29 C
Phnom Penh

អ្នកវិភាគថា លោក ហ៊ុន សែន បំបាក់មុខចិន ព្រមទាំងមើលងាយអាយុជីវិតរបស់ពលរដ្ឋខ្លួនឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកតស៊ូរមតិ ប្រតិកម្មថា ករណីលោក ហ៊ុន សែន ត្រៀមចាក់វ៉ាក់សាំងអង់គ្លេស ហើយទាត់ចោលវ៉ាក់សាំងចិននេះ មានន័យយ៉ាងច្បាស់ណាស់ថា លោក ហ៊ុន សែន កំពុងបំបាក់មុខចិនផង និងជាទង្វើមើលងាយអាយុជីវិតរបស់ពលរដ្ឋខ្មែរផង។

អ្នកវិភាគនយោបាយសង្គម និងជា អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការត្រៀមចាក់វ៉ាក់សាំងរបស់អង់គ្លេស ហើយយកវ៉ាក់សាំងចិន ដែលអង្គការសុខភាពពិភពលោក WHO មិនទទួលស្គាល់ ទៅចាក់ឲ្យពលរដ្ឋ និងកងទ័ព កម្ពុជា គឺជាការមើលងាយនឹងលេងសើចខ្លាំងណាស់ចំពោះអាយុជីវិតរបស់ពលរដ្ឋខ្មែរ។ 

លោក បញ្ជាក់ថា ទាំងពលរដ្ឋ និងកងទ័ព គួរតែលែងស្រពេចស្រពិលអំពីយុទ្ធវិធីដឹកនាំរបស់លោក ហ៊ុន សែន ហើយ ដោយសារលោកបានទុកប្រទេសជាតិជាឈ្នាន់ ចាត់ទុកប្រជារាស្ត្រជាឧបករណ៍ និងចាត់ទុកកងទ័ពជាទាសករ ដើម្បីសាកល្បង ផ្សងយកភាពសុខស្ដុកស្ដម្ភសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងបក្ខពួករបស់លោកប៉ុណ្ណោះ ។

អ្នកវិភាគរូបនេះ រិះគន់ថា ប្រសិនបើលោក ហ៊ុន សែន នៅតែអនុវត្តមិនចេះខ្មាសអៀនបែបនេះ ល្មមដល់ពេលចុះចេញពីតួនាទីនាយរដ្ឋមន្ត្រីមិនពេញលក្ខណៈដូចសព្វថ្ងៃទៅ ព្រោះថា នោះគឺជាទង្វើមើលងាយអាយុជីវិតពលរដ្ឋ និងមើលងាយសុខភាពកងទ័ព ដែលជាកម្លាំងធំជាងគេ ទាំង២របស់ជាតិខ្មែរ។

ជាងនេះទៀត លោក បញ្ជាក់ថា ការបំបាក់មុខចិនធ្ងន់ដៃបែបនេះ អាចជាសញ្ញាប្រេះស្រាំខ្លះនៃទំនាក់ទំនងរវាងលោក ហ៊ុន សែន និងចិន។ លោកបន្តថា អ្វីដែលអាចកត់សម្គាល់បាននោះ គឺនៅក្រោយពេល            រដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសខ្ចីលុយបរទេសប្រមាណ ២ពាន់លានដុល្លារកាលពីចុងឆ្នាំ២០១៩ ចិនមិនបានអើពើទាល់តែសោះ។

លោក គឹម សុខ ថា វាជារឿងកម្រខ្លាំងណាស់ និងប្រថុយបំផុត ដែលលោក ហ៊ុន សែន ហ៊ានដេញអ្នកកាសែតចិនចេញពីកម្ពុជា ខណៈ រដ្ឋាភិបាលរបស់លោកកំពុងប្រឈមវិបត្តិអត់លុយបើកប្រាក់ខែជូនមន្ត្រីរាជការ ចំណែកចិន ក៏មិនទាន់បង្ហាញជំហរជួយដោះស្រាយ ហើយជាងនេះទៀត អ្នកបន្តវេនរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ក៏ចិនមិនទាន់បង្ហាញការគាំទ្រនៅឡើយ។

អ្នកវិភាគរូបនេះ លើកឡើងថា ទង្វើរបស់លោក ហ៊ុន សែន កឺជាការរំឭកដល់មិត្តចិនរបស់លោកថា លោកមិនទុកចិត្តចិន មើលងាយចិន និងមិនស្មោះត្រង់នឹងចិន។ លើសពីនេះ លោកចង់បង្ហាញថាចៅហ្វាយ ដែលគាត់ត្រូវស្មោះត្រង់ឥតងាករេនោះ គឺមានតែប្រទេសវៀតណាមតែមួយគត់ ប៉ុន្តែលោក ហ៊ុន សែន ធ្វើជាតោងចិន ដើម្បីចម្លងអំណាចគ្រួសារត្រកូលហ៊ុនតែប៉ុណ្ណោះ។

លោក គឹម សុខ រំលឹកថា ចិនគួរតែដឹងថា ការប្រឹងប្រែងបង្កើតទំនាក់ទំនងរវាងលោក ហ៊ុន សែន និងចិន នេះ គឺក្នុងបំណង ពឹងលុយចិន និងសម្ភារៈយោធាចិន ដើម្បីការពារអំណាច នៅពេលគាត់ប្រឈមនឹងសម្ពាធធ្ងន់ៗពីអឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុណ្ណោះ ដូច្នេះ ចិនគួរឈប់គាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ហើយងាកទៅជួយបំពេញបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរវិញ ក្នុងនាមចិនជាភាគីហត្ថលេខីមានឥទ្ធិពលមួយ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស៍ ឆ្នាំ១៩៩១។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងជាថ្មីថា លោកនឹងទទួលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅពេលខាងមុខនេះ  ប៉ុន្តែលោកមិនបានបញ្ជាក់ថាចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននោះទេ។

លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី២៨ ខែកុម្ភ ឆ្នាំ២០២១ នេះថា ប្រសិនបើពុំមានការប្រែប្រួលទេ លោកនឹងទទួលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសអង់គ្លេស អាស្ត្រាសេនេកា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា កម្ពុជានឹងទទួលបានថ្នាំបង្ការជំងឺកូវីដ១៩របស់ប្រទេសអង់គ្លេស អាស្រ្តាហ្សេនីកា(AstraZeneca) ដែលបានផ្តល់មកកម្ពុជា  តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក WHO កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ  ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ដែលមានឈ្មោះថា អាស្រ្តាហ្សេនីកា(AstraZeneca) ចំនួន ជាង ៣លាន ២សែន ដូស ជាជំនួយបឋមដែលបានផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន សែន បានសម្រេចទទួលយកវ៉ាក់សាំង ស៊ីណូហ្វាម របស់សាធារណៈរដ្ឋប្រជាមានិតចិនចំនួន១លានដូស ដែលជាវ៉ាក់សាំងមិនទាន់មានការធានាដោយអង្គការសុខភាពពិភពលោកនៅឡើយ ប៉ុន្តែ លោកថា ការទទួលយកនេះគឺដើម្បីបង្កើនការទប់ស្កាតជំងឺកូវីដ១៩ឲ្យកាន់តែមានប្រសិទ្ធិភាព។

ជាងនេះទៀត លោក អះអាងថា ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងរបស់ចិន និងជំរុញចលនាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នោះ ការចាក់លើកទីមួយ និងមុនគេគឺ លើរូបលោក ផ្ទាល់តែម្តង ប៉ុន្តែការអះអានេះត្រូវបានអាក់ខានទៅវិញបន្ទាប់ពីវ៉ាក់សាំងចិនបានមកដល់កម្ពុជាកាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១។

លោក ហ៊ុន សែន ប្រកាសថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាពសម្រាប់មនុស្សមានអាយុ ៥៩ឆ្នាំ ចុះក្រោមប៉ុណ្ណោះ ចំណែក លោក មានអាយុលើសពី ៥៩ឆ្នាំទៅហើយ មិនអាចចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម នេះបានទេ។ ក្រសួងសុខាភិបាលបានចេញក្តីប្រកាស កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា អ្នកដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិនមានចំនួនជាង ១ម៉ឺននាក់ហើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស