30 C
Phnom Penh

សហរដ្ឋអាមេរិកថា សេរីភាពសារព័ត៌មានគឺជាគោលការណ៍ស្នូលក្នុងសង្គមប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានលើកឡើងនៅថ្ងៃទី១ខែមីនានេះថា សេរីភាពសារព័ត៌មាន គឺជាគោលការណ៍ស្នូលនៅក្នុងសង្គមសេរី និងប្រជាធិបតេយ្យទាំងអស់។

សរសេរនៅលើទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកនៅថ្ងៃនេះ សហរដ្ឋអាមេរិកអះអាងថា អ្នកសារព័ត៌មានគួរតែអាចធ្វើសេចក្តីរាយការណ៍ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬបណ្តេញចេញពីប្រទេស។ លើសពីនេះ អ្នកសារព័ត៌មានគួរតែអាចចូលរួមបាននៅក្នុងការបណ្តុះបណ្តាលផ្នែកអាជីពវិជ្ជាជីវៈមួយនេះ ដោយគ្មានការរារាំងឬ ឧបសគ្គផងដែរ។ 

នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក អ៊ិត សូធឿត  បានប្រាប់សាព័ត៌មាន The Cambodia Dialy ថា លោក គាំទ្រទៅលើអ្វីដែលសហរដ្ឋអាមេរិកបានលើកឡើង។ លោកបន្តថា នៅប្រទេសលោកសេរី ជាពិសេសសហរដ្ឋអាមេរិក អ្នកសារព័ត៌មានត្រូវបានគេចាត់ទុក ថាជារឿងដែលមិនអាចខ្វះបាន រហូតក្លាយទៅជាអំណាចទី៤ថែមទៀតផង។

លោកអះអាងថា សិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជា គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងប្រទេសប្រកាន់យករបបលទ្ធិប្រជាធិប   តេយ្យ ដើម្បីធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនេះអាចដំណើរការទៅមុខដោយពេញលេញនិងមានន័យ។

លោក អ៊ិត សូធឿត មើលឃើញថាប្រសិនបើអ្នកសារព័ត៌មានមិនអាចបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី ហើយរងការគំរាមកំហែងនោះ នឹងធ្វើឱ្យសេចក្តីរាយការណ៍ព័ត៌មានរងការរឹតត្បិត ហើយធ្វើឱ្យពលរដ្ឋខ្វះព័ត៌មាន ឬទទួលបានព័ត៌មានពិតមិនគ្រប់ជ្រុងជ្រោយ ដែលជាហេតុធ្វើឱ្យពួកគេពិបាកក្នុងការសម្រេចចិត្តនានា។

ការលើកឡើងរបស់ស្ថានទូតអាមេរិកនេះ ក្រោយពីអ្នកយកព័ត៌មានចំនួន ៦ នាក់ត្រូវបានអាជ្ញាធរចាប់ដកកាំមេរ៉ា ដើម្បីលុបរូបចេញបន្ទាប់ពីពួកគេបានថតសកម្មភាពប្រជាពលរដ្ឋតវ៉ានៅមុនស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ដោយឡែក  អ្នកសារព័ត៌មាន៣នាក់ ត្រូវបានចាប់ខ្លួន និងកាត់ទោសពីសំណាក់តុលាការ ដោយសារ ការបំពេញវិជ្ជាជីវៈ និងការសម្ដែងមតិរបស់ពួកគេ។

បន្ថែមពីនេះ កាលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានរំលឹកជាថ្មីដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថតយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរដែលហាមឃាត់ ពេលកំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវៈសារព័ត៌មាន។

លោកថា បើអ្នកសារព័ត៌មាននៅតែមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិ ចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។

ដោយឡែកកាលពីថ្ងៃទី១៤ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការអ្នកសារព័ត៌មានទាំងឡាយណាដែលបំពានច្បាប់ និងមិនគោរពវិជ្ជាជីវៈផងដែរ។

សារព្រមានរបស់ថ្នាក់ដឹកនាំទៅកាន់អ្នកសារព័ត៌មាននេះ ត្រូវបានសង្គមស៊ីវិលមើលឃើញថាសេរីភាពសារព័ត៌មាននៅកម្ពុជានឹងមិនមានភាពប្រសើរឡើយនៅក្នុងឆ្នាំ២០២១នេះ បើទោះបីជាកម្ពុជាទទួលបានចំណាត់ថ្នាក់អាក្រក់ផ្នែកសេរីភាពសារព័ត៌មានក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នានេះក៏ដោយ។

សេរីភាពសារព័ត៌មាននៅកម្ពុជានាឆ្នាំ២០២០ ត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែនដាក់ក្នុងចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោម១៨០ប្រទេស ដែលថយចុះមួយលេខបើប្រៀបធៀបនឹងឆ្នាំ២០១៩ ហើយការធ្លាក់ចុះនេះកើតឡើងខ្លាំងចាប់តាំងពីចុងឆ្នាំ២០១៧មក ពោលគឺជាពេលដែលមានការបង្រ្កាបទៅលើសំឡេងប្រឆាំងឥតឈប់ឈរ ព្រមទាំងការធ្វើទុក្ខបុកម្នេញទៅលើស្ថាប័នសារព័ត៌មានឯករាជ្យកាន់តែខ្លាំង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស