27 C
Phnom Penh

ពលរដ្ឋដែលទិញផ្ទះល្វែងនៅបុរីពិភពថ្មីកំបូល បង្ហាញការខកចិត្ត និងត្អូញត្អែរគ្មានទឹកប្រើប្រាស់ ហើយពិដានផ្ទះជ្រាបទឹកនៅរដូវភ្លៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋភាគច្រើន ដែលបានទិញផ្ទះល្វែង របស់ក្រុមហ៊ុនបុរីពិភពថ្មី សម្រាប់គម្រោងទី១-ទី២ និងទី៣ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បង្ហាញការខកចិត្ត និងរិះគន់ប្រធាន ឬអ្នកគ្រប់គ្រងក្រុមហ៊ុនបុរីពិភពថ្មីនេះ ថាបានផ្សព្វផ្សាយគម្រោងលក់ផ្ទះល្វែងរបស់ខ្លួន ប្រាសចាកពីការពិត ឬមានលក្ខណៈឆបោកអតិថិជន។

ប្រភពខ្លះឲ្យដឹងថា ទីតាំងផ្ទះល្វែង ប៉ុន្មានគម្រោងខាងលើនេះ មិនទាន់មានទឹកភ្លើង ជាពិសេសទឹកស្អាត សម្រាប់ផ្តល់ជូនអតិថិជននៅឡើយទេ ហើយខ្វះទឹកប្រើប្រាស់ស្ទើរាល់ថ្ងៃ។ ជាងនេះទៀត បើនៅ             រដូវវស្សា ឬរដូវមានភ្លៀងធ្លាក់វិញ ពិដានផ្ទះល្វែងរបស់ក្រុមហ៊ុនបុរីពិភពថ្មីនេះ បានជ្រាបទឹក ឬលិចទឹកជាដើម។

ពលរដ្ឋភាគច្រើន ដែលខកខ្លួន ទៅទិញផ្ទះល្វែងក្រុមហ៊ុនបុរីពិភពថ្មីរស់នៅ មានទីតាំងក្នុងខណ្ឌកំបូល បានផ្តាំផ្ញើដល់ពលរដ្ឋដទៃទៀត ដែលមានបំណងទិញផ្ទះល្វែង របស់ក្រុមហ៊ុនបុរីពិភាពថ្មី សូមធ្វើការពិចារណាឲ្យបានដិតដល់ជាមុន ត្បិតគម្រោងផ្ទះល្វែងរបស់ក្រុមហ៊ុនពិភពថ្មីកំបូលនេះ មិនទាន់មានទឹកស្អាតរបស់រដ្ឋចូលទៅដល់ សម្រាប់ផ្តល់ជូនពលរដ្ឋប្រើប្រាស់ទេ។

អតិថិជនខ្លះឲ្យដឹងថា ពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីនេះ ប្រើប្រាស់ទឹក អណ្តូង ដែលក្រុមហ៊ុនបានជីក ឬបុកតែប៉ុណ្ណោះ ហើយជួនកាលស្ទើរពេញមួយសប្តាហ៍ មិនមានទឹកចេញមួយតំណក់ឲ្យពួកគាត់ប្រើប្រាស់នោះទេ។

ប៉ុន្តែបើថ្ងៃណាមានទឹកវិញ គឺក្រុមហ៊ុននេះ បានបើកត្រឹមរយៈពេលតែកន្លះម៉ោង ប៉ុណ្ណោះ រួចក៏បិទទឹកនោះវិញ។ ហើយប្រសិនបើម្ចាស់ផ្ទះល្វែងទាំងឡាយណា មិនបានទិញម៉ូទ័រសម្រាប់ជំនួយ ក្នុងការបូមទឹកដាក់ក្នុងស៊ីទែនស្តុកទុកទេ គឺប្រាកដជាគ្មានទឹកចេញសូម្បីតែមួយតំណក់។

