29 C
Phnom Penh

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ២៤នាក់ ក្នុងនោះ១៧នាក់ រស់នៅខេត្តព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរខេត្តព្រះសីហនុ បានសេចក្តីសម្រេចជាបន្ទាន់មួយ ស្តីពីការដាក់ សណ្ឋាគារ, ភោជនីយដ្ឋាន, អាគារស្នាក់នៅរួម, ផ្សារទំនើប និង មន្ទីរពេទ្យឯកជន សរុបចំនួន៣២ទីតាំង ស្ថិតនៅក្រុងព្រះសីហនុ ដែលរដ្ឋបាលខេត្តនេះ បានចេញលិខិតផ្អាកមិនឲ្យធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ឲ្យក្លាយទៅជាមណ្ឌលចត្តាឡីស័ក ក្រោយរកឃើញមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។

ជាងនេះទៀត អាជ្ញាធរក៏បានសម្រេចដាក់សណ្ឋាគារ សាកាណា (SAKANA HOTEL) មានទីតាំងនៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាកន្លែងព្យាបាលអ្នកជំងឺកូវី៥-១៩ នៅខេត្តព្រះសីហនុ បន្ថែមពីលើទីតាំងដែលមានស្រាប់។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកថ្ងៃទី០២ ខែមីនានេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងសណ្ឋាគារសាកាណា ដើម្បីរៀបចំជាកន្លែងព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ បន្ថែមមួយកន្លែងទៀត ដោយបានតម្រូវឲ្យម្ចាស់សណ្ឋាគារ នេះ ផ្អាកមិនឲ្យទទួលភ្ញៀវដទៃមកស្នាក់នៅក្នុងសណ្ឋាគារនេះទៀតទេ។

ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមីនានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៤នាក់ និងមានករណីជាសះស្បើយម្នាក់។ ហើយថា នៅក្នុងចំណោមអ្នកឆ្លងជំងឺកូវីដថ្មីទាំង ២៤នាក់ខាងលើនេះ គឺមាន ១៧នាក់ រស់នៅខេត្តព្រះសីហនុ។ ក្នុងនោះមានជនជាតិចិន ចំនួន ១២នាក់ (ស្ត្រី០៦នាក់ និងបុរស០៦នាក់), ស្ត្រីជនជាតិវៀតណាម ០៤នាក់ និងបុរសជនជាតិខ្មែរម្នាក់។

សរុបអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ មានចំនួន ៥២នាក់ (ប្រុស២៧នាក់ និងស្ត្រី២៥នាក់)។

ក្រុមអាជីវករប្រកបមុខរបរផ្សេងៗ ជាពិសេសភោជីយដ្ឋាន ក៏ដូចជាទីកន្លែងលក់ដូរម្ហូបអាហារ ឬលក់ទំនិញផ្សេងៗ បានឲ្យសារព័ត៌មាន The Cambodia Daily ដឹងថា រាល់ថ្ងៃនេះ នៅតាមទីកន្លែងលក់ដូរទំនិញ ឬម្ហូបអាហារស្ទើរតែទាំងអស់ នៅក្នុងក្រុងព្រះសីហនុ គឺមិនមានភ្ញៀវ ជាពិសេសមិនមានភ្ញៀវទេសចរចេញចូលក្នុងខេត្តទេសចរណ៍មួយនេះច្រើនទៀតទេ ពោលគឺមានសភាពស្ងាត់ជ្រងំ ដោយមានហាង ឬទីកន្លែងលក់ដូរចំណីអាហារខ្លះ បានបិទទ្វារដោយខ្លួនឯង និងប្រកាសរំសាយបុគ្គលិកជាបន្តបន្ទាប់មានដូចជា៖ ទីតាំងលក់ដូរម្ហូបអាហារ នៅតាមបណ្តោយឆ្នេរអូរឈើទាលជាដើម។

ទោះជាបែបនេះក្តី ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានបន្តក្រើនរំលឹក និងអំពាវនាវឲ្យពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលចូលមកដល់ខេត្តនេះ ត្រូវបង្កើនការប្រុងប្រយត្ន័ ដោយត្រូវរក្សាអនាម័យសុខភាព របស់ខ្លួន កុំឲ្យឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលជាសេនាធិការជួរមុខ របស់រដ្ឋបាលខេត្តនេះ កំពុងបន្តសកម្មភាពចុះយកសំណាកអ្នកជាប់ពាក់ព័ន្ធទៅពិនិត្យ និងដាក់ឲ្យធ្វើចត្តាឡីស័ក ស្របតាមបច្ចេកទេសសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ឲ្យមានប្រសិទ្ធភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស