ជំងឺកូវីដ ១៩

អ្នកវិភាគថា មន្ត្រីជាន់ខ្ពស់កម្ពុជាដណ្តើមគ្នាចាក់វ៉ាក់សាំងអង់គ្លេសខណៈវ៉ាក់សាំងចិនត្រូវប្រកាសចាក់ឲ្យប្រជាពលរដ្ឋ

By ឌឹ ខេមបូឌា ដេលី

March 06, 2021

អ្នកឃ្លាំមើលនិយាយថា ការដណ្តើមវ៉ាក់សាំងអង់គ្លេស សហការ ផលិតជាមួយប្រទេសឥណ្ឌា របស់មន្ត្រីកម្ពុជា ជាការបង្ហាញឲ្យឃើញ ពីទង្វើរើសអើងលើប្រជាពលរដ្ឋ និងប្រកាន់បក្ខពួក។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ករណីអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ឆ្លៀតសុំវ៉ាក់សាំងអង់គ្លេស ចាក់ឲ្យថ្នាក់ដឹកនាំរដ្ឋសភា និងក្រុមគ្រួសារ គឺជាការបង្ហាញពីការមិនទុកចិត្តលើ វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន។

លោក ចោទសួរថា តើក្រុមមន្ត្រីថ្នាក់ដឹកនាំរដ្ឋសភា និងក្រុមគ្រួសារទាំងអស់ សុទ្ធតែមានអាយុលើសពី៦០ឆ្នាំ និងអាយុក្រោម១៨ឆ្នាំឬ? តាមពិត នេះជាល្បែងដណ្ដើមគ្នាចាក់វ៉ាក់សាំងអង់គ្លេស ដែលពួកគេកំពុងបារម្ភអំពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ជុំវិញផលិតផលរបស់ចិន។

លោក អះអាងថា ការដែលលោក ហ៊ុន សែន ព្រមចាក់វ៉ាក់សាំងរបស់អង់គ្លេស គឺជាការបន្ថោកមុខមាត់ ចិន លើឆាកអន្តរជាតិ ជាពិសេសចំពោះមុខសហរដ្ឋអាមេរិក និងអឺរ៉ុប។ លើសពីនេះទៅទៀត ក៏ជាការបំបាក់មុខចិន ចំពោះឥណ្ឌា ដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ចិន និងនៅចំពោះមុខអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយជាពិសេសគឺជាការបំបាក់មុខចិន នៅចំពោះពលរដ្ឋខ្មែរតែម្តង។

លោក អះអាងថា លោក ហ៊ុន សែន អាចនឹងទុកវ៉ាក់សាំងអង់គ្លេស មួយផ្នែកចាក់ឲ្យក្រុមគ្រួសារ៧សណ្ដានរបស់លោក និងបក្ខពួកក្បែរៗលោកតែប៉ុណ្ណោះ ហើយមួយផ្នែកទៀតដែលនៅសល់ លោក ហ៊ុន សែន អាចទុកលក់ឲ្យមន្ត្រីមានលុយហូរហៀរ និងក្រុមគ្រួសាររបស់ពួកគេ ដូចជាពួកឧកញ៉ា មន្ត្រីក្នុងតំណែងខ្លាញ់ៗតាមក្រសួងស្ថាប័ននានាជាដើម។

លោក គឹម សុខ សង្កត់ធ្ងន់ថា លោក ហ៊ុន សែន កំពុងត្រូវការលុយខ្លាំងណាស់ ក្នុងកាលៈទេសៈនេះ។ ដូច្នេះលោកមិនខ្លាចប្រើល្បិចកខ្វក់គ្រប់បែបយ៉ាងក្នុងការធ្វើអាជីវកម្ម លើវ៉ាក់សាំងអង់គ្លេសដើម្បីប្រមូលលុយនោះទេ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការរដ្ឋសភាកម្ពុជាបានដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុន ហេង សុំចាក់វ៉ាក់សាំងអង់គ្លេសឈ្មោះ អាស្ត្រាសេណេកា ដែលជាវ៉ាក់សាំងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកWHO។    

កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានសរសេរលិខិតផ្លូវការមួយទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដោយស្នើសុំចាក់វ៉ាក់របស់អង់គ្លេសលើថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋសភា ព្រមទាំងក្រុមគ្រួសារ លើសពីនេះ ក៏ស្នើសុំឲ្យចាក់លើ ទីប្រឹក្សា ជំនួយការ របស់រដ្ឋសភាផងដែរ។

កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាទទួលបានបានវ៉ាក់សាំង AstraZeneca ចំនួនជាង ៣លានដូស ពីមជ្ឈមណ្ឌលកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ក្នុងជំហានដំបូង ខណៈកម្ពុជានឹងទទួលបាន២០ភាគរយនៃចំនួនប្រជាជន១៦លាននាក់ដែលស្មើនឹងជាង៦លានដូសតាមរយៈមជ្ឈមណ្ឌលនេះ។

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ នាយករដ្ឋមន្ត្រីលោកហ៊ុនសែន និងភរិយា បានទទួលចាក់វ៉ាក់សាំងអង់គ្លេស អាស្ត្រាសេណេកា លើកដំបូងរួចរាល់ហើយ ក្នុងនោះក៏មានមន្ត្រីជាន់ខ្ពស់តាមក្រសួងនានាផងដែរ ខណៈវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនបានចាក់ជូនពលរដ្ឋ និងកងទ័ពបានចំនួនជាង ១០ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ៕