នាថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ឆ្នាំ២០២១នេះ អង្គការលីកាដូ បានជំរុញឱ្យមានការកែប្រែឱ្យកាន់តែប្រសើរឡើងនៃស្ថានភាពដ៏លំបាក បញ្ហាប្រឈមរបស់ស្រ្តី និងក្មេងស្រី ដែលត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារនានា ព្រោះមានលក្ខណៈចង្អៀតណែនខ្លាំងប្រកបដោយគ្រោះថ្នាក់ ។
ក្នុងអត្ថបទខ្លីរបស់ខ្លួននៅថ្ងៃច័ន្ទនេះ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានអះអាងថាក្នុងចំណោមស្រ្តីទាំងនេះ មានស្ត្រីជាអ្នកការពារសិទ្ធិមនុស្សដូចជា អ្នកស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ ឬសូ មេត្តា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ។
ស្រ្តីទាំងនេះ បានតស៊ូមិនខ្លាចនឿយហត់ ដើម្បីការពារសិទ្ធិរបស់អ្នកដទៃ ប៉ុន្តែពួកគេត្រូវបានចាប់ដាក់ពន្ធនាគារទៅវិញ ដែលនេះជាការព្យាយាមបញ្ឈប់ភាពសកម្មនិយមបែបអហិង្សារបស់ពួកគេ ។
ម្ដាយរបស់កញ្ញា ឡុង គន្ធា បានមានប្រសាសន៍ថាអ្នកស្រី “នៅតែគិតថា មិនដឹងថ្ងៃណាទេ កូនរបស់អ្នកស្រីបានមានសេរីភាពនឹងគេ”។ អ្នកស្រីបន្តថា “វាពិតជាពិបាកមែន ព្រោះពន្ធនាគារមានភាពចង្អៀតណាស់ ដោយសារអ្នកជាប់ឃុំកាន់តែច្រើន។
អង្គការលីកាដូ ថា សកម្មជនជាស្រ្តី គួរត្រូវបានលើកទឹកចិត្តឬគាំទ្រ មិនគួរជាប់ពន្ធនាគារនោះទេ។
កាលពីឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្តែងក្តីបារម្ភចំពោះស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនេះដែរ ដោយអ្នកជាប់ឃុំបច្ចុប្បន្នមានចំនួនជាង៣ម៉ឺននាក់។
លោកថា មូលហេតុដែលមានភាពចង្អៀតណែនភាគច្រើនអ្នកជាប់ឃុំពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងចំនួន២ភាគ៣នៃអ្នកជាប់នៅមិនទាន់កាត់ទោសនៅឡើយ ដោយជាការឃុំខ្លួនបណ្តោះអាសន្នប៉ុណ្ណោះ។
បញ្ហានេះ លោកស្នើឱ្យក្រសួងយុត្តិធម៌ពន្លឿននីតិវិធីកកស្ទះសំណុំរឿងនេះ ។ ក្រោយមកក្រសួងយុត្តិធម៌តាមរយៈរដ្ឋមន្ត្រីថ្មី បានបង្កើត គណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនេះដែរ ប៉ុន្តែមកទល់ពេលនេះបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ នៅតែមិនទាន់ប្រសើរនៅឡើយ៕