31 C
Phnom Penh

អ្នកវិភាគថា មន្ត្រីរដ្ឋាភិបាលរបស់កម្ពុជាមិនទាន់យល់ដឹងស៊ីជម្រៅអំពីសិទ្ធិមនុស្សនៅឡើយទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គម រិះគន់ថា មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនមិនបានយល់ដឹងឲ្យស៊ីជម្រៅទេថា សិទ្ធសេរីភាពជាផ្នែកសំខាន់មួយនៃរដ្ឋធម្មនុញ្ញ  និងថារដ្ឋធម្មនុញ្ញជាច្បាប់កំពូលខ្ពស់ជាងច្បាប់ណាៗទាំងអស់។ លើសពីនេះ មន្ត្រីរដ្ឋាភិបាល រឹតតែមិនបានស្វែងយល់ឲ្យបានច្បាស់ថា កម្ពុជាបានទទួលស្គាល់ច្បាប់អន្តរជាតិ ជាច្បាប់ខ្ពស់ជាងច្បាប់ដែលសភាជាតិអនុម័តទៀតផង។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់នៅថ្ងៃទី២ ខែមីនានេះថា  មន្រ្តីច្បាប់ និងមន្ត្រីទទួលបន្ទុកសិទ្ធិមនុស្ស តែងទាមទារ ឲ្យអ្នកប្រើប្រាស់សិទ្ធិសេរីភាពលើការបញ្ចេញមតិជាដើមត្រូវគោរពរដ្ឋធម្មនុញ្ញ និងច្បាប់។ ប៉ុន្តែ  លោក ប្រតិកម្មថា ការទាមទារបែបនេះគ្រាន់តែដើម្បើបិទបាំងការបង្ក្រាប និងដាក់ទោសទណ្ឌដល់អ្នកប្រើប្រាស់សិទ្ធិសេរីភាពតែប៉ុណ្ណោះ។ បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់ថា មន្ត្រីរដ្ឋាភិបាលកម្ពុជាខ្លះមិនបានយល់ដឹងទេថា សិទ្ធិសេរីភាពជាផ្នែកមួយនៃច្បាប់អន្តរជាតិដែលកម្ពុជាទទួលស្គាល់ និងជាច្បាប់ដែលក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានសម្រេចរាប់បញ្ចូលជាច្បាប់ជាតិ។

លោក អះអាងថា អនុលោមតាមពាក្យពេចន៍ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញដែលសង្កត់ធ្ងន់ទៅលើការចាំបាច់ត្រូវតែការពារសិទ្ធិសេរីភាពនៅកម្ពុជា។ រដ្ឋាភិបាលទាំងមូលត្រូវផ្តល់អាទិភាពដល់ការប្រើប្រាស់សិទ្ធិសេរីភាពដោយសន្តិវិធី។ លើកលែងការប្រើប្រាស់នោះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ទំនៀមទម្លាប់ល្អរបស់សង្គម សណ្តាប់ធ្នាប់សាធារណ: និងសន្តិសុខជាតិជាដើម។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា លំហសេរីភាពនៅកម្ពុជាមិនបានធ្លាក់ចុះនោះទេ តែជាគោរពរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេស។

សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានដកស្រង់សំដីរបស់អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ចុះផ្សាយថា លំហសេរីភាពនៅកម្ពុជាមិនធ្លាក់ចុះទេ ផ្ទុយទៅវិញលំហនេះត្រូវតែគោរពរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេស។ លោកបន្តថា លំហសម្រាប់ពលរដ្ឋមានន័យថា រាល់សម្មភាពដែលរំលោភបំពានរដ្ឋធម្មនុញ្ញ និងច្បាប់ គឺត្រូវប្រឈមនឹងទោសទណ្ឌជាដាច់ខាត។

កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមស្នងការអង្គការសិទ្ធិមនុស្សនៃសហប្រជាជាតិ អ្នកស្រី មីឆែល បាឆែឡេ បានលើកឡើងក្នុងសន្និបាតលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សថា មានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃលំហសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសមីយ៉ាន់ម៉ា ប្រទេសឥណ្ឌូនេស៊ី ថៃ និងវៀតណាម ជាពិសេសនៅកម្ពុជាតែម្តង។

អ្នកស្រីមានការព្រួយបារម្ភ អំពីសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានត្រូវឃាត់ខ្លួន និងចាប់ខ្លួនតាមទំនើងចិត្ត។ ការបៀតបៀន និងការប្រើអំពើហិង្សា ហើយពួកគេប្រឈមមុខនឹងបទចោទប្រកាន់ព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ និងរងការកាត់ទោស ថែមទៀត។

របាយការរបស់អង្គការ Human Rights Watch ដើមឆ្នាំ២០២១ នេះ បង្ហាញថា រដ្ឋាភិបាលកម្ពុជា ការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន សមាជិកបក្សប្រឆាំង និងពលរដ្ឋសាមញ្ញ ក្នុងការសម្តែងមតិរបស់ពួកគេដោយអហិង្សា ប្រមាណ ៦០នាក់។ រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស