឹកនាំក្នុងពេលបោះឆ្នោត។

លោក អះអាងថា នៅក្នុងសង្គមដែលមានការគោរពសិទ្ធិមនុស្សត្រឹមត្រូវ អ្នកសារព័ត៌មានមិនត្រូវបានចាប់ចង ឬឃុំខ្លួនដោយដោយសារការមិនពេញចិត្តរបស់រដ្ឋាភិបាលលើការចុះផ្សាយរបស់ពួកគេនោះទេ ជាងនេះទៀតទោះជាការតាក់តែងច្បាប់ណាមួយក៏ដោយ ក៏មិនអាចរំលោភលើសេរីភាពសារព័ត៌មានផងដែរ។

មន្ត្រីសិទ្ធិមនុស្សរូបនេះ បញ្ជាក់ថា សេរីភាពសារព័ត៌មានមិនមែនសំដៅតែលើចំនួនស្ថាប័នសារព័ត៌មាន ច្រើននោះទេ តែផ្ទុយទៅវិញគឺសំគាល់លើការហ៊ានបញ្ចេញមតិយោបល់ដោយត្រង់អំពីបញ្ហាក្នុងសង្គមដោយគ្មានការភ័យខ្លាច ដោយឡែក សេរីភាពសារព័ត៌មាននៅកម្ពុជាលោក រិះគន់ថា មិនទាន់អាចរាប់ចូលក្នុង សេរីភាពបញ្ចេញមតិតាមបែបសង្គមប្រជាធិបតេយ្យបានឡើយ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងរងការរឹតត្បិតយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលដែលបានធ្វើទុក្ខបុកម្នេញ ចោទប្រកាន់ និងចាប់ខ្លួនអ្នកសារព័ត៌ ការជាហូរហែរ។

សា្ថនទូតអាមេរិក នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះ បានត្អូញត្អែរ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លូនថា សេរីភាពសារព័ត៌មាន គឺជាគោលការណ៍ស្នូលនៅក្នុងសង្គមសេរី និងប្រជាធិបតេយ្យ ដូច្នេះ អ្នកសារព័ត៌មានគួរតែអាចធ្វើសេចក្តីរាយការណ៍ដោយគ្មានការភ័យខ្លាចពីការចាប់ខ្លួន ឬបណ្តេញចេញពីប្រទេស ហើយគួរតែអាចចូលរួមបាននៅក្នុងការបណ្តុះបណ្តាលផ្នែកអាជីពដោយគ្មានឧបសគ្គ។

ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងព័ត៌មានកម្ពុជា បានចេញសេចក្តីប្រកាសបានសម្រេចលុប អាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ដែលក្រសួង បានអះអាងថា បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតមានចេតនាធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្ករភាពច្របូលច្របល់ និងនាំចលាចលដល់សន្តិសុខជាតិ។ លើសពីនេះទៀត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សខេង ក៏បានសម្រេចបណ្តេញលោក Shen Kaidong ជនជាតិចិន នាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជាផងដែរ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ អង្គការ-សមាគមជិត ៦០ស្ថាប័ន បានចេញសេចក្តីថ្លែងកាណ៍រួម បង្ហាញការព្រួយបារម្ភចំពោះការយាយីពីសំណាក់រដ្ឋាភិបាលកម្ពុជាលើប្រព័ន្ធផ្សព្វផ្សាយឯករាជ និងអ្នកសារព័ត៌មាន។

ពួកគេចាត់ទុកសកម្មភាពទាំងនោះថា ជាការគាប សង្កត់ រារាំងសេរីភាព និងរំលោភទៅលើសេរីភាពក្នុងការបញ្ចេញមតិ យ៉ាងធ្ងន់ធ្ងរ។

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំជាដើម។

របាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានថយចុះជាលំដាប់ ពោលគឺទទួលបានចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោមប្រទេសទាំង១៨០។ ចំណែក អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅបរទេសអះអាងថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា បានបន្តធ្លាក់ចុះ៣ឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។ ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា សេរីភាពសារព័ត៌មានសម្រាប់កម្ពុជារងការគម្រាមកំហែងធ្ងន់ធ្ងរ ក្នុងនោះពាក់ព័ន្ធនឹងការបិទកាផ្សាយរបស់ស្ថានីយ៍វិទ្យុជាង ៣០ កន្លែង ការបង្ខំឱ្យបិទទ្វារសារព័ត៌មាន The Cambodia Daily និងការផ្លាស់ប្តូរម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ រួមទាំងការបិទគេហទំព័រសារព័ត៌មានជិត ២០ កាលពីចុងឆ្នាំ ២០១៨ កន្លងទៅ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស