បរិស្ថាន

មន្ត្រីសង្គមស៊ីវិលថា អន្តរជាតិមិនអាចបណ្តែតបណ្តោយឲ្យមានការបង្ក្រាបនៅភូមាបន្តទៀតបានទេ

By ឌឹ ខេមបូឌា ដេលី

March 06, 2021

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ត្អូញត្អែរថា អន្តរជាតិគួរប្រើតួនាទីក្នុងនាមជាអ្នករក្សាសន្តិភាពពិភពលោក និងការពារសន្តិសុខ ជូនពលរដ្ឋភូមាដើម្បីរកដំណោះស្រាយជាបន្ទាន់មួយ ឈានទៅរកការបញ្ចប់អំពើហិង្សាដែលកំពុងកើតមានឡើង។

មន្ត្រីជាន់ខ្ពស់ការពារសិទ្ធមនុស្សរបស់សមាគមអាដហុក លោក សឹង សែនករុណា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា អន្តរជាតិមិនគួរណាបណ្តែតបណ្តោយឲ្យស្ថានការណ៍នៅភូមាកាន់តែអាក្រក់ជាងនេះទៀតនោះទេ។ លោកបន្តថា ត្បិតស្ថានភាពនេះ បើទុកកាន់តែយូរ កាន់តែជូផ្អូមក្លាយជាឆ្អេះឆ្អាប ក្លិនឈាមដាបព្រះធរណី ព្រោះការបង្ក្រាបនៅភូមាបានចេញសញ្ញាគ្រោះថ្នាក់ និងអំពើហិង្សាកាន់តែធ្ងន់ធ្ងរទៅៗ។ លោក បន្តថា ការតស៊ូទាមទារសិទ្ធិសេរីរភាព ជាថ្នូរនឹងការបាត់បង់អាយុជីវិតបែបនេះ ប្រទេសពួកគេអាចនឹងទទួលបានសេរីភាពនាពេលអនាគត ប៉ុន្តែបើនៅតែបណ្តែតបណ្តាយឲ្យពួកផ្តាច់ការបន្តរការបង្ក្រាបទៀតនោះ ពួកអ្នកតស៊ូដើម្បីសេរីភាពទាំងនោះនឹងមិនអាចមានជីវិតនៅមើលឃើញសេរីភាពដែលពួកគេនឹងទទួលបាននាពេលអនាគតនោះឡើយ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលយោធារដ្ឋប្រហារភូមាបានចេញបទបញ្ជាបង្ក្រាបលើប្រជាពលរដ្ឋភូមាយ៉ាងចាស់ដៃក្រោយបាតុករទាំងនោះសំដែងមតិមិនពេញចិត្តរបបសឹកមួយនេះ។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ យោធាភូមាបានធ្វើរដ្ឋប្រហារទម្លាក់ មេដឹកនាំស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី ដើម្បីឡើងកាន់អំណាចដោយខ្លួនឯង បើទោះបីជាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីឈ្នះការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០ យ៉ាងណាក្តី។

យ៉ាងណាក៏ដោយ សារព័ត៌មាន Southeast Asia CNA បានចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះថា បណ្តារដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកអាស៊ាន បានត្រៀមរៀបចំកិច្ចប្រជុំពិសេសមួយនៅថ្ងៃអង្គារនេះ ជាមួយរដ្ឋាភិបាលយោធាភូមា ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយ និងអំពើហិង្សាលើក្រុមបាតុករ ក្រោយកើតមានរដ្ឋប្រហារយោធាភូមា ១កុម្ភៈ កន្លងទៅនោះ។ យ៉ាងណាមកទល់ថ្ងៃទី២ខែមីនានេះ ការបង្ក្រាបលើក្រុមបាតុករភូមាពីសំណាក់ក្រុមយោធា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ប្រមាណ២០នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស៕