28 C
Phnom Penh

ខេមបូចា ស្នើឱ្យរដ្ឋាភិបាលធានានូវសេរីភាព និងបញ្ឈប់ការរើសអើងអ្នកសារព័ត៌មានក្នុងពេលចុះបំពេញការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាCamboJa  បានស្នើសុំដោយទទួចទៅរដ្ឋាភិបាលឱ្យគោរពសិទ្ធិអ្នកសារព័ត៌មាន។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ CamboJa បានជំរុញឲ្យរដ្ឋាភិបាល ត្រូវធានានូវសេរីភាព និងសិទ្ធិទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មានទាំងអស់ដោយមិនមានការរើសអើង ដើម្បីឱ្យពួកគេអាចស្វែងរក ទទួល និងផ្សព្វផ្សាយព័ត៌មានស្តីពីវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយសេរី និងស្មើភាពគ្នា។

ការលើកឡើងនេះ ក្រោយពេលមានព្រឹត្តិការណ៍ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ អាស្ត្រាហ្សេនីកា (Astra Zeneca) ពីសំណាក់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន និង ភរិយា ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀតនៅមន្ទីរពេទ្យកាល់ម៉ែត្រនាព្រឹកថ្ងៃទី៤ខែមីនា។

ព្រឹត្តិការណ៍នេះ អ្នកសារព័ត៌មាននៃស្ថាប័នមួយចំនួនដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិកVOA វិទ្យុសំឡេងប្រជាធិបតេយ្យ VOD ភ្នាក់ងារព័ត៌មានរ៉យទ័រ(Reuter) ភ្នាក់ងារព័ត៌មានអេភី(AP) គេហទំព័រខេមបូណូមីស គេហទំព័រថ្មីៗ និងខេមបូចាញូស៍ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យចូលយកព័ត៌មាន និងថតរូបនៅក្នុងព្រឹត្តិការណ៍នេះឡើយ។

ផ្ទុយទៅវិញ អ្នកសារព័ត៌មានដែលស្និតរដ្ឋាភិបាល ដូចជាFresh News ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍បាយ័ន និង ទូរទស្សន៍CNC  ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យយកព័ត៌មានក្នុងព្រឹត្តិការណ៍នេះ។

ខេមបូចា អះអាងថា ករណីនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មាន ដូចដែលមានចែងក្នុងមាត្រា៤១នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៥ នៃច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងបង្ហាញពីវិសមភាពរវាងអ្នកសារព័ត៌មានដែលមកពីស្ថាប័នផ្សេងៗគ្នា។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា ស្ថាប័នសារព័ត៌មាននីមួយៗ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានដល់អ្នកអាន អ្នកស្តាប់ និងអ្នកទស្សនាផ្សេងៗគ្នា។ លោកថា ពិសេសក្នុងស្ថានការដែលកម្ពុជាកំពុងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩។

លោកណុប វី ហៅការហាមឃាត់អ្នកសារព័ត៌មានពីការទទួលបានព័ត៌មានដោយសេរី គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។

សេរីភាពសារព័ត៌មាននៅកម្ពុជាកាលពីឆ្នាំ២០២០ ត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែនដាក់ក្នុងចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោម១៨០ប្រទេស ដែលថយចុះមួយលេខបើប្រៀបធៀបនឹងឆ្នាំ២០១៩ ហើយការធ្លាក់ចុះនេះកើតឡើងខ្លាំងចាប់តាំងពីចុងឆ្នាំ២០១៧មក ពោលគឺជាពេលដែលមានការបង្រ្កាបទៅលើសំឡេងប្រឆាំងឥតឈប់ឈរ ព្រមទាំងការធ្វើទុក្ខបុកម្នេញទៅលើស្ថាប័នសារព័ត៌មានឯករាជ្យកាន់តែខ្លាំង។

កាលពីថ្ងៃទី១ខែមីនា សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានលើកឡើងថា សេរីភាពសារព័ត៌មាន គឺជាគោលការណ៍ស្នូលនៅក្នុងសង្គមសេរី និងប្រជាធិបតេយ្យទាំងអស់។

សហរដ្ឋអាមេរិកអះអាងថា អ្នកសារព័ត៌មានគួរតែអាចធ្វើសេចក្តីរាយការណ៍ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬ បណ្តេញចេញពីប្រទេស។ លើសពីនេះ អ្នកសារព័ត៌មានគួរតែអាចចូលរួមបាននៅក្នុងការបណ្តុះបណ្តាលផ្នែកអាជីពវិជ្ជាជីវៈមួយនេះ ដោយគ្មានការរារាំងឬ ឧបសគ្គផងដែរ៕   

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស