36 C
Phnom Penh

ប្រទេសខ្លះនៃសមាគមអាស៊ានមិនហើបមាត់ អំពីរបបពួកយោធាភូមាប្រើហិង្សាលើពលរដ្ឋនោះទេ ព្រោះតែដូចនឹងអំពើរបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃអង្គារទី២មីនា  ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ាន បានបើកកិច្ចប្រជុំពិសេសរបស់ខ្លួន រយៈពេល២ម៉ោងតាមវិដអូ conference ។ កិច្ចប្រជុំពិសេសនេះ មានរបៀបវារៈរបស់ខ្លួនតែមួយគត់ គឺលើកឡើងអំពី វិបត្តិនយោបាយ នៅក្នុងប្រទេសភូមា ដែលកើតឡើងដោយសារតែ ពួកយោធាធ្វើរដ្ឋប្រហារទំលាក់ រដ្ឋាភិបាលស៊ីវិល របស់ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយ អ្នកស្រីអ៊ុងសានសូជីកាលពីថ្ងៃទី១ កុម្ភៈ ។

ក្នុងកិច្ចប្រជុំនោះ អ្នកសារព័ត៌មាន បានធ្វើការកត់សំគាល់ អំពីឆន្ទៈនិង អារម្មណ៍របស់ ប្រទេសចំនួន៩ដែលបានចូលរួមប្រជុំ លើកលែងតែតំណាងរបស់ពួកយោធាភូមា។ អាស៊ាន គឺជាអង្គការតំបន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៌ ដែលមាន ១០ប្រទេស រាប់ទាំងប្រទេសភូមាផងដែរ។ ប្រទេសទាំង១០នោះ រួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម ឡាវ  កម្ពុជា និងភូមា។

ប្រទេស ចំនួន ៥នៃសមាគមនេះ ដែលបញ្ចេញ ការព្រួយបារម្ភ ជាខ្លាំងទៅលើ អំពើហិង្សា នៅក្នុងប្រទេសភូមា គឺមានម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងព្រុយណេ ។

សម្រាប់ប្រទេសវៀតណាម ក៏នៅស្ងប់ស្ងាត់ដែរ ។ ប៉ុន្តែតំណាងរបស់ប្រទេសសង្គមនិយមមួយនេះ នៅអង្គការសហប្រជាជាតិ បានថ្លែងប្រាប់មហាសន្និបាត របស់ស្ថាប័នមួយនេះ ដោយទទូចអោយអន្តរជាតិ ឆាប់ជួយ ស្ដារឡើងវិញអំពីស្ថិរភាពនៅក្នុងប្រទេសភូមា ដោយស្នើថា របបប្រជាធិបតេយ្យគួររស់ឡើងវិញ។

ប្រទេសដែលត្រូវបានកត់សំគាល់ថា មិនបានហើបមាត់ សម្ដែងការព្រួយបារម្ភអំពី ប្រទេសភូមា ដែលធ្លាក់ក្នុងរបបរដ្ឋប្រហារគឺមាន ប្រទេសថៃ កម្ពុជា និងឡាវ ។ ប្រទេសថៃ គឺរដ្ឋាភិបាល សព្វថ្ងៃ ដឹកនាំដោយអតីតមេរដ្ឋប្រហារឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា ជាមេរដ្ឋប្រហារ ដែលមេរដ្ឋប្រហារយោធានៅភូមា មីនអ៊ុងឡាំង ចាត់ទុកជាគ្រូរបស់ខ្លួននោះ។

លោកមីនអ៊ុកឡាំង បញ្ជាក់ថា មុនលោកសម្រេចធ្វើរដ្ឋប្រហារ គឺលោកបានទៅ ជួបលោក ប្រាយុទ្ធ ដោយបានសុំយោបល់ដើម្បីដោះស្រាយ វិបត្តិនៅប្រទេសភូមា ក្រោយពីការបោះឆ្នោត ៨វិច្ឆិកា ឆ្នាំ២០២០ ។

លោកទទូចថា ដោយហេតុការណ៍ធ្ងន់ធ្ងដូចនេះ ទើបសរសេរសុំបុត្រទៅសុំលោកប្រាយុទ្ធសុំអោយជួយដោះស្រាយ។ ក្នុងន័យនេះហើយ ដែលអ្នកសង្កេតការណ៍មើលឃើញថា តំណាងប្រទេសខ្លះមិនមានអ្វីនិយាយ ក្នុងកិច្ចប្រជុំពិសេសនោះទេ ។

ចំណែក ប្រទេសឡាវ វិញ ពុំមានមាត់កអ្វីទេ ចាប់ពីមានរដ្ឋប្រហារផ្ទុះឡើង។ ប្រទេសឡាវទើបតែបោះឆ្នោត សមាជិកសភាប្រជាជនរបស់ខ្លួន កាលពីថ្មីៗនេះ ។

ការបោះឆ្នោតរបស់ប្រទេសនេះ ពុំមានបក្សប្រឆាំងចូលរួមនោះទេ គឺ ជាការចាត់តាំងអោយទៅប្រមូលសំឡេងឆ្នោត ពីអ្នកបោះឆ្នោត ដែលជាការបោះឆ្នោត គ្មានឆន្ទៈ ការបើកចំហ ឬដោយសេរី នោះទេ ព្រោះ នៅលើសន្លឹកឆ្នោត គូសតែលើបក្សតែមួយប៉ុណ្ណោះ។

ប្រទេសកុម្មុយនិស្តមួយនេះ និយាយមិនរួចទេ ព្រោះខ្លួនពុំបានផ្ដល់សេរីភាពអោយពលរដ្ឋរបស់ខ្លួន មានសិទ្ធិសម្រេចអ្វីដោយឯករាជ្យឡើយ។ ដោយឡែកប្រទេសកម្ពុជា ក៏ពុំមានការស្រង់មកចុះផ្សាយ ថារដ្ឋមន្ត្រីការបទេសរបស់ប្រទេសនេះបានពោលពាក្យអ្វីនោះដែរចំពោះ ស្ថានការណ៏ប្រទេសភូមា។

កម្ពុជា ជារាជាណាចក្រមួយ ដូចនឹងប្រទេសថៃដែរ។ បច្ចប្បន្នប្រទេសមួយនេះ ក៏កំពុងមានរឿងចម្រូងចម្រាស់ខាងនយោបាយ។ បក្សកាន់អំណាចរបស់ប្រទេសនេះ ដឹកនាំដោយ លោកហ៊ុនសែន ដែលក្រុមសិទ្ធិមនុស្ស ហៅថា បុរសខ្លាំង។ លោក ហ៊ុនសែន បានកាន់អំណាចជាយករដ្ឋមន្រ្តីមកដល់ពេលនេះ គឺ៣៦ឆ្នាំហើយ។ លោកបានបន្តកាន់អំណាចក្រោមស្ថានការណ៍ហិង្សាធំៗ ចំនួន ៣លើក គឺឆ្នាំ១៩៩៧ – ឆ្នាំ ១៩៩៨ និងឆ្នាំ២០១៣។

លោកបានឡើងកាន់អំណាចយ៉ាងស្រួល បំផុត គឺតាមរយៈការបោះឆ្នោតសភា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេ ត្រូវបានរំលាយដោយអំណាចសាលដីការបស់តុលាការកំពូល។ ការបោះឆ្នោត ឆ្នាំ២០១៨ ពុំមានបក្សប្រឆាំងធំនេះ មានវត្តមាននោះទេ ។

មេបក្សប្រឆាំងរបស់បក្សនេះ គឺទាំងលោកសមរង្ស៊ី និងលោកកឹមសុខា ត្រូវបានកំចាត់ចេញពីសង្វៀតប្រកួត។ រដ្ឋាភិបាល សព្វថ្ងៃនេះ កំពុងកាន់កាប់សភា ដោយសំឡេងតែមួយ គឺគ្មានសំឡេងជំទាស់នោះទេ។

នៅពេលរដ្ឋប្រហារផ្ទុះភ្លាម កាលពីថ្ងៃទី១កុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសថា គឺជារឿងផ្ទៃក្នុងនៃប្រទេសភូមា គឺកម្ពុជា ប្រកាន់គោលការណ័ តាមធម្មនុញ្ញអាស៊ាន ដែលហាមជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិក។ ទំនងដូចនេះ បានជាតំណាងរដ្ឋាភិបាល ថៃ និងឡាវ ក៏ប្រកាន់ជំហរដូចកម្ពុជាផងដែរ។

តែអ្នកសង្កេតការណ៍ យល់ថា ព្រោះតែស្ថានភាពនៅភូមា មិនល្អច្រើនទេ សម្រាប់ការដឹកនាំរបស់ខ្លួន។តែបែបនេះក្ដី កិច្ចប្រជុំពិសេស កាលពីទី២មីនា នៅតែសម្រេចបាននូវការចេញសេចក្ដីថ្លែងការណ៍មួយ ដែលមិនមែនជាសេចក្ដីថ្លែងការណ៍រួមនោះទេ ។ សេចក្ដីថ្លែងការណ័នេះ ធ្វើឡើងដោយ ប្រទេសព្រុយណេ ដែលជាប្រធានកិច្ចប្រជុំអាស៊ាន សម្រាប់ឆ្នាំ២០២១នេះ។

ប្រទេសដែលរុញអោយមានសេចក្ដីថ្លែការណ៍ ទាមទារអោយដោះលែងអ្នកស្រីអ៊ុកសានសូជី និងបញ្ចប់វិបត្តិ គឺប្រទេស ឥណ្ឌូនេស៊ី ប្រទេស សិង្ហបុរី ប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីរបស់ប្រទេសទាំង៤នេះ បានថ្លែងថាមិនអាចទទួលយកបានទេ ការបង្ហូរឈាមប្រជាជន ដើម្បីបន្តកាន់អំណាច។ ប្រទេសទាំងបួននេះ ព្រមានថា អាស៊ាន ត្រូវការស្ថិរភាព និង ប្រជាធិបតេយ្យ គឺមិនអាចគាំទ្រ របបមួយមិនស្របនឹងឆន្ទៈរបស់ប្រជាជននោះទេ។

បើតាម ទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកស្លាប់ដោយការបង្រ្កាបរបស់ពួកយោធា កើនឡើង ៣០នាក់ និង ការចាប់ខ្លួន កើនឡើង ១១០០នាក់ចាប់តាំងពីថ្ងៃទី១កុម្ភៈនៃព្រឹត្តិការណ៍រដ្ឋប្រហារ។ការវាយបង្រ្កាបនេះច្រើនកើតឡើងនៅ បណ្ដាខេត្តៗ ឆ្ងាយៗពីអ្នកសង្កេតការណ៍ ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស