ក្រុមបញ្ញវន្តនៅក្រៅប្រទេស សំដែងការសោកស្តាយចំពោះ រដ្ឋសភា និងរដ្ឋាភិបាល ឯកបក្ស កំពុងធ្វើច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមានការកម្រឹត វិន័យខ្លាំងពេកដល់ ពលរដ្ឋ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា មន្ត្រីរដ្ឋាភិបាលឯកបក្សរបស់គណបក្សកាន់អំណាចប្រឹងធ្វើរឿងគ្រប់យ៉ាងតាមតែបំណងរបស់លោក ហ៊ុន សែន ដែលជាការបង្ខំពលរដ្ឋគ្រប់មធ្យោបាយនូវអ្វីដែលគាត់ចង់បានតែប៉ុណ្ណោះ។
លោក អះអាងថា ច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ មិនខុសពីច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ដែលមានការកម្រឹតវិន័យយ៉ាងខ្លាំងដល់ពលរដ្ឋ ។ លោកបន្តថា ច្បាប់នេះក៏ជាឧបករណ៍មួយដើម្បីបម្រើមហិច្ឆតាយុទ្ធសាស្ត្រនយោបាយរបស់លោក ហ៊ុន សែន ដែលព្យាយាមរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋគ្រប់វិធីក្នុងអំឡុងវិបត្តិកូវីដ១៩ ។
ការអះអាងនេះធ្វើឡើងបន្ទាប់រដ្ឋសភាជាតិដែលដឹកនាំដោយគណបបក្សប្រជាជានកម្ពុជាបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅព្រឹកថ្ងៃសុក្រ នេះ។
សមាជិករដ្ឋសភារបស់គណបក្សកាន់អំណាចប្រចាំមណ្ឌលខេត្តកំពុងស្ពឺ លោក ហ៊ុន ម៉ានី ដែលជា កូនប្រុសរបស់លោក ហ៊ុន សែន បានសរសេរលើគណនីហ្វេសប៊ុករបស់លោក បន្ទាប់ពីរដ្ឋសភាអនុម័តច្បាប់នេះរួមភ្លាមៗថា ច្បាប់នេះ នឹងផ្តល់ឲ្យរដ្ឋាភិបាលនូវឧបករណ៍ដែលអាចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតចំពោះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
លោក បញ្ជាក់ថា កន្លងមក ពលរដ្ឋតែងតែមិនគោរពវិធានការរបស់រដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ ការគេចពីមណ្ឌលចត្តាឡីស័ក ការនាំមនុស្សគេចពីការធ្វើចត្តាឡីស័ក ក៏ដូចជាការមិនអនុវត្តតាមមន្រ្តីសុខាភិបាលជាដើម។
ទាក់ទិននឹងបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានពិន័យបុគ្គលិកសណ្ឋាគារម្នាក់ ជាប្រាក់ចំនួន២លានរៀល ដោយសារតែបរុសម្នាក់នោះមិនបានអនុវត្តន៍តាមការណែនាំរបស់មន្ទីរសុខាភិបាល ដែលបានចេញក្រៅធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ ក្នុងពេលធ្វើចត្តាឡីស័ក។
ការផាកពិន័យនេះធ្វើឡើងដោយផ្អែកលើអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