អង្គការ Human Rights Watch ចាត់ទុក ការផ្តន្ទាទោស អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សនេះចំនួន៨រូបផ្សេងទៀត គឺជាការដាក់ទោយ៉ាងសាហាវ ក្នុងបំណងសម្លាប់ជីវិតនយោបាយ និងបិទផ្លូវមិនឱ្យពួកគេអាចវិលត្រឡប់ចូលកម្ពុជាវិញបាន។
អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់អង្គការនេះ ដោយហៅការចោទប្រកាន់ និងការផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនេះគឺជារឿងគួរឱ្យអស់សំណើច។
លើសពីនេះ លោកបានហៅសាលក្រមនេះ ថាជាការធ្វើឡើងដោយក្លែងបន្លំ ហើយជាការចោទប្រកាន់ដែលមានចរឹកនយោបាយ បង្កើតឡើងដោយរបបផ្តាច់ការ ដឹកនាំប្រទេសដោយបក្សតែមួយ។
ប្រមុខរដ្ឋាភិបាល និងជាប្រមុខគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កន្លងមកធ្លាប់បានប្រកាសពីការប្តេជ្ញាថា នឹងតាមកម្ទេចបំណែកដែលនៅសល់នៃគណបក្សសង្រ្គោះជាតិតាមរយៈរូបមន្តកាត់ក្បាល និងបំបែកដងខ្លួន។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ ហៅការតាមយាយីឥតស្រាកស្រាន្តទៅលើសំឡេងជំទាស់ ដែលជាផ្នែកមួយនៃធាតុផ្សំក្នុងសង្គមប្រកាន់របបប្រជាធិបតេយ្យនោះ គឺជាផ្លូវបង្ហាញពីការដើរប្រាសចាកពីគន្លងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
Human Rights Watch បន្ថែមថា ជាថ្មីម្តងទៀតប្រព័ន្ធតុលាការដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ឬជាតុលាការកង់ហ្គូរ៉ូនៅកម្ពុជានោះ បានធ្វើឱ្យមានការសើចចំអកចំពោះប្រព័ន្ធយុត្តិធម៌។ អង្គការដដែលបន្តថា សាលក្រមផ្ទន្ទាទោសទៅលើអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ ជារឿងមិនសមហេតុផល ព្រោះគ្មានវត្តមានអ្នកឃ្លាំមើលក្នុងដំណើរការក្តីនេះ និងគ្មានវត្តមានចុងចោទឡើយ។
សេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិមួយនេះធ្វើឡើង ក្រោយពេលតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រម កាត់ទោសលោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោក៨រូបទៀត កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ពីបទឧប្បឃាត ឬប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាល តាមរយៈផែនការវិលចូលស្រុកកាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩។
សាលក្រមនេះ បានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ។ ដោយឡែក អ្នកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវជាប់ពន្ធនាគារ២២ឆ្នាំ។ រីឯភរិយាលោក សម រង្ស៊ី គឺអ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្រ្ទ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក និង លោក នុត រំដួល ត្រូវជាប់ពន្ធនាគារ២០ឆ្នាំ។
ក្រៅពីជាប់ពន្ធនាគារ មេដឹកនាំបក្សប្រឆាំងទាំង៩រូប ដែលកំពុងរស់នៅឯក្រៅប្រទេស ត្រូវបានបានដកសិទ្ធពលរដ្ឋមួយចំនួនរួមមានសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និង សិទ្ធិបម្រើការងារជាមន្រ្តីរាជការ។ បន្ថែមពីនេះ ពួកគេទាំងនោះ ត្រូវបង់ប្រាក់រួមគ្នាចំនួន ១ពាន់ ៨រយ លានរៀល ឬស្មើជាង៤៤ម៉ឺនដុល្លារ ចូលទៅថវិការដ្ឋផងដែរ។
ក្រោយការចេញសាលក្រមនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ផាទ្រិក មើហ្វី (W. Patrick Murphy) បានលើកឡើងនៅលើបណ្តាញទ្វីធ័រថា ការកាត់ទោសនេះ ធ្វើឡើងដោយមិនត្រឹមត្រូវតាមនីតិវិធីឡើយ។ លោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកលំហរសិទ្ធិនយោបាយឱ្យបានកាន់តែទូលំទូលាយឡើងវិញ និងអនុញ្ញាតឲ្យគ្រប់ភាគី មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញសំឡេង និងបានចូលរួមធ្វើសកម្មភាពនយោបាយដូចៗគ្នា។
អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី កាលពីថ្ងៃទី១ ខែមីនា ក្រោយការកាត់ទោសលោកភ្លាម បានលើកឡើងថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញនេះ ជាសញ្ញានៃការភ័យខ្លាចរបស់លោកហ៊ុន សែន ។
លោកបន្តថា សាលក្រមនេះគឺជារឿងគួរឱ្យអស់សំណើច ដែលឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់លោក ហ៊ុន សែន ព្រោះចង់កម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយនៅកម្ពុជា។
លោក សម រង្ស៊ី បញ្ជាក់ថា លោក ហ៊ុន សែន បានដឹងហើយថា បើមានការបោះឆ្នោតត្រឹមត្រូវនោះ របបផ្តាច់ការដែលជារបបហួសសម័យរបស់លោកហ៊ុន សែន នឹងដល់ទីបញ្ចប់។
អតីតមេបក្សប្រឆាំងរូបនេះ ថាអ្នកណាដែលត្រូវបានតុលាការអាយ៉ង ក្រោមរបបផ្តាច់ការធ្វើទុក្ខបុកម្នេញ អ្នកនោះជាអ្នកតស៊ូ ស្វែងរកសេរីភាពជូនប្រទេសជាតិយ៉ាងពិតប្រាកដ៕