26 C
Phnom Penh

សង្គមស៊ីវិលថា ការផ្តល់វ៉ាក់សាំងគួរធ្វើឡើងឲ្យមានសមធម៌ និងមិនមានការរើសអើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គមស៊ីវិលបានលើកឡើងថា ការប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ដោយចាក់ទៅលើថ្នាក់ដឹកនាំ ពលរដ្ឋមន្ត្រីរាជការ និងប៉ូលិស ទាហាន ជាដើមនោះ ត្រូវធ្វើឡើងដោយត្រឹមត្រូវ ប្រកបដោយសមធម៌ និងមិនមានការរើសអើង។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR អ្នកស្រី ចក់ សុភាព បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៤ ខែមីនាថា ការផ្តល់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ជាអាទិភាពគួរធ្វើឡើងចំពោះជនទាំងឡាយណា ដែលងាយនឹងរងគ្រោះតួយ៉ាងដូចជា គ្រូពេទ្យនៅជួរមុខក្នុងការជួយសង្គ្រោះជំងឺរាតត្បាត មនុស្សចាស់ ឬពលរដ្ឋដែលមានសុខភាពងាយនឹងឆ្លងជំងឺនេះជាដើម។

លើសពីនេះ អ្នកស្រីថា ការបែកចែងវ៉ាក់សាំងនេះសម្រាប់ចាក់ទៅលើពលរដ្ឋ ឬមន្ត្រីរាជការ គួរតែត្រូវបានរៀបចំឲ្យមានសមធម៌ និងមិនមានការរើសអើងនោះឡើយ។  

អ្នកស្រី បញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមិនគួរជាឧបសគ្គក្នុងការទទួលបានវ៉ាក់សាំងនោះទេ។ ដូច្នេះគួរតែមានការធានាថា  អាទិភាពមិនត្រូវបានផ្តល់ដោយសារតែស្ថានភាពឋានៈ ឬទ្រព្យធន  ឡើយ។

ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនេះ ស្របពេលមានការបង្ហាញក្តីបារម្ភចំពោះការបែងចែកវ៉ាក់សាំងប្រឆាំងជំងឺជាសកលទៅកាន់ពលរដ្ឋ មន្ត្រីរាជការ ឬថ្នាក់ដឹកនាំរដ្ឋ ថាអាចនឹងមិនស្មើភាពគ្នា ព្រោះវ៉ាក់សាំងដែលផលិតដោយប្រទេសលោកសេរី និងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋនាំគ្នាប្រជែងចង់ចាក់រៀងៗខ្លួន។ ដោយឡែក វ៉ាក់សាំងស៊ីណូហ្វាម របស់ចិនដែលមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក នឹងអាចចាក់ឱ្យពលរដ្ឋ ឬ មន្ត្រីរាជការថ្នាក់ក្រោម។

កាលពីល្ងាចថ្ងៃទី២ ខែមីនាឆ្នាំ២០២១ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ឈ្មោះអាស្ត្រាហ្សេនីកា (AstraZeneca )  ដែលផលិតដោយសាកលវិទ្យាល័យ Oxford របស់អង់គ្លេស និងក្រុមហ៊ុនអាស្ត្រាហ្សេនីកា ព្រមទាំងទទួលបានអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ចំនួនជាង៣សែនដូសបានដឹកមកដល់កម្ពុជា។

ក្រោយវ៉ាក់សាំងនេះ មកដល់កម្ពុជាភ្លាម នៅថ្ងៃទី៤ខែមីនានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយាលោក ព្រមទាំងមន្ត្រីក្រាក់ៗ ក្នុងជួររដ្ឋាភិបាលបាននាំគ្នាសម្រុកទៅចាក់ភ្លាម ស្របពេលលោកហ៊ុន សែន ធ្លាប់ប្រកាសបដិសេធការចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ក្រោមលេសលោកលើសអាយុកំណត់។

ថ្លែងក្រោយចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីការួចនៅព្រឹកថ្ងៃទី៤ខែ មីនានេះ លោក ហ៊ុន សែន បានជុំរុញ ឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca ) ជូនពលរដ្ឋទូទៅដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ជាពិសេសជំហានដំបូងអាទិភាពសំខាន់គឺខេត្តក្រុងគោលដៅចំនួន ដូចជានៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ជាដើម។

លោក អះអាងថា បើទោះបីជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយក៏ដោយ ប៉ុន្តែពលរដ្ឋទាំងអស់ត្រូវរក្សាការប្រុងប្រយ័ត្នជាប់ជានិច្ចដដែល ដោយអនុវត្តឲ្យបាននូវវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងមិនត្រូវល្មើសនឹងការណែនាំរបស់រដ្ឋាភិបាលជាដាច់ខាត។

យ៉ាងណា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះថា ការឆ្លងនៃជំងឺកូវីដ១៩គ្មានព្រំដែនទេ។ បន្ថែមពីនេះ ការរីករាលដាលនៃជំងឺនេះក៏មិនត្រូវប្រកាន់ពូជសាសន៍ដែរ ហើយការចាក់វ៉ាក់សាំងក៏មិនត្រូវបែងចែកឬរើសអើងប្រទេសណាមួយនោះដែរ។

ក្រុមអ្នកឃ្លាំមើលនិយាយថា សាររបស់ស្ថានទូតចិន ទំនងជាការចំអកឲ្យលោក ហ៊ុន សែន ថា សម្ដែងធ្វើនាយករដ្ឋមន្ត្រីជិត៤០ឆ្នាំហើយ រឿងតូចប៉ុនហ្នឹង ក៏សម្ដែងមិនសមដែរ។

អ្នកវិភាគនយោបាយលោក គឹម សុខ អះអាងថា ចិននៅតែបន្តបង្ហាញឥរិយាបថត្រជាក់ ចំពោះលោក ហ៊ុន សែន ព្រោះទំនងជាចិន ក៏ត្រូវប្រើវិធីត្រជាក់បំផុត ដើម្បីបង្កកចរន្តបណ្ដាញអំណាចរបស់លោក ហ៊ុន សែន ដែលអាចប្រសើរជាងការប្រើក្បួនក្ដៅ ធ្វើឲ្យលោក ហ៊ុន សែន ដឹងខ្លួនជាមុន។

លោកបន្តថា ហេតុផល គួរពិចារណា គឺចិនកំពុងព្យាយាមតម្លើងឥទ្ធិពលរបស់ខ្លួនគ្រប់វិស័យ ដើម្បីប្រកួតកេរ្ដិ៍ឈ្មោះទល់នឹងអាមេរិក និងអឺរ៉ុប ដូច្នេះពេលដែលលោក ហ៊ុន សែន ចាក់វ៉ាក់សាំងអង់គ្លេស ហើយមិនអើពើ វ៉ាក់សាំងចិន គឺជាការជាន់ពន្លិចចិនធ្ងន់ធ្ងរ នៅចំពោះមុខអាមេរិក អឺរ៉ុប និងឥណ្ឌា ។

អ្នកវិភាគរូបនេះ អះអាងថា បញ្ហានេះ គេមិនពិបាកយល់ទេ គឺលោក ហ៊ុន សែន និងចិន កំពុងមានអរិភាពនឹងគ្នា ហើយសារសាទររបស់ទូតចិនចំពោះលោក ហ៊ុន សែន គឺជាការសម្ដែងដោយត្រជាក់ត្បកលោក ហ៊ុន សែន ដូចលោក ហ៊ុន សែន សម្ដែងយ៉ាងត្រជាក់ត្បកចិនថា ខ្លួនអាយុច្រើន មិនអាចចាក់វ៉ាក់សាំងចិនបាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស