30 C
Phnom Penh

បញ្ញវន្តខ្មែរនៅក្រៅប្រទេសថា ច្បាប់ស្តីពីកូវីដ១៩របស់រដ្ឋាភិបាលធ្វើឡើងក្នុងចេតនាពង្រឹងអំណាចបន្ថែម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកតស៊ូមតិ រិះគន់ថា ច្បាប់ដែលរដ្ឋាភិបាលកម្ពុជាបានង្កើតឡើងជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ គឺមានលក្ខណៈយុទ្ធសាស្ត្រដើម្បីពង្រឹងអំណាចផង និងឆ្លៀតឱកាសបំបិទសិទ្ធិសេរីភាពបញ្ចេញមតិដោយការចាប់បង្ខំផង។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការបង្កើតច្បាប់ តែងតែមានគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែលោកថា សេចក្តីព្រាងច្បាប់នេះមានលក្ខណៈអវិជ្ជមានច្រើនជាងភាពវិជ្ជមានសម្រាប់ពលរដ្ឋខ្មែរ។

លោក អះអាងថា ទោះគ្មានសេចក្តីពា្រងច្បាប់នេះក៏លោក ហ៊ុន សែន បានអនុវត្តដោយបទបញ្ជារបស់គាត់រួចហើយដូចជា ការបង្ខំឲ្យមន្ត្រីរាជការតាមស្ថាប័នានា ត្រូវតែចាក់វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិនឲ្យអស់ចំនួនថ្នាំដែលចិនផ្តល់ឲ្យ។ លើសពីនេះអ្នកសារព័ត៌មានមួយចំនួន ក៏ត្រូវគេគាបសង្កត់ឲ្យចាក់វ៉ាក់សាំងនេះផងដែរ។

លោក បញ្ជាក់ថា ចំពោះវ៉ាក់សាំងរបស់អង់គ្លេសដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក អាស្ត្រាសេនេកា លោក ហ៊ុន សែន នឹងប្រើប្រាស់សមា្រប់តែក្រុមគ្រួសារ និងបក្ខពួករបស់គាត់តែប៉ុណ្ណោះ។ ដោយឡែក ប្រជាពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីរាជការសាមញ្ញធម្មតា គេនឹងចាក់វ៉ាក់សាំងចិនដែល WHO មិនបានទទួលស្គាល់ជំនួសវិញ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ច្បាប់នេះមាន ៦ ជំពូក និង ១៨មាត្រា ដើម្បីឲ្យគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។

ដើមឆ្នាំ២០២១ នេះ អង្គការឃ្លាំមើលសិទ្ធិមនស្ស Human Rights Watch អះអាងថា លោកហ៊ុន សែន បានកាន់អំណាចរយៈពេល ៣៥ ឆ្នាំ បានក្លាយជាមេដឹកនាំស្ថិតក្នុងអំណាចរយៈពេលយូរជាងគេបំផុតមួយរូប ក្នុងចំណោមមេដឹកនាំក្នុងលោក៥រូបផ្សេងទៀត ដែលបានប្រើប្រាស់ ការរីករាលដាលនៃជំងឺកូវីដ ១៩ ជាលេស បិទសិទ្ធិសេរីភាពពលរដ្ឋ ដើម្បីបន្តរក្សាអំណាចបន្តទៀត។

កាលពីដើមឆ្នាំ២០២០ លោក ហ៊ុន សែន បានស្នើរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយច្បាប់នេះក៏ត្រូវបានស្ថាប័នកំពូលៗរបស់ជាតិអនុម័ត និងចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទីផងដែរ។ ប៉ុន្តែក្រោយមកលោកបានប្រកាសថា លោកនឹងមិនអនុវត្តច្បាប់នេះទេ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលមានការពិន័យធ្ងន់ធ្ងរ លើអ្នកដែលមិនបានគោរពតាមវិធានការរបស់រដ្ឋាភិបាល។

ក្រសួងសុខាភិបាល បានអះអាងនៅថ្ងៃទី២ខែមីនានេះថា ក្រសួងបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ២៤នាក់ សុទ្ធសឹងជាអ្នកឆ្លងក្នុង ព្រឹត្តការណ៍ ២០កុម្ភៈ ខណៈអ្នកវិជ្ជមានសរុបកើនឡើងដល់ ៨៤៤នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤៧៨នាក់ ហើយក្រៅពីនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស