រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកអាស៊ាន បានបើក កិច្ចប្រជុំពិសេសមួយនៅថ្ងៃអង្គារនេះ ជាមួយរដ្ឋាភិបាលយោធាភូមា ដើម្បីស្វែងរកដំណោះស្រាយ ឈានទៅបិទបញ្ចប់វិបត្តិនយោបាយ និងអំពើហិង្សាដែលកំពុងកើនឡើងធ្ងន់ធ្ងរនៅក្នុងប្រទេសភូមា។
បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយ នៅថ្ងៃ ទី២ ខែមីនានេះថា កិច្ចប្រជុំពិសេសប្រពឹ្រត្តទៅ តាមរយៈវីដេអូខុនហ្វឺហ្វ្រិន។
កិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន កើតមានឡើង បន្ទាប់ពី រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី បានទៅជួបនឹងរដ្ឋមន្ត្រីការបរទេស របស់ពួកយោធាភូមា នៅទីក្រុងបាងកកកាលពីសប្ដាហ៍មុន។
ប៉ុន្តែ២ថ្ងៃ ក្រោយពីមានសេចក្តីរាយការណ៍ពីការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិថា មនុស្សសរុប ១៨នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងរបបរដ្ឋប្រហារ។
រដ្ឋមន្ត្រីការបរទេស សិង្ហបុរី Vivian Balakrishnan បាននិយាយថា ពួកយោធា ភូមាត្រូវតែឆាប់បញ្ចប់អំពើហិង្សា ហើយ ត្រូវដោះលែង អ្នកជាប់ឃុំទាំងអស់។ មកដល់ពេលនេះ គេពុំទាន់ដឹងថា រដ្ឋមន្ត្រីការបរទេស អាស៊ាន បានសម្រេចអ្វីរួមគ្នានៅឡើយទេ។
ប៉ុន្តែសម្រាប់ រដ្ឋមន្ត្រីការបរទេស សិង្ហបុរី បានបង្ហើបឲ្យដឹងថា សមាជិកអាស៊ាន ភាគច្រើន បានប្រាប់អោយពួកយោធា ឆាប់បញ្ចាប់ឲ្យបាននូវ វិបត្តិ របស់ខ្លួន។
នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាស៊ាន កំពុងជួបប្រជុំគ្នា គឺលោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានថ្កោលទោស ពួកយោធា ដែលបាន បាញ់សម្លាប់បាតុករ ។ នៅក្នុងបទសម្ភាសជាមួយបណ្ដាញផ្សាយព័ត៌មាន BBC លោក Lee Hsien Loong និយាយថា ស្ថានភាពក្រោយរដ្ឋប្រហារ នៅភូំមា គឺដូចនៅឆ្នាំ១៩៨៨ ដែលពួកយោធា ប្រើកម្លាំងអាវុធបង្រ្កាបបាតុកម្ម ។ សម្រាប់រូបលោក មិនអាចទទួលយកបានឡើយ។
សមាគមអាស៊ានដែលប្រកាន់ភ្ជាប់នូវគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃបណ្ដាប្រទេសជាសមាជិក ធ្លាប់បានជំរុញជាច្រើនលើកឱ្យមានកិច្ចសន្ទនារវាងលោកស្រី ស៊ូ ជី និងពួកយោធា សំដៅរកដំណោះស្រាយនយោបាយមួយ ដើម្បីបិទបញ្ចប់វិបត្តិ។
ប៉ុន្តែ លោកប្រធានាធិបតី ឥណ្ឌូនេស៊ី ចូកូ វីដូ ដូ បានបកស្រាយក្រោយពីប្រទេសភូមាធ្លាក់ក្នុងរបប រដ្ឋប្រហារ ថា ទោះជាសមាគមអាស៊ានប្រកាន់ភ្ជាប់នូវគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពិតមែន ប៉ុន្តែអាស៊ានមានគោលដៅមួយទៀត គឺសហគមន៍មួយ មានទិសដៅរួមគ្នា គឺសុខទុក្ខជាមួយគ្នា។ លោកប្រធានាធិបតី ពន្យល់ថា បើសមាជិកមួយមានវិបត្តិ គឺត្រូវជួយរកដំណោះស្រាយ ជួយប្រទេសនោះ ព្រោះអាចនាំមកនូវអស្ថិរភាពក្នុងតំបន។
កិច្ចប្រជុំអាស៊ានប្រព្រឹត្តទៅក្រោម សម្ពាធអន្តរជាតិ ដែលដាក់ទៅលើរបបរដ្ឋប្រហារនៅភូមា ។ ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំងអង់គ្លេស ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង កាណាដាកោះតៃវ៉ាន់ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្រោយពីបានថ្កោលទោស គឺប្រទេសទាំងនោះ ហើយព្រមានថា នឹងវិធានការមួយទៀតដាក់ទៅលើពួកយោធាភូមា ។
របបរដ្ឋប្រហារ ដែលកំពុងគ្រប់គ្រងដោយ អគ្គមេបញ្ជាការ មីន អ៊ុង ឡាំង នៅតែអះអាងដដែលថា ខ្លួនប្តេជ្ញានឹងរៀបចំការបោះឆ្នោតឡើងវិញ ហើយប្រគល់អំណាចដល់គណបក្សណា ដែលបានឈ្នះឆ្នោតយ៉ាងពិតប្រាកដ។
ប៉ុន្តែ ការអះអាងរបស់ឧត្តមសេនីយរូបនេះ មិនអាចទទួលយកបានដោយបាតុករ បក្សនយោបាយឯករាជ្យ និងសហគមន៍អន្តរជាតិរួមមាន សហរដ្ឋអាមេរិក លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រទេសជប៉ុន ឥណ្ឌា សហភាពអឺរ៉ុប ប្រទេសកាណាដា អង់គ្លេស កូរ៉េខាងត្បូង ។
បាតុកម្មប្រឆាំងរដ្ឋប្រហារកើតមានឡើងនៅទូទាំងប្រទេសភូមា ជារៀងរាល់ថ្ងៃ ចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រី អ៊ុក សានស៊ូជីនៅថ្ងៃរដ្ឋប្រហារទី១កុម្ភៈ។
អង្គការសហប្រជាជាតិបាននិយាយថា មនុស្ស ជិត៩០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ មានមន្ត្រីនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ មានជិត២០០នាក់ ហើយរយៈពេលនៃការបង្រ្កាបនេះ មនុស្សប្រហែល២០នាក់បានស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ ពួកយោធា៕