27.5 C
Phnom Penh

លោក ហ៊ុន សែន ប្រកាសធ្វើនាយករដ្ឋមន្ត្រីរហូតដល់លោកលែងចង់ធ្វើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា លោកនឹងធ្វើនាយករដ្ឋមន្ត្រីជារៀងរហូត ពោលគឺរហូតទាល់តែលោកលែងចង់ធ្វើ។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងពេលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ថ្លែងនាឱកាសនេះ លោកហ៊ុន សែន បានផ្ដាំទៅកាន់ក្រុមបក្សប្រឆាំងថា លោកនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី៧ នៅឆ្នាំ២០២៣ បន្តទៀត ហើយ ក៏នៅតែបន្តឈរជាបេក្ខជន នាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតក្រោយៗទៀតដែរ។

លោកប្រកាសម្តងនេះថា ពីពេលនេះទៅលោកនឹងលែងប្រកាសពីការកាន់អំណាចរបស់លោក១០ឬ ២០ឆ្នាំទៀតហើយ ប៉ុន្តែលោកប្រកាសថានៅតែធ្វើនាយករដ្ឋមន្ត្រីទាល់តែលោកឈប់ចង់ធ្វើ ឬឈប់ចង់កាន់តំណែងកំពូលមួយនេះ។

លោកអះអាងថា នឹងបន្តឈរឈ្មោះជា «បេក្ខជននាយករដ្ឋមន្ត្រី» ក្នុងការបោះឆ្នោតសភានៅឆ្នាំ២០២៣ ខាងមុខ និងការបោះឆ្នោតជាតិ ក្រោយៗទៀត ដោយមិនមានការផ្ទេរតំណែងទៅអ្នកផ្សេងនោះ              ឡើយ។

នេះមិនមែនជាលើកទីមួយឡើយ ដែលលោកហ៊ុន សែន បានប្រកាសពីការកាន់តំណែងនាយករដ្ឋមន្ត្រីទៅមុខទៀតនេះ។

យ៉ាងណាកន្លងមក លោកហ៊ុន សែន ធ្លាប់បានប្រកាសផងដែរអំពីបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីលោកនៅក្នុងជួរបក្សប្រជាជនកម្ពុជា ដែលកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត និងបេក្ខភាពមួយរូបទៀត គឺលោក អូន ព័ន្ធមុនី្នរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ន។

ចំណែកបក្សប្រឆាំងដែលចង់ដឹកនាំប្រទេសនោះ លោកហ៊ុន សែន ចំអកថាពួកគេនឹងគ្មានវាសនាដឹកនាំប្រទេសទេ សម្រាប់ជាតិនេះ។

ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល អះអាងថា ការលើកឡើងរបស់លោកហ៊ុន សែន ពេលនេះ គឺបង្ហាញថាកូនចៅរបស់លោកនៅមិនទាន់រៀបចំខ្លួនរួចរាល់ក្នុងការបន្តវេនពីលោកនោះទេ។

លើសពីនេះ បង្ហាញថាលោកហ៊ុន សែន នៅមិនទាន់ផ្សះផ្សារផ្ទៃក្នុងបក្សដើម្បីគាំទ្របេក្ខភាពកូនប្រុសរបស់លោក ឲ្យធ្វើជានាយករដ្ឋមន្ត្រីនិងនៅមិនទាន់អាចរកការគាំទ្រពេញលេញពីសំណាក់បរទេស ពិសេសវៀតណាម និងចិន ក្នុងការគាំទ្របេក្ខភាពកូនប្រុសរបស់លោក។

លោក ទូច វិបុល លើកឡើងថាសម្រាប់បេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រី គឺជាសិទ្ធិសេរីភាពរបស់គណបក្សនីមួយៗ ដោយច្បាប់នៅមិនទាន់កំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅឡើយទេ។

លោកបន្តថា មូលហេតុដែលធ្វើឱ្យលោកនាយករដ្ឋមន្ត្រី អាចដឹកនាំប្រទេសឬធ្វើជានាយករដ្ឋមន្ត្រីអស់មួយជីវិត គឺដោយសារគណបក្សរបស់លោកជាប់ឆ្នោតជារៀងរហូត បន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ និងធ្វើឱ្យគណបក្សនេះបែកខ្ញែកគ្នា ព្រមទាំងហាមមិនឱ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអាចធ្វើនយោបាយអស់មួយជីវិត។

លើសពីនេះ អំណាចរបស់លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា អាចបន្តទៅមុខទៀតបាន គឺមានការគាំទ្រពីភាគីចិន និងវៀតណាមតែម្តង។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការដែលលោកហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ ដោយសារការលើកបន្ទុបរបស់វៀតណាមពេលនោះ ហើយបន្តដឹកនាំប្រទេសរហូតមកដល់ពេលបច្ចុប្បន្នតាមរយៈការធ្វើរដ្ឋប្រហារកាលពីឆ្នាំ១៩៩៧ ដើម្បីបានអំណាចក្តោបក្តាប់ទាំងស្រុងឡើងវិញ និងតាមរយៈការរៀបចំការបោះឆ្នោត ដែលភាគីបក្សប្រឆាំងតែងចោទថាមានការក្លែងបន្លំ និងអយុត្តិធម៌។

អង្គការអន្តរជាតិ Human Rights Watch  ធ្លាប់ចេញរបាយការណ៍មួយដែលបង្ហាញថាអំណាចរបស់លោកហ៊ុន សែន អាចគង់វង្សទៅបាន ដោយសារមានមន្ត្រីយោធាបាតដៃប្រឡាក់ឈាមជាច្រើនរូបជាបង្អែកដ៏រឹងមាំ៕   

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស