28.4 C
Phnom Penh

ពួកយោធាភូមា ដកខ្លួនពីការប្រជែងយកអាសនៈនៅអង្គការសហប្រជាជាតិខណៈក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំពីសេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីបំផុតពួកយោធា បានសម្រេចបង់បោះចោលការប្រជែង យកតំណែង ឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិ ដោយសម្រេចដូរចិត្តឲ្យមន្រ្តីដែលខ្លួនបានតែងតាំងថ្មី លាលែងពីតំណែង ហើយរក្សា ឯកអគ្គរដ្ឋទូតចាស់ដែលត្រូវបានរដ្ឋាភិបាលយោធាបណ្ដេញចេញពីតំណែង នៅបន្តកាន់តំណែងជាតំណាងអចិន្ត្រៃយ៍របស់ភូមា ដដែល។

នេះបើតាមប្រភពពីអ្នកនាំពាក្យ អង្គការសហប្រជាជាតិ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia  នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា នេះ។

លោក Tin Maung Naing  ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតភូមាថ្មីដោយពួកយោធាអោយ ប្រចាំការនៅអង្គការសហប្រជាជាតិ ភ្លាមៗបន្ទាប់ពីលោក Kyaw Moe Tun ត្រូវបានពួកយោធាដកតំណែងដោយសារតែលោកប្រកាស ផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធា និងបានសន្យាថាចូលរួមស្ដារលទ្ធិប្រជាធិបតេយ្យ រួមទាំងរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ឡើងវិញ។

ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែមីនា អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វិន ឌូហ្សារិច បាននិយាយថា បេសកកម្មទូតភូមា បានផ្ញើលិខិតមួយច្បាប់ ដោយជូនដំណឹងថា លោក Tin Maung Naing បានដាក់លិខិតលាលែងពីតំណែង ដោយបញ្ជាក់ថា លោក Kyaw Moe Tun នៅតែបន្តកាន់តំណែងជា តំណាងអចិន្ត្រៃយ៍របស់ភូមា ប្រចាំអង្គការសហប្រជាជាតិដដែល។

តែបែបណាការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Tin Maung Naing មិនទាន់មានការបញ្ជាក់អ្វីឱ្យច្បាស់នៅឡើយទេ តែបានកើតឡើងបន្ទាប់ពី លោក Kyaw Moe Tun កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានផ្ញើលិខិតមួយច្បាប់ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយទទូចថារដ្ឋប្រហារនៅភូមា គឺជាទង្វើខុសច្បាប់ ហើយលោកក៏បានអះអាងបន្ថែមទៀតដែរថា រដ្ឋាភិបាលយោធាគ្មានសិទ្ធិអំណាចស្របច្បាប់ ដករូបលោកពីតំណែងនោះទេ។

អ្នកសង្កេតការណ៍ព្រមានថា របបរដ្ឋប្រហាររបស់ពួកយោធាភូមា នឹងមិនងាយទទួលបានភាពស្របច្បាប់នោះទេ គឺកុំថាឡើយនៅវេទិកា អឺរ៉ុបគឺនៅក្នុងតំបន់ ក៏ដូចនេះដែរព្រោះ សមាគមអាស៊ាន ភាគច្រើន ក៏មិនបានចាត់ទុករបបរដ្ឋប្រហាររបស់ពួកយោធា ជាតំណាងរដ្ឋដែលមានប្រជាធិបតេយ្យឡើយ។

ចាប់តាំងផ្ទុះបាតុកម្មប្រឆាំងរដ្ឋប្រហារ គឺមនុស្សស្លាប់ដោយបាញ់បង្ក្រាបពីសំណាក់ពួកយោធា បានកើនឡើង ៥៥នាក់ ហើយជាង ១ពាន់៧រយនាក់ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានអ្នកកាសែត ២៩នាក់ផងដែរ ។

ដោយការស្លាប់បាតុករកាន់តែកើនឡើង សហរដ្ឋអាមេរិក បានប្រកូកប្រកាសអោយមានការដាក់ទណ្ឌកម្មថែមទៀតលើរបបរដ្ឋប្រហារ។សម្រាប់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រទី៥ ខែមីនានេះ បានចាត់វិធានការថ្មីមួយទៀត ប្រឆាំងនឹងពួកយោធា។

ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺហាមឃាត់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនធំៗដែលគ្រប់គ្រងដោយយោធាភូមា ក្នុងការធ្វើពាណិកម្មលើទឹកដីអាមេរិក។

ចំណាត់ការថ្មីនេះ ធ្វើឡើង បន្ទាប់ពីកងកម្លាំងសន្តិសុខនិងពួកយោធាភូមា បានប្រើប្រាស់កាំក្លើងបាញ់ បង្រ្កាបយ៉ាងខ្លាំង ទៅលើក្រុមបាតុករដែលប្រឆាំងរបបរបស់ខ្លួន។

កាលពីខែកុម្ភៈក្រោយរដ្ឋប្រហារតែប៉ុន្មានថ្ងៃប៉ុណ្ណោះ  ប្រធានាធិបតី  អាមេរិក លោក ចូ បៃដិន បានដាក់ទណ្ឌកម្មលើមេដឹកនាំពួកយោធាភូមា គឺទៅលើក្រុមដែលពាក់ព័ន្ធ នឹងការទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ។ ទណ្ឌកម្មនោះ បានដាក់ទៅលើរដ្ឋមន្រ្តីការពារជាតិ និងក្រុមហ៊ុនចំនួន ០៣ ដែលរកស៊ីមុខជំនួញជួញរ៉ែត្បូង ។

មកទល់ពេលនេះ រដ្ឋាភិបាលអាមេរិកមិនទាន់បញ្ចេញ ទណ្ឌកម្មកម្រិតធ្ងន់បំផុតរបស់ខ្លួននៅឡើយទេ ប្រឆាំងនឹងយោធាភូមា ។

នៅថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ក្នុងបុរីញូវយ៉ក បានបើកកិច្ចប្រជុំពិសេសរបស់ខ្លួន តាមសំណើរបស់សមាជិកអចិន្ត្រៃយ៍ មួយគឺប្រទេសអង់គ្លេស ។

អ្នកជំនាញជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខ គួរតែដាក់ទណ្ឌកម្មអាវុធជាបន្ទាន់ ក្នុងកម្រិត សាកល ទៅលើយោធាភូមា។

លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកស្ថានការណ៍សិទ្ធិមនុស្សសម្រាប់ប្រទេសភូមា បានអំពាវនាវឲ្យអន្តរជាតិធ្វើសកម្មភាពជាបន្ទាន់ ហើយផ្តល់ការគាំទ្រដល់ប្រជាជនភូមា ដែលកំពុងព្យាយាមទាមទារអោយរស់ឡើងវិញនូវរបប ប្រជាធិបតេយ្យ។

តាមលោក Thomas Andrews ក្រុមប្រឹក្សាសន្តិសុខ គួរចាត់វិធានការក្ដៅ ទៅលើពួកយោធាភូមា អោយសមនឹងការប្រព្រឹត្តរបស់ពួកយោធាសម្លាប់ជនស៊ីវិល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស