31 C
Phnom Penh

អាជ្ញាធរខេត្តព្រះសីហនុ បន្តចុះរិតបន្តឹងពលរដ្ឋ មិនឲ្យចល័តចេញចូល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋរស់នៅខេត្តព្រះសីហនុ ឲ្យផ្អាកធ្វើដំណើរចល័តចេញ-ចូលពីខេត្តនេះ ចេញទៅកាន់បណ្តារាជធានីភ្នំពេញ និងខេត្តផ្សេងៗនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍កាន់តែធ្ងន់ធ្ងរ។

ចេញសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានប្រាប់ដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ, អ្នកបើករថយន្តឈ្នួល, អ្នកបើករថយន្តតាក់ស៊ី និងបងប្អូនពលរដ្ឋមានលំនៅដ្ឋានរស់នៅក្នុងខេត្តព្រះសីហនុ សូមអនុវត្តតាមការណែនាំមួយចំនួនរួមមាន៖

– ផ្អាកធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង, រថយន្តឈ្នួល, រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទ ចល័តចេញ-ចូលខេត្តព្រះសីហនុ មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចៀសវាង មានការឆ្លងរាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ទៅដល់ទីតាំងដ៏ទៃនាំឱ្យមានការពិបាកក្នុងការគ្រប់គ្រង។

– ចំពោះរថយន្តដឹកជញ្ជូនទំនិញ គឺនៅបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវកម្រិតចំនួនមនុស្សត្រឹម ០២នាក់ គឺអ្នកបើកបរម្នាក់ និងជំនួយការអ្នកបើកបរម្នាក់។

– ចំពោះពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ សូមផ្អាកការធ្វើដំណើរចេញ-ចូល ទៅ-មក រាជធានីភ្នំពេញ និងខេត្តផ្សេងៗមួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីឱ្យរដ្ឋបាលខេត្តគ្រប់គ្រងបាននូវអ្នកឆ្លងជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធជាមួយនឹងអ្នកជំងឺនេះ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័ក ឱ្យបានចប់សព្វគ្រប់សិន។

– សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្តុំច្រើនកុះករ ក្នុងករណីមិនចាំបាច់ ហើយត្រូវអនុវត្តការរស់នៅតាមបែបគន្លងថ្មី ដោយខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការរបស់ លោក ហ៊ុន សែន និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដូចជាត្រូវពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល និងកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ជាដើម។

រហូតមកទល់ពេលនេះ អាជ្ញាធររដ្ឋបាលស្រុកព្រៃនប់ ក៏បានពង្រាយកម្លាំងសមត្ថកិច្ចជំនាញ ដាក់តាមគោលដៅឆ្លងកាត់មួយចំនួន ក្នុងមូលដ្ឋាននេះ ដើម្បីត្រួតពិនិត្យច្រកចេញ-ចូលខេត្តព្រះសីហនុ នៅតាមគោលដៅផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ចំណុចត្រពាំងរពៅ ព្រំប្រទល់ខេត្តព្រះសីហនុ-ខេត្តកំពត។

ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនានេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន២៣នាក់បន្ថែមទៀត។ ហើយក្នុងចំណោមអ្នកឆ្លងជំងឺទាំង ២៣ករណីនេះ គឺសុទ្ធតែពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ភាគច្រើន រស់នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។

ក្រសួងសុខាភិបាល បញ្ជាក់ថា សរុបអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុង“ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានកើនដល់ ៤២៥នាក់។ ហើយថា អ្នកឆ្លងសរុប                 នៅទូទាំងប្រទេសកម្ពុជា មានចំនួន ៩៣២នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៤៤២នាក់។ ចំណែកអ្នកឆ្លងជំងឺកូវីដ-១៩ រស់នៅខេត្តព្រះសីហនុ ដែលក្រសួងសុខាភិបាលរកឃើញវិជ្ជមានថ្មីនៅថ្ងៃនេះ មានចំនួន០៥នាក់។ សរុបអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ មានចំនួន៨៥នាក់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស