អ្នកវិភាគនៅក្រៅសុ្រកអះអាងថា ការកាត់លោក សម រង្ស៊ី ជាពិសេស ក្រុមមន្ត្រីជាន់ខ្ពស់៨នាក់ផ្សេងទៀត ដែលស្និទ្ធនឹងលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារពី២០ឆ្នាំដល់២៥ឆ្នាំ ហើយដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺកើតឡើង ដោយសារបុព្វហេតុសារនយោបាយក្ដៅៗអំឡុងព្រឹត្តិការណ៍៩វិច្ឆិកា២០១៩នោះឯង។
អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី២ មីនាថា ការកាត់ទោសលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់លោក គឺជាការបង្ហាញយ៉ាងច្បាស់ថា ល្បែងមាតុភូមិនិវត្តន៍៩វិច្ឆិកា ២០១៩ គឺជាកាដូយ៉ាងពេញលេញ សម្រាប់លោកហ៊ុន សែន ប្រើប្រាស់នូវលេសមួយនេះ ចាប់ញែកចំណងសម្ព័ន្ធភាព«សម រង្ស៊ី~កឹម សុខា» ឬហែកគណបក្សសង្គ្រោះជាតិតែម្តង។
ការហែកសម្ព័ន្ធភាពនេះ គឺមានប្រសិទ្ធភាពលើសលប់ជាងទ្រឹស្ដីដែលគណបក្សប្រឆាំងធ្លាប់ប្រើប្រាស់កន្លងមក គឺ«សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» ខណៈការបោះឆ្នោតកាន់តែកៀក ។
លោក គឹម សុខ អះអាងថាលោកមិនគាំទ្រល្បែងមាតុភូមិនិវត្តន៍៩វិច្ឆិកា២០១៩ របស់ក្រុមលោក សម រង្ស៊ី ដែលប្រើប្រាស់សារនយោបាយ«ចូលចាប់ ចូលចង ចូលផ្ដួលរំលំ លោក ហ៊ុន សែន ជាដើមនោះទេ ព្រោះលោកមើលឃើញថា នោះជាយុទ្ធនាការនយោបាយលេងៗ ដែលនាំផលវិបាក និងជាគ្រោះកាន់តែធំថែមទៀត ដល់គណបក្សសង្គ្រោះជាតិ។
ការអះអាងនេះ ធ្វើឡើង ក្រោយពេលតុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រម កាត់ទោសលោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោក៨រូបទៀត កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ពីបទឧប្បឃាត ឬប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាល តាមរយៈផែនការវិលចូលស្រុកកាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩។
សាលក្រមនេះ បានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ។ ដោយឡែក អ្នកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវជាប់ពន្ធនាគារ២២ឆ្នាំ។ រីឯភរិយាលោក សម រង្ស៊ី គឺអ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្រ្ទ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក និង លោក នុត រំដួល ត្រូវជាប់ពន្ធនាគារ២០ឆ្នាំ។
ក្រៅពីជាប់ពន្ធនាគារ មេដឹកនាំបក្សប្រឆាំងទាំង៩រូប ដែលកំពុងរស់នៅឯក្រៅប្រទេស ត្រូវបានបានដកសិទ្ធពលរដ្ឋមួយចំនួនរួមមានសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ។ បន្ថែមពីនេះ ពួកគេទាំងនោះ ត្រូវបង់ប្រាក់រួមគ្នាចំនួន១៨០០លានរៀល ឬស្មើជាង៤៤ម៉ឺនដុល្លារ ចូលទៅថវិការដ្ឋផងដែរ។
ពាក់ព័ន្ធនឹងសាលក្រមនយោបាយនេះដែរ សហភាពអឺរ៉ុបកាលពីថ្ងៃទី២ខែមីនាបានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវជាថ្មីទៀត ឲ្យអាជ្ញាធរកម្ពុជា ចាប់ផ្តើមដំណើរការផ្សះផ្សារជាតិឡើងវិញ តាមរយៈកិច្ចសន្ទនាដ៏ប្រាកដប្រជាជាមួយគ្នា រវាងបក្សកាន់អំណាច និងបក្សសង្រ្គោះជាតិ។
ក្នុងសេចក្តីថ្លែងការណ៍នោះ អ្នកនាំពាក្យសហភាពអឺរ៉ុប កត់សម្គាល់ថា តុលាការ បានបើកសវនាការកាត់ទោសមេដឹកនាំក្រុមប្រឆាំងទាំង៩រូប ទាំងដែលពួកគេ នៅក្រៅស្រុក មិនអាចវិលមកចូលរួមសវនាការបាន។ ការកាត់ទោសបែបនេះ អឺរ៉ុប ចាត់ទុកថា ជាការបំពាននីតិវិធីទាំងស្រុង។ ជាមួយគ្នានេះ អឺរ៉ុបជំរុញឱ្យអាជ្ញាធកម្ពុជា ត្រូវធានាថា សិទ្ធិចូលរួមជីវភាពនយោបាយ និង សិទ្ធិជាមូលដ្ឋាន ដូចជា ការបញ្ចេញមតិ ការជួបជុំ ជាដើម ត្រូវបានគោរពយ៉ាងពេញលេញ៕