ពលរដ្ឋ ដែលលង់ខ្លួន ទៅទិញផ្ទះល្វែង របស់ក្រុមហ៊ុនបុរីពិភពថ្មី សម្រាប់គម្រោងទី១ ដល់គម្រោងទី៦ ឬគម្រោងផ្សេងៗទៀត ដែលក្រុមហ៊ុនេះកំពុងសាងសង់រាប់ពាន់ល្វែង មានទីតាំងក្នុងខណ្ឌកំបូល បានអះអាងថា គម្រោងទាំងនេះ មិនទាន់មានទឹកស្អាតរដ្ឋ សម្រាប់ ពលរដ្ឋប្រើប្រាស់នៅឡើយទេ គឺមានតែទឹកអណ្តូង។

ដោយឡែក ចំពោះគុណភាពទឹកអណ្តូងវិញ គឺគ្មានគុណភាពទេ ព្រោះតាមការកត់សម្គាល់ នៅពេលពួកគាត់ងូតទឹកអណ្តូងនេះ គឺស្បែកនៅលើរាង្គកាយរបស់ពួកគាត់ ហាក់ប្រែប្រួល ទៅជាបែកស្រកា ក្រៀមស្ងួត រមាស់ និងជ្រុះសក់ជាដើម។ ជាពិសេសនៅក្នុងធុង ឬស៊ីទែន ទឹកវិញ គេឃើញមានកកកំណកច្រែស ឬកម្អែ នៅជាប់ធុង ឬស៊ីទែនទាំងនោះ ថែមទៀតផង។

អតិថិជន របស់ក្រុមហ៊ុនបុរីពិភពថ្មីសាខាកំបូល សំណូមពរដល់ អ្នកឧកញ៉ា ហុង ពីវ ដែលជាអគ្គនាយកក្រុមហ៊ុនបុរីពិភពថ្មី សូមជួយពិនិត្យក្រុមការងារសាងសង់សំណង់ផ្ទះល្វែងរបស់លោកជាថ្មី និងឈានទៅកែលម្អ នូវចំណុចខ្វះខាតរបស់ក្រុមហ៊ុននេះ ឲ្យបានប្រសើរឡើងវិញ។ ជាពិសេសត្រូវធ្វើយ៉ាងណា ជម្រុញការតភ្ជាប់បណ្តាញទឹកស្អាត របស់រដ្ឋ ផ្តល់ជូនពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់ចំនួន ព្រោះរាល់ថ្ងៃនេះ ឃើញមាន ពលរដ្ឋភាគច្រើនបានបង្ខំចិត្តដាក់ស្លាកលក់ផ្ទះ ចំនួនរាប់រយល្វែង ដើម្បីចាកចេញទៅកាន់ទីតាំងផ្សេង។

ជាងនេះទៅទៀត ពួកគេស្នើឲ្យពង្រឹងសកម្មភាពចុះល្បាតការពារសន្តិសុខ ជូនពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីទាំងប៉ុន្មានគម្រោងនៅខណ្ឌកំបូលនេះ ឲ្យបានប្រសើរជាងបច្ចុប្បន្ន ព្រោះជាបន្តបន្ទាប់មកនេះ មានក្រុមចោរចូលលួចគាស់ផ្ទះយកឥវ៉ាន់ នៅពេលម្ចាស់ផ្ទះចេញទៅធ្វើការ ឬមិននៅផ្ទះ ពិសេសនៅពេលយប់ បានកើតឡើងជាច្រើនករណី។ ហើយក្នុងនោះម្តងម្កាល ក៏ឃើញមានក្រុមក្មេងទំនើង បានបង្ហោះម៉ូតូ និងប្រមូលផ្តុំគ្នាជល់មាន់ ដែលផ្ទុយពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅក្នុងបុរីពិភពថ្មីនេះជាហូរហែរ ប៉ុន្តែមិនឃើញមានកងសន្តិសុខក្រុមហ៊ុនបុរីពិភពថ្មីនេះ ចុះហាមឃាត់ឲ្យមានប្រសិទ្ធភាពទេ។

យ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនបុរីពិភពថ្មី ដើម្បីបំភ្លឺជុំវិញកង្វល់ របស់ពលរដ្ឋ   ដែលសម្តែងការខកចិត្ត ក្រោយការទិញគម្រោងផ្ទះល្វែងនៅបុរីពិភពថ្មីកំបូល ដោយអះអាងថា គ្មានទឹកស្អាតប្រើប្រាស់ និងសំណង់គ្មានគុណខាងលើនេះ បាននៅឡើយទេនៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស