សហរដ្ឋអាមេរិក បានសម្តែងការសាទរដល់កម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ អាស្ត្រាហ្សឺណិកា (AstraZeneca) ចំនួនជាង៣០ម៉ឺនដូស(៣២៤ ០០០) កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា អះអាងនៅថ្ងៃទី៣ខែមីនាថា ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារការប្តេជ្ញាចិត្តជាមុនចំពោះទីផ្សារ COVAX ដែលជាគម្រោងគំនិតផ្តួចផ្តើមជាសកល ក្នុងការគាំទ្រការទទួលបានប្រកបដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩។
ប្រភពដដែលបន្តថា នៅក្នុងពេលថ្មីៗនះ សហរដ្ឋអាមេរិកបានប្រកាសពីការផ្តល់ជំនួយសម្រាប់គ្រាដំបូង ចំនួន ២ ពាន់លានដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោងគំនិតផ្តួចផ្តើមនេះ។ គម្រោងនេះ ធ្វើឲ្យសហរដ្ឋអាមេរិក ដែលជាប្រទេសរួមចំណែកធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះមេរោគកូវីដ ១៩។
ប្រទេសមហាអំណាចលោកសេរីមួយនេះ បញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ដែលជាផលិតផលរបស់ប្រទេសឥណ្ឌារបស់ក្រុមហ៊ុន AstraZeneca។
ក្រោយវ៉ាក់សាំងរបស់ឥណ្ឌានេះមកដល់កម្ពុជាភ្លាម ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ប្រកាសថាលោក និងភរិយា នឹងចាក់វ៉ាក់សាំងអាស្ត្រាហ្សឺណិកានេះ មុនគេនៅថ្ងៃទី៤ ខែមីនា នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ការប្រកាសជាថ្មីទៀតនេះ បន្ទាប់ពីលោកបានបដិសេធចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កាលពីខែកុម្ភៈ។
ជាមួយគ្នានេះ ស្ថាប័នរដ្ឋសភានៅថ្ងៃពុធនេះ បានស្នើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលសុំចាក់វ៉ាក់សាំងអាស្ត្រាហ្សឺណិកា ដែលទើបដឹកមកដល់កម្ពុជាកាលពីល្ងាចម្សិលមិញ ជូនថ្នាក់ដឹកនាំ និងសមាជិកនៃស្ថាប័នជាតិមួយនេះ ដើម្បីការពារជំងឺកូវីដ១៩ បើទោះបីជាសមាជិក សមាជិការដ្ឋសភាភាគច្រើនលើសលុប មានវ័យលើសពី៦០ឆ្នាំទៅហើយក្តី។
វ៉ាក់សាំងនេះត្រូវបានផលិតដោយសាកលវិទ្យាល័យ Oxford របស់អង់គ្លេស និងក្រុមហ៊ុនអាស្ត្រាហ្សឺណិកា ព្រមទាំងទទួលបានអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា។
វ៉ាក់សាំងប្រឆាំងកូវីដ១៩ អាស្ត្រាហ្សឺណិកា ជាវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងណែនាំឱ្យមានការចាក់វ៉ាក់សាំងនេះដើម្បីការពារខ្លួនពីការឆ្លងនូវជំងឺកូវីដ១៩ ហើយក្រសួងសុខាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះក៏បានប្រកាសឱ្យប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។
ក្រុមអ្នកឃ្លាំមើលប្រតិកម្មថា ករណីលោក ហ៊ុន សែន ត្រៀមចាក់វ៉ាក់សាំងអង់គ្លេស ហើយទាត់ចោលវ៉ាក់សាំងចិននេះ មានន័យយ៉ាងច្បាស់ណាស់ថា លោក ហ៊ុន សែន កំពុងបំបាក់មុខចិនផង និងជាទង្វើមើលងាយអាយុជីវិតរបស់ពលរដ្ឋខ្មែរផង។
អ្នកវិភាគនយោបាយសង្គម និងជា អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី០១ ខែមីនាថា ការត្រៀមចាក់វ៉ាក់សាំងរបស់អង់គ្លេស ហើយយកវ៉ាក់សាំងចិន ដែលអង្គការសុខភាពពិភពលោក WHO មិនទទួលស្គាល់ គឺការបំបាក់មុខចិនធ្ងន់ធ្ងរ ដែលអាចជាសញ្ញាប្រេះស្រាំខ្លះនៃទំនាក់ទំនងរវាងលោក ហ៊ុន សែន និងចិន។
លោកបន្តថា អ្វីដែលអាចកត់សម្គាល់បាននោះ គឺនៅក្រោយពេលរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសខ្ចីលុយបរទេសប្រមាណ ២ពាន់លាន ដុល្លារ កាលពីចុងឆ្នាំ២០១៩ ចិនមិនបានអើពើទាល់តែសោះ។
អ្នកវិភាគរូបនេះ លើកឡើងថា ទង្វើរបស់លោក ហ៊ុន សែន គឺជាការរំឭកដល់មិត្តចិនរបស់លោកថា លោកមិនទុកចិត្តចិន មើលងាយចិន និងមិនស្មោះត្រង់នឹងចិន។ លើសពីនេះ លោកចង់បង្ហាញថាចៅហ្វាយ ដែលគាត់ត្រូវស្មោះត្រង់ឥតងាករេនោះ គឺមានតែប្រទេសវៀតណាមតែមួយគត់ ប៉ុន្តែលោក ហ៊ុន សែន ធ្វើជាតោងចិន ដើម្បីចម្លងអំណាចគ្រួសារត្រកូលហ៊ុនតែប៉ុណ្ណោះ៕