29 C
Phnom Penh

មន្រ្តីគយអះអាងថា ស្ថាប័នគយស្ទើរជាក្លាយជាឋានសួគ៌របស់ក្រុមជនពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រភពពីមន្ត្រីកំពុងបម្រើការងារ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ  កម្ពុជា បានបន្តខ្សិបខ្សៀវ និងសួរដេញដោលគ្នាលើករណី លោក គុណ ញឹម ដែលគ្រប់អាយុ៦០ឆ្នាំ ត្រូវចូលនិវត្តន៍ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថ្មីៗនេះ ប៉ុន្តែបែរជាមិនត្រូវបាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឲ្យចូលនិវត្តន៍ ហើយអាចបន្តតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តរហូតមកដល់សព្វថ្ងៃនេះ?។

មន្ត្រីមួយចំនួន ដែលកំពុងបំរើការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ជាចម្ងល់ថា តើការអនុវត្តផ្ទុយពីច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល របស់បុគ្គល គុណ ញឹម តើវាជាកំហុស លោក គុណ ញឹម ខ្លួនឯង ឬក៏ជាកំហុស នៃការសុំគ្រលំជាប្រព័ន្ធ ដែលមាន លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកផ្តើមគំនិត និងកាងការពារ ជាពិសេសទៅទាញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមកប្រព្រឹត្តិកំហុសឆ្គង ជាមួយដែរ ចំពោះករណីដែល លោក គុណ ញឹម ត្រូវគ្រប់អាយុចូលនិវត្តន៍ទៅហើយ ប៉ុន្តែបែរជាអាចបន្តដឹកនាំជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតមកដល់ពេលនេះ?

ផ្តើមពីបញ្ហានេះ ប្រភពពីមន្ត្រីរាជការនៅអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានពោលបែបចំអកថា បើទាំងថ្នាក់ដឹកនាំប្រទេស និងថ្នាក់ដឹកនាំក្រសួងមួយចំនួន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មិនអនុវត្តច្បាប់ផង តើច្បាប់ទាំងឡាយ ដែលបានដាក់ឲ្យប្រើប្រាស់ នៅព្រះរាជាណាចក្រកម្ពុជា គឺដាក់សម្រាប់ឲ្យតែប្រជាពលរដ្ឋក្រីក្រ មន្ត្រីរាជការតូចតាច និងគ្មានបក្ខពួក ឬខ្នងបង្អែក ជាអ្នកអនុវត្តឬក៏បែបណា? ព្រោះសូម្បីតែ លោក អូន ព័ន្ធមុនីរ័ត្ន និងមន្ត្រីថ្នាក់ដឹកនាំមួយចំនួនទៀត បានឃុបឃិតគ្នារៀបចំផែនការជាប្រព័ន្ធ បង្កើតឲ្យមានអំពើពុករលួយ បក្ខពួកនិយម ដោយនគោរពច្បាប់ផងនោះ?។

ថ្មីៗនេះតាមប្រភពព័ត៌មានពី មន្ត្រីនៃរដ្ឋាភិបាលអូស្ត្រាលី ប្រាប់សារព័ត៌មាន The Cambodia Daily ដឹងថា មានក្រុមបក្ខពួក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ០៤នាក់បន្ថែម បានយកលុយទៅផ្ញើនៅប្រទេសអូស្ត្រាលី មានចំនួនប្រមាណជិត ៤០លានដុល្លារអាមេរិក នៅគ្រាប្រជាពលរដ្ឋកម្ពុជា កំពុងជួបវិបត្តិហិរញ្ញវត្ថុ បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយបែរជាមន្ត្រីៗជំនិតនឹង លោក ហ៊ុន សែន មានលុយរាប់សិបលានដុល្លារ យកទៅផ្ញើនៅប្រទេសអូស្ត្រាលីទៅវិញ។

ចំពោះករណីនេះ មន្ត្រីរាជការភាគច្រើនមានចម្ងល់ថា តើមន្ត្រីមួយចំនួនមានដូចជា៖ លោក អូន ព័នមុន្នីរ័ត្ន , លោក  ជា សុផារ៉ា, លោក គុណ ញឹម, លោក ឡាវ ម៉េងឃីន ជាដើមហ្នឹង មានទ្រព្យសម្បត្តិដ៏មហាសាលក្នុងម្នាក់ៗហ្នឹងតើបានលុយ និងសល់អចលនទ្រព្យរាប់ភ្លេចនៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាហ្នឹង តើបានមកពីណា? ហើយលុយ និងអចលនទ្រព្យទាំងអស់ហ្នឹង បានមកពីប្រាក់ខែ ឬពីមុខជំនួញជួញដូរស្របច្បាប់ ឬក៏បែបណា?   

យ៉ាងណាក៏ដោយចុះ ប្រភពអះអាងថា រាល់ថ្ងៃនេះ អ្វីដែលមន្ត្រីគយកំពុងធ្វើការងារនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនពេញចិត្ត ចំពោះទង្វើ របស់លោក គុណ ញឹម នោះគឺបុគ្គលរូបនេះ បានប្រព្រឹត្តអំពើពុករលួយពេញបន្ទុកនៅក្នុងស្ថាប័នមួយនេះ តាមរយៈការផ្លាស់ប្តូរប៉ុស្តិ៍ឈរជើង របស់មន្ត្រីនៅក្នុងអគ្គនាយកដ្ឋានគយ មានដូចជា៖ នៅប៉ុស្តិកំពង់សោម សម្រាប់កៅអីប្រធាន គឺលោក គុណ ញឹម បានតម្រូវឲ្យអ្នកចង់បានប៉ុស្តិ៍នេះ យកលុយទៅសូកឲ្យខ្លួនចន្លោះពី ១លាន ៥សែនដុល្លារ ទៅ ២លានដុល្លារអាមេរិក។

ចំណែក ប៉ុស្តិ៍ប៉ោយប៉ែត គឺត្រូវសូកលុយប្រមាណ ១លានដុល្លារអាមេរិក ហើយសម្រាប់តំណែងអនុប្រធានប៉ុស្តិ៍ គឺមានតម្លៃផ្សេង និងមន្ត្រីជាកូនចៅមានតម្លៃផ្សឹង ពោលគឺទៅតាមប៉ុស្តិ៍ ដែលសំខាន់ ឬមិនសូវសំខាន់ គឺត្រូវចំណាយលុយសូកលោក គុណ ញឹម ទាំងអស់ហ្នឹង។ សំណូកពុករលួយខាងលើនេះ មិនទាន់គិតពីលុយពុករលួយ តាមរយៈការត្រូវរ៉ូវគ្នា ជាមួយអាជីវករ ឬក្រុមហ៊ុននាំទំនិញចេញចូល ក៏ដូចជាការត្រូវរ៉ូវគ្នាអ្នកបច្ចេកទេសគយ ប្រចាំការនៅតាមប៉ុស្តិ៍នីមួយៗផងទេ?។

ប្រភពបញ្ជាក់ដដែលបញ្ជាក់ថា ប្រការដែលលោក គុណ ញឹម គ្រប់អាយុ ៦០ឆ្នាំ ត្រូវចូលនិវត្តន៍ ប៉ុន្តែបែរជាអាចបន្តតំណែងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជាបន្តទៀត ហើយបង្កើតឲ្យមានអំពើពុករលួយនៅក្នុងស្ថាប័ននេះ តាមទំនើងចិត្តដូចរាល់ថ្ងៃនេះ គឺទំនងជា លោក គុណ ញឹម អាងមានខ្នងបង្អែក លោក អូន ព័ន្ធមុន្នរ័ត្ន ជាអ្នកធានាការពារឲ្យគ្រប់រឿង គឺរាប់បញ្ចូលទាំងស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយជាដើម ជាថ្នូរចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ឬជួយការពារតំណែង ជាថ្នូរចែកប្រាក់ចំណូលពុករលួយ ដែលរកបាននោះចែកគ្នាស៊ី ទៅតាមតួនាទី របស់មេដឹកនាំក្នុងក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗ។

មន្ត្រីគយមួយចំនួន មានចម្ងល់ផងដែរថា តើសកម្មភាពកាងការពារឲ្យ លោក គុណ ញឹម នៅបន្តគ្រប់គ្រងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយខុសច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលខាងលើនេះ តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹងព័ត៌មាននេះដែរឬទេ? ឬមួយក៏បានត្រឹមស្តាប់របាយការណ៍ និងការរាយការណ៍ របស់លោក អូន ព័ន្ធមុនីរ័ត្ន ឬមួយក៏បានទទួលសំណូកពី លោក គុណ ញឹម ដែរ ទើប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វង្វេងស្មារតីភ្លេចយកច្បាប់មកអនុវត្ត ទោះបីដឹងថា ការកាងការពាររក្សាតំណែងជូន លោក គុណ ញឹម ត្រូវធ្វើឡើងដោយខុសច្បាប់ និងមានការរិះគន់ពីមន្ត្រីរាជការបែបណា ក៏ធ្វើមិនដឹងមិនឮនោះ?។

មន្ត្រីគយមួយចំនួនទៀត ដែលទំនងជាច្រណែន នឹងលោក គុណ ញឹម បានពោលចំអកថា ប្រសិនបើពួកគាត់ជា លោក គុណ ញឹម វិញ នឹងត្រូវលាឈប់ពីការងារ ឬតួនាទីតាមកាលកំណត់ត្រឹមអាយុ ៦០ឆ្នាំ ឲ្យស្របតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ពោលគឺត្រូវមានភាពក្លាហានដូច លោក ប៉ែន ស៊ីម៉ន អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ប៉ែន សំអាត អគ្គនាយករង លោក ហ៊ីវ គឹមហេង លោក ឯម ឃិនវរៈ លោក នួន ច័ន្ធរិទ្ធ លោក សៀង ឈុនទ្រី និងមន្ត្រីដទៃទៀត ដើម្បីចូលរួមអនុវត្តច្បាប់បានត្រឹមត្រូវធ្វើជាគំរូ។ ប៉ុន្តែចំពោះបុគ្គល គុណ ញឹម វិញ ហាក់គ្មានការខ្មាសអៀនអ្វីបន្តិចទេ ដូចពាក្យមួយឃ្លាដែលគេនិយមនិយាយតៗគ្នាថា «ឃើញកន្ទេលធំ បន្លំដេក»អញ្ចឹងដែរ។ ជាងនេះទៀត ទំនងជា លោក គុណ ញឹម ដែលមានការគាំទ្រជាប្រព័ន្ធតាមរយៈ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ហ៊ុន សែន ផងនោះ ទើបអាចបន្តតំណែង និងត្រូវបានថ្នាក់ដឹកនាំតម្លើងឋានៈកាន់តែខ្ពស់ថែមទៀត។

ប្រភពខ្លះអះអាងថា សព្វថ្ងៃនេះ ស្ថាប័នគយស្ទើរក្លាយទៅជាកន្លែង ពាលស៊ីពាលទៅហើយ មានន័យថា កូនចៅកឹបកេងប្រាក់ចំណូលពីអ្នកពាក់ព័ន្ធផ្សេងៗ ទៅតាមជំនាញរៀងៗខ្លួន គឺសន្សំទុកសូកលុយបន្តទៅឱ្យ លោក គុណ ញឹម ដើម្បីរក្សាតួនាទីនៅតាមប៉ុស្តិ៍ឈរជើងនីមួយៗ ហើយលោក គុណ ញឹម វិញជាអ្នកប្រមូលលុយធ្វើជាសេដ្ឋី ដោយតែងបានបញ្ជូនលុយសំណូកពុករលួយទាំងនោះ ទៅឲ្យប្រពន្ធកូន ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី ព្រមទាំងបានទិញផ្ទះវិឡាធំស្កឹមស្កៃ ដើម្បីផ្គាប់ចិត្តប្រពន្ធចុង ឬស្រីក្មេងៗរបស់គាត់ជាដើម។

យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបំភ្លឺជុំវិញបញ្ហា ដែលកើតមានឡើងនៅក្នុងអគ្គនាយកដ្ឋានគយ ក៏ដូចជាមូលហេតុអ្វី ដែលអាចរក្សាតំណែង លោក គុណ ញឹម ដែលគ្រប់អាយុចូលនិវត្តន៍ទៅហើយ បែរជាមិនដាក់ឲ្យចូលនិវត្តន៍ អាចបន្តដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយខុសច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលបែបនេះ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស