34 C
Phnom Penh

អ្នកវិភាគថា ការបង្កើតបក្សថ្មីដើម្បីត្រឹមតែធ្វើជាបក្សប្រឆាំង មិនមែនជាអ្នកនយោបាយមានសមត្ថភាពដឹកនាំប្រទេសទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា បើការបង្កើតគណបក្សនយោបាយមួយ គ្រាន់តែបង្កើតឡើងសម្រាប់ធ្វើតែជាគណបក្សប្រឆាំង មិនមែនជាអ្នកនយោបាយវៃឆ្លាតទេ ហើយក៏មិនអាចទៅដឹកនាំប្រទេសបាន          ដែរ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះថា អ្នកនយោបាយដែលឆ្លាត ព្រមទាំងមានទស្សនៈវែងឆ្ងាយក្នុងការដឹកនាំប្រទេស គឺបង្កើតគណបក្សដើម្បីទៅប្រកួតប្រជែងយកអំណាចពី ពលរដ្ឋ ឈានទៅគ្រប់គ្រងនិងដឹកនាំប្រទេស។

លោក អះអាងថា អ្នកនយោបាដែលមានគំនិតបែបនេះគឺជាមនុស្សដែលមានលក្ខណៈជាអ្នកដឹកនាំ ព្រោះគោលដៅរបស់ពួកគេមិនមែនដើម្បីប្រកួតជាមួយបក្សប្រឆាំង ឬប្រកួតដើម្បីដើរតួជាបក្សប្រឆាំងនោះទេ គឺដើម្បីគោលដៅសេចក្តីសុខរបស់ពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសជាតិ។

កន្លងមក ក្រុមអ្នកតស៊ូមតិ រិះគន់ថា ការនាំគ្នាចេញទៅបង្កើតបក្សថ្មីរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានបង្ហាញយ៉ាងច្បាស់ថា ពួកគេបានបោះបង់ចោលស្មារតីគណបក្សសង្គ្រោះជាតិអស់ទៅហើយ។

បញ្ហានេះអាចបញ្ជាក់ផងដែរថា សកម្មភាពរបស់ក្រុមអ្នករត់ចោលបក្សជាការបង្ហាញឲ្យឃើញពីទង្វើអគុណធម៌រត់យករួចខ្លួន ហើយទុកឲ្យមេដឹកនាំរបស់ពួកគេដែលកំពុងរងការរឹតត្បិតសេរីភាព កាន់តែរងទុក្ខជាន់លើទុក្ខ និងកាន់តែរងនូវភាពអយុត្តិធម៌។

គិតត្រឹមខែមីនា ឆ្នាំ២០២១ នេះ មន្ត្រីបក្សប្រឆាំងជិត ២០រូប ហើយដែលបានសុំសិទ្ធិធ្វើនយោបាយពីព្រះមហាក្សត្រឡើងវិញតាមរយៈក្រសួងមហាផ្ទៃ។ លើសពីនេះ មានគណបក្សចំនួន៣ ហើយដែលបានបង្កើតឡើងដោយអតីតមន្ត្រីបក្សប្រឆាំង ដូចជា គណបក្ស ខ្មែរស្រលាញ់ជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរអភិរក្សនិយម រីឯគណបក្ស កំណែទម្រង់កម្ពុជា កំពុងស្ថិតក្នុងដំណើរការនៅឡើយ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា។

ក្រៅពីរំលាយបក្សសង្រ្គោះជាតិ តុលាការនេះបាន ចេញបម្រាមមិនឱ្យមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ធ្វើនយោបាយរយៈពេល៥ ឆ្នាំទៀតផង។

បច្ចុប្បន្នគណបក្សនយោបាយ ដែលមានឈ្មោះក្នុងបញ្ជីក្រសួងមហាផ្ទៃស្របតាមនីតិវិធីច្បាប់ គឺមានចំនួន៣៨ គណបក្ស ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤២ ចែងថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ និងសិទ្ធិចូលរួមអង្គមហាជននានាផងដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស