31 C
Phnom Penh

ការកាប់បំផ្លាញព្រៃឈើនៅតែកើនឡើងឥតឈប់ឈរ ខណៈឧក្រិដ្ឋជនព្រៃឈើធំៗមិនទាន់ត្រូវបានចាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា ព្រៃឈើនៅកម្ពុជានឹងវិនាសអស់នាពេលខាងមុខ ប្រសិនបើក្រុមហ៊ុន និងឧកញ៉ាធំៗដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើ មិនត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោស។

កាលពីឆ្នាំ២០១៦ លោក ហ៊ុន សែន បានបង្កើតគណៈកម្មការមួយដែលដឹកនាំដោយ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។  គណៈកម្មការជាតិមួយនេះបង្កើតឡើង ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទូទំាងប្រទេស។ 

កាលនោះ លោក ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យលោក សៅ សុខា បើកការបង្ក្រាបបទល្មើសព្រៃឈើ ជាទ្រង់ទ្រាយធំដោយគំរាមក្នុងការប្រើគ្រាប់រ៉ុកកែតបាញ់ ពីលើឧទ្ធម្ភាគចក្រទៅលើក្រុមអ្នកកាប់បំផ្លាញព្រៃឈើខុសច្បាប់ផងដែរ។

ប៉ុន្តែចាប់តាំងពីការបើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ២០២១នេះ  មានតែ ឧកញ៉ា គង់ ក្រឹង និងឧកញ៉ា ស៊ឹង សំអុល ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួន ខណៈឧកញ៉ាធំៗផ្សេងទៀតដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅមានសេរីភាពនៅឡើយ។

ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្ដែងៗថានឹងចាត់វិធានការក្ដៅទៅលើក្រុមអ្នកកាប់ឈើក៏ដោយ ប៉ុន្តែរហូតដល់បច្ចុប្បន្នសកម្មជនការពារព្រៃឈើនៅតែអះអាងថា ការកាប់បំផ្លាញព្រៃឈើមិនការថយចុះឡើយ ពិសេសចាប់តាំងពីមានយុទ្ធនាការហាមឃាត់ប្រជាសហគមន៍ សកម្មជនការពារព្រៃឈើពីសំណាក់មន្ត្រីបរិស្ថាន មិនឱ្យចូលល្បាតក្នុងព្រៃនៅតំបន់ព្រៃឡង់កាលពីដើមឆ្នាំ២០២០មក។

សកម្មជនការពារបរិស្ថានលោក សាន់ ម៉ាឡា លើកឡើងថា ថ្វីត្បិតតែ   រដ្ឋាភិបាលបាលបានដាក់ចេញនូវវិធានការការពារព្រៃឈើ ដោយមានមន្ត្រីរដ្ឋបាលព្រៃឈើ ក្រុមឧទ្យារក្សនៃក្រសួងបរិស្ថាន និងគណៈកម្មការជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិក៏ដោយ ប៉ុន្តែសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមិនមានការថយចុះនោះទេ។  

លោក សាន់ ម៉ាឡា បន្តថា បទល្មើសព្រៃឈើថយចុះ លុះត្រាណាតែឈ្មួញ និងឧកញ៉ាធំៗ ដែលរកស៊ីកាប់និងដឹកជញ្ជូនឈើត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោស។ ក្រៅពីចាប់ខ្លួនអ្នកព្រឹត្តបទល្មើសហើយ លោកថា រដ្ឋាភិបាលក៏ត្រូវចាត់វិធានការទៅលើមន្ត្រីរបស់ខ្លួន ដែលបានឃុបឃិតក្រុមអ្នកកាប់បំផ្លាញព្រៃឈើមកដាក់ទោសផងដែរ ។

លោកជឿជាក់ថា ឧកញ៉ាធំៗ ដែលល្បីល្បាញរឿងជំនួញឈើនៅកម្ពុជាកន្លងមក អាចប្រកបមុខរបរនេះទៅបាន គឺមានមន្ត្រីធំៗក្នុងជួរ រដ្ឋាភិបាលដែលជាអ្នកនៅពីក្រោយខ្នងពួកគេតែម្តង។

ឧកញ៉ាធំៗ ដែលល្បីល្បាញរឿងជំនួញឈើនៅកម្ពុជាកន្លងមក ហើយមិនទាន់ត្រូវបានចាប់ខ្លួន រួមមានឧកញ៉ាទ្រី ភាព ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ឧកញ៉ា វ័ន្ត ថៃ និងឧកញ៉ា តុប វីរដា ជាដើម។

សកម្មជនការពារបរិស្ថានដែលធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសារ ការចុះឃ្លាំមើលការកាប់បំផ្លាញ់ព្រៃឈើក្នុងតំបន់ព្រៃឡង់ លោក ហេង ស្រស់ អះអាងថា អ្នកដែលរកស៊ី និងកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នភាគច្រើនជាឧកញ៉ា។

ក្រៅពីឧកញ៉ាលោកថា ក៏មានក្រុមហ៊ុនមួយចំនួនដែលជាអ្នកទទួលខុសត្រូវធំលើការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសជិតខាង។ លោកបន្តថា ការមិនចាត់វិធាការទៅលើឧកញ៉ា និងក្រុមហ៊ុនទាំងនោះ បង្ហាញឱ្យឃើញថា រដ្ឋាភិបាលកំពុងបើកភ្លើងខៀវឱ្យមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាបន្ថែមទៀត។

លោកថា ប្រសិនបើរដ្ឋាភិបាលមិនបានចាត់វិធានការទៅលើឧកញ៉ា និងក្រុមហ៊ុនណាមួយដែលរកស៊ីកាប់បំផ្លាញព្រៃឈើ គឺមានន័យថា     រដ្ឋាភិបាលកំពុងបណ្ដោយឱ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា។

លោកហេង ស្រស់ សង្កេតឃើញថា ការបង្រ្កាបទៅលើឧកញ៉ាប៉ុន្មាននាក់កន្លងមក ប៉ុន្តែចំណាត់ការផ្លូវច្បាប់នោះហាក់ដូចជានៅតែបណ្ដោយឱ្យក្រុមឧក្រិដ្ឋជនទាំងអស់នោះ នៅមានលទ្ធភាពត្រឡប់មករកស៊ីកាប់បំផ្លាញព្រៃឈើដដែល។

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើងថា មូលហេតុដែលសមត្ថកិច្ចចាប់ខ្លួនឧកញ៉ាទាំងនោះមិនបាន ដោយសារ ពួកគេមានអ្នកធំនៅកាងពីក្រោយខ្នង ដែលទទួលផលប្រយោជន៍ពីបទល្មើសព្រៃឈើកន្លងមក។

លោកចាត់ទុកការចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសមិនបាន គឺជាការលើកទឹកចិត្តនិងជំរុញកាប់បំផ្លាញព្រៃឈើបន្ថែមទៀត ហើយក៏ជាមូលហេតុបង្កើតឱ្យមានវប្បធម៌និទណ្ឌភាពផងដែរ។

កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ អង្គការលើកលែងទោសអន្តរជាតិAmnesty International បានអះអាងក្នុងរបាយការណ៍របស់ខ្លួនថា រយៈពេលមួយឆ្នាំកន្លងមក ពោលគឺនៅឆ្នាំ២០២០ ការកាប់ឈើខុសច្បាប់នៅកម្ពុជានៅតែកើតមានឥតឈប់ឈរ ស្របពេលការបង្ក្រាបសកម្មភាពការពារព្រៃឈើ និងហាមឃាត់អ្នកការពារបរិស្ថានមិនឱ្យចូលដែនជម្រកសត្វព្រៃព្រៃឡង់ពីសំណាក់អាជ្ញាធរកាន់តែអាក្រក់។

អង្គការនេះ លើកឡើងថា ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនព្រៃឈើ ប្រជាសហគមន៍ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ព្រៃឡង់  បណ្តាលធ្វើឱ្យសកម្មភាពបំផ្លិចបំផ្លាញព្រៃអភិរក្សនេះកើតមានកាន់តែធ្ងន់ធ្ងរ ។ 

ប្រភពដដែល បន្តថា រូបភាពថ្មីៗ និងទិន្ន័យពីផ្កាយរណប បង្ហាញថាការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់កំពុងបន្តកើតមានយ៉ាងខ្លាំងដោយមានការឈូសឆាយព្រៃកាន់តែរីករាលដាល និងការបង្កើតផ្លូវថ្មីៗ ដែលនាំឱ្យមានការបំផ្លាញព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ផងដែរ។

មន្ត្រីជាន់ខ្ពស់របស់អង្គការលើកលែងទោសអន្តរជាតិលោក Richard Pearshouse មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា“ ខណៈដែលអាជ្ញាធរកម្ពុជារារាំងបណ្តាញសហគមន៍ព្រៃឡង់ និងអ្នកការពារបរិស្ថានមិនឱ្យចូលការពារព្រៃឈើនៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្រុមជនល្មើសកំពុងតែមានឱ្យកាសបំផ្លាញព្រៃឈើនៅតំបន់អភិរក្សមួយនេះដោយគ្មានទោសពៃរ៍។

លោកបន្តថា អាជ្ញាធរកម្ពុជាត្រូវតែអនុញ្ញាតឱ្យអ្នកការពារបរិស្ថានទាំងនេះបន្តចុះល្បាត និងអនុវត្តការងារដ៏សំខាន់របស់ពួកគេដើម្បីការពារកុំអោយមានការបំផ្លាញនូវព្រៃឈើក្នុងតំបន់ការពារមួយនេះ។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានចាត់ទុក សេចក្តីថ្លែងការណ៍របស់អង្គការ Amnesty International ថា ធ្វើឡើង ក្នុងចរិតរិះគន់ ដើម្បីបំផ្លាញកម្ពុជា ជ្រកក្រោមស្លាកសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ។

កាសែតរស្មីកម្ពុជាបានដកស្រង់សម្តីរបស់លោក នេត ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈថា សេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ក្រុមជនបំពានច្បាប់ និងញុះញង់ ដោយមិនចេះខ្មាសអៀន ឱ្យជនទាំងនោះ បន្តប្រព្រឹត្តល្មើសច្បាប់។

លោកបន្តថា អង្គការនេះ គួរប្រកាន់យកភាពស្មោះត្រង់ សុច្ចរិតភាព និងវិជ្ជាជីវៈក្នុងការចេញសេចក្តីថ្លែងការណ៍ ណាមួយ។

ប៉ុន្តែលោក ស ម៉ូរី ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា បានប្រាប់សាព័ត៌មាន The Cambodia Daily ថា ការអះអាងរបស់លោក នេត ភត្រា្ត គ្រាន់តែជាការឆ្លើយដោះសារ និង គេចវេសអំពីការទទួលស្គាល់របស់ក្រសួងបរិស្ថានដែលមិនបានពង្រឹងការអនុវត្តច្បាប់ ហើយនឹងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ និងនៅតាមដែនជម្រកសត្វព្រៃដ៍ទៃទៀតឲ្យមានប្រសិទ្ធិភាព តែប៉ុណ្ណោះ។

លោកបន្តថា សកម្មជនបរិស្ថាន និងសហគមន៍មូលដ្ឋានដែលចូលរួមការពារព្រៃឈើ និងការពារធនធានធម្មជាតិ មិនបានប្រព្រឹត្តល្មើសច្បាប់នោះទេ ផ្ទុយទៅវិញពួកគាត់បានចូលរួមការពារព្រៃឈើ ជាមួយ រដ្ឋាភិបាល។ លោកបន្តថារដ្ឋាភិបាលគួរតែសប្បាយចិត្ត និងផ្តាល់ជារង្វាន់ទៅទៀត ដល់សកម្មជនការពារបរិស្ថាន និងសហគមន៍ដែលស្ម័គ្រចិត្តក្នុងការការពារបរិស្ថាន ព្រៃឈើ និងសម្បត្តិធម្មជាតិរបស់ខ្មែរ។

ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជារូបនេះ អះអាងថា ក្រសួងបរិស្ថានមិនគួរប្រតិកម្មធ្ងន់ៗមានលក្ខណៈបន្ទាន់ ទៅលើអង្គការ Amnesty International ដែលបានបង្ហាញរូបភាពពីផ្កាយរណប រកឃើញការបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់នោះទេ។ ប៉ុន្តែក្រសួងបរិស្ថានគួរតែធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់របាយការណ៍របស់អង្គការនេះជាមុនសិន ហើយបើកការសើបអង្កេតអំពីការរកឃើញនេះ។

ការធ្វើអាជីវកម្មឈើប្រណិតៗ រាប់លានម៉ែត្រគូប គេឃើញកើតមានចាប់តាំងពីខេត្តកោះកុង កំពង់ធំ រហូតដល់ខេត្តពោធិ៍សាត់ ព្រះវិហារ ធ្លាយដល់បណ្ដាខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខណៈឈើទាំងនោះភាគច្រើនលក់ទៅឲ្យប្រទេសវៀតណាម។

អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស កាលពីឆ្នាំពី២០០៨ បានរកឃើញថា ព្រៃឈើរបស់ខ្មែរកាលពីឆ្នាំ១៩៦៩ មានរហូតដល់ទៅ ៧៣% នៃផ្ទៃដីទាំងមូល។ ចំនួននេះបានធ្លាក់នៅ ៥៩% ក្នុងឆ្នាំ១៩៩៧ ហើយបន្តធ្លាក់មកត្រឹម ៣៥% ក្នុងឆ្នាំ២០០៨។

អង្គការនេះក៏បានសរសេរក្នុងរបាយការណ៍របស់ខ្លួនដែលមានចំណងជើងថា គ្រួសារអ្នកលួចជាតិចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០០៧ ថា ក្រុមអ្នករកស៊ីឈើនៅកម្ពុជា មានចំណងសាច់សាលោហិតជាមួយក្រុមមន្ត្រីមានអំណាចរបស់រដ្ឋាភិបាល ក្នុងនោះមានលោកឧកញ៉ា ហ៊ុន តូ លោក ឌី ចូច ហៅ ហ៊ុន ចូច លោកស្រី សេង ឃាង អតីតភរិយារបស់លោក ឌី ចូច លោកស្រី ជឹង សូភាព ហៅយាយ ភូ លោកឧកញ៉ា ព្រឹទ្ធសមាជិក ឡៅ ម៉េងឃិន លោកឧកញ៉ា ទ្រី ភាព លោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនទៀត មានទាំងស្ថាប័នស៊ីវិល នគរបាល រួមទាំងកងទ័ពផងដែរ។

បញ្ហាព្រៃឈើនៅកម្ពុជា មិនមែនជាបញ្ហាថ្មីនោះទេ សូម្បីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានប្រកាសប្ដូរជីវិតរបស់លោកផងដែរ ប្រសិនបើលោកទប់ទល់បញ្ហានេះមិនបាននោះ។ 

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើអះអាងថា ការសន្យារបស់លោក ហ៊ុន សែន ក្នុងការប្រើកណ្តាប់ដៃដែកបំបែកក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ គ្រាន់តែជាការលួងចិត្តពលរដ្ឋមួយគ្រាៗដើម្បីស្វែងរកការគាំទ្រផ្នែកនយោបាយ និងដើម្បីដោះសារយករួចខ្លួនប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស